សេដ្ឋកិច្ច

លោក ជេហ្វ្រី ស៊ែក សេដ្ឋវិទូដ៏ល្បីល្បាញលើឆាកអន្តរជាតិ នឹងមកចែករំលែកបទពិសោធន៍ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនៅកម្ពុជា


លោក ជេហ្វ្រី ស៊ែក (Jeffrey Sachs) គឺជាប្រធានមជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍដោយចីរភាព នៃ សាកលវិទ្យាល័យកូឡុំប៊ី និង ជាប្រធានផ្នែកដោះស្រាយការអភិវឌ្ឍដោយចីរភាព ពិសេសជាងនេះទៅទៀត លោក ជេហ្វ្រី ស៊ែក ក៏ជាអ្នកសេដ្ឋវិទូអាមេរិក និងជាអ្នកជំនាញផ្នែកអភិវឌ្ឍន៍សកល និងជាសាស្ត្រាចារ្យ ផ្នែកសេដ្ឋកិច្ច ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅលើឆាកអន្តរជាតិផងដែរ។
លោក ជេហ្វ្រី ស៊ែក សេដ្ឋវិទូដ៏ល្បីល្បាញលើឆាកអន្តរជាតិ នឹងមកចែករំលែកបទពិសោធន៍ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនៅកម្ពុជា
ដោយ

លោកសាស្ត្រា ជេហ្វ្រី ស៊ែក ​នឹងមកចែករំលែក​បទពិសោធន៍លើជំនាញការអភិវឌ្ឍប្រកប​ដោយ​ចីរភាព និង ការអភិវឌ្ឍសេដ្ឋកិច្ច នៅក្នុងសិក្ខាសាលា​ស្តីអំពី « ភាពធន់នឹងអាកាសធាតុ និងការផ្លាស់ប្តូរថាមពល៖ បច្ច័យសម្រាប់កម្ពុជា» ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១១ ខែ មករាឆ្នាំ២០២៤។

សិក្ខាសាលាដ៏មានសារៈសំខាន់នេះ មានការរៀបចំឡើងដោយ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គម និង វប្បធម៌ ​នៃទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម​ វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការចូលរួម​ពីថ្នាក់ដឹកនាំមន្ត្រីរាជការមកពីក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងៗ អ្នកជំនាញ សិស្ស និស្សិត និង សិក្ខាកាមជាច្រើនរូបទៀត។

តើលោក ជេហ្វ្រី ស៊ែក ជានរណា?

លោក ជេហ្វ្រី ស៊ែក ជាសេដ្ឋវិទូ និងជាអ្នកជំនាញផ្នែកអភិវឌ្ឍន៍សកល​ដែលមានកេរ្តិ៍ឈ្មោះ​ល្បីសុសសាយ​​ក្នុងពិភពលោក។ បច្ចុប្បន្នលោក រស់​នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក​មាន​​វ័យ​៧០ឆ្នាំ ​គិត​មកទល់​នឹង​ឆ្នាំ​២០២៤ នេះ។ មិនត្រឹតែជា​សាស្រ្តាចារ្យ​ផ្នែកសេដ្ឋកិច្ចដែល​មាន​កេរ្ដិ៍​ឈ្មោះ​ល្បីល្បាញប៉ុណ្ណោះទេ ​​​លោក ជេហ្វ្រី ​ក៏​ជា​អ្នកនិពន្ធសៀវភៅ​ដែល​លក់ដាច់ជាងគេបំផុត និងជាអ្នកអប់រំប្រកបដោយភាពច្នៃប្រឌិត​ខ្ពស់ និង​ជា​អ្នក​ឈានមុខគេ​ក្នុង​ពិភព​លោក​​ខាងការអភិវឌ្ឍប្រកបដោយនិរន្តរភាព​ផង​ដែរ។

លោក ជេហ្វ្រី ស៊ែក ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថា ជា​បុគ្គល​ដែល​មាន​ទេព​កោសល្យ​ខ្ពស់ ​​ពូកែខាងរៀបចំយុទ្ធសាស្រ្តច្បាស់លាស់ និងមានប្រសិទ្ធភាព​ក្នុងការដោះស្រាយ​​បញ្ហាប្រឈមដ៏ស្មុគស្មាញ​នានា​​រួមទាំងវិបត្តិបំណុល អតិផរណាធ្ងន់ធ្ងរ ការផ្លាស់ប្តូរពីការធ្វើផែនការ​របស់​រដ្ឋាភិបាលថ្នាក់​​កណ្តាល​​​ឆ្ពោះទៅ​រកសេដ្ឋកិច្ច​ទីផ្សារសេរី ការគ្រប់គ្រងជំងឺអេដស៍ ជំងឺគ្រុនចាញ់ និងជំងឺផ្សេងៗទៀត ការគេច​ចេញពីភាពក្រីក្រខ្លាំង និងការប្រយុទ្ធ​ប្រឆាំងបម្រែបម្រួលអាកាសធាតុ​ដែល​បង្កឡើងដោយ​មនុស្ស​ផង​ដែរ។

លោក ជេហ្វ្រី ស៊ែក មានតួនាទី​ជានាយកមជ្ឈមណ្ឌល​សម្រាប់ការអភិវឌ្ឍ​ប្រកបដោយនិរន្តរភាព នៃសកលវិទ្យាល័យកូឡុំប៊ី។ លោកក៏ជាប្រធាន​អង្គការបណ្តាញដំណោះស្រាយអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព​របស់​​អង្គការ​សហប្រជាជាតិ ជាស្នងការនៃគណៈកម្មការ​ផ្សព្វ​ផ្សាយសម្រាប់​ការអភិវឌ្ឍន៍​របស់​អង្គការ​សហប្រជាជាតិ និងជាអ្នកតស៊ូមតិ​​ផ្នែកគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព សម្រាប់អគ្គលេខាធិការ​​​នៃ​អង្គការ​សហប្រជាជាតិ​ លោក អង់តូនីញ៉ូ ហ្គុយតេរេស ផង​ដែរ។

ចាប់ពីឆ្នាំ២០០១ ដល់​ឆ្នាំ២០១៨ លោក ស៊ែក បានធ្វើជាទីប្រឹក្សាពិសេសរបស់​អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជាជាតិ លោក កូហ្វី អាណាន់ (ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៧) លោក បានគីមូន (ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៦) និង ​លោក អង់តូនីញ៉ូហ្គុយតេរេស (ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៨)។

លោក ជែហ្វ្រី ស៊ែក បានទទួលពានរង្វាន់ Blue Planet Prize នៅឆ្នាំ២០១៥ ដែលជាពានរង្វាន់ពិភពលោក​ឈានមុខគេសម្រាប់ភាពជាអ្នកដឹកនាំខាងបរិស្ថាន ហើយលោក​បាន​ជាប់ឈ្មោះពីរដងក្នុងចំណោមមេដឹកនាំពិភពលោក ដែលមានឥទ្ធិពលបំផុត​ទាំង១០០រូប​របស់ទស្សនាវដ្តី Time និងបានទទួលសញ្ញាបត្រកិត្តិយសចំនួន៣៤​ផងដែរ។ សារព័ត៌មាន The New York Times បាន​ផ្ដល់​ប្រសិទ្ធនាម​ដល់​​ លោក Jeffrey Sachs ថាជា “សេដ្ឋវិទូដ៏សំខាន់បំផុតក្នុងពិភពលោក” ខណៈទស្សនា​វដ្តីដ៏ល្បីល្បាញដែលមានឈ្មោះថា Time បានហៅលោក ស៊ែក ថាជា “សេដ្ឋកិច្ចវិទូដ៏ល្បីបំផុតរបស់ពិភពលោក”។ ទន្ទឹមនឹងនេះដែរ ការស្ទង់មតិរបស់កាសែតដ៏ល្បីល្បាញរបស់អង់គ្លេស The Economist បានដាក់ចំណាត់​ថ្នាក់​លោក​ Jeffrey Sachs ថាស្ថិត​ក្នុង​ចំណោម​សេដ្ឋវិទូ​​​ ដែលមាន​ឥទ្ធិពល​បំផុត​ក្នុងពិភពលោក។

នៅមុនពេលចូល​បម្រើ​ការងារ​នៅសកលវិទ្យាល័យកូឡុំប៊ី លោក ស៊ែក បាន​ចំណាយពេលជាង ​២០ឆ្នាំធ្វើ​ជាសាស្រ្តាចារ្យនៅសកលវិទ្យាល័យហាវើដ (Harvard University) ហើយថ្មីៗនេះលោក​​ទទួល​បាន​ងារជាសាស្រ្តាចារ្យ Galen L. Stone ផ្នែកពាណិជ្ជកម្មអន្តរជាតិ។ លោក ស៊ែក បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) និងថ្នាក់បណ្ឌិតនៅសកលវិទ្យាល័យហាវើដ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្ដេច ហ៊ុន ម៉ាណែត ក្រើនរំលឹកឱ្យរដ្ឋមន្រ្តីក្រសួងការងារប្រើប្រាស់ថវិកាជាតិ ឱ្យមានប្រសិទ្ធភាពលើការងារបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ

ព័ត៌មាន
កម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ដែលជាគោលនយោបាយ ជួយដល់យុវជនស្ថិតក្នុងគ្រួសារមានជីវភាពក្រីក្រចំនួន១លាន៥សែននាក់ កំពុងទទួលបាន…

តើអ្នកជំនាញក្នុងវិស័យឧស្សាហកម្មមានការយល់ឃើញបែបណាចំពោះស្ថានភាពវិស័យកាត់ដេរនៅកម្ពុជាក្នុងឆ្នាំ២០២៤?

ព័ត៌មាន
ក្រុមអ្នកជំនាញនៅក្នុងវិស័យឧស្សាកម្មកត់សម្គាល់ឃើញថា នៅដើមឆ្នាំ២០២៤ នេះ វិស័យកាត់ដេរ វាយនភណ្ឌរបស់កម្ពុជា ហាក់បង្ហាញសញ្ញាណវិជ្ជមានគួរឱ្យកត់ស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ