មកទល់ពេលនេះសហគ្រាសទាំងនោះបានត្រៀមលក្ខណៈរួចរាល់ហើយ ទាំងសមត្ថភាពផលិត និងបច្ចេកទេសស្របតាមស្តង់ដាសុវត្ថិភាព និងអនាម័យ ដើម្បីនាំចេញផលិតជលផលកម្ពុជាទៅទីផ្សារអឺរ៉ុប ខណៈបច្ចុប្បន្នកម្ពុជាកំពុងរង់ចាំការចុះវាយតម្លៃពីអគ្គនាយកដ្ឋានសុខភាព និងសុវត្ថិភាពរបស់សហភាពអឺរ៉ុប ដើម្បីអនុញ្ញាតឱ្យនាំចេញតែប៉ុណ្ណោះ។
លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា សហគ្រាសជលផលដែលទទួលបានការគាំទ្រពីគម្រោង CAPFISH-Capture បានត្រៀមលក្ខណៈរួចរាល់ហើយក្នុងការនាំចេញផលិតផលជលផលរបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប បន្ទាប់ពីជោគជ័យលើការនាំចេញទៅកាន់ទីផ្សារប្រទេសអូស្រ្តាលី កាលពីពេលកន្លងទៅ។ តួយ៉ាងបច្ចុប្បន្នសហគ្រាសចំនួន១៧ ដែលទទួលបាននិមិត្តសញ្ញាគុណភាពផលិតផលជលផលកម្ពុជា (CQS) តាមរយៈគម្រោង CAPFISH-Capture បានត្រៀមខ្លួនរួចជាស្រេចទាំងសមត្ថភាពផលិត និងបច្ចេកទេសស្របតាមស្តង់ដារសុវត្ថិភាព និងអនាម័យក្នុងការផលិតសម្រាប់នាំចេញ។
បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ បច្ចុប្បន្នកម្ពុជាកំពុងរង់ចាំអគ្គនាយកដ្ឋានសុខភាព និងសុវត្ថិភាពរបស់សហភាពអឺរ៉ុប ដើម្បីវាយតម្លៃចំពោះសហគ្រាសទាំងនោះ ហើយប្រសិនការវាយតម្លៃនេះគោរពទៅតាមស្តង់ដារសុវត្ថិភាពម្ហូបអាហាររបស់សហភាពអឺរ៉ុបនោះ កម្ពុជានឹងអាចនាំផលិតផលជលផលទៅទីផ្សារអឺរ៉ុប។
លោកជំទាវ អ៊ឹម រចនា បានគូសបញ្ជាក់ដែរថា ការទទួលសម្គាល់ និងអនុញ្ញាតឱ្យមានការនាំចេញផលិតផលជលផលរបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុបនេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការបើកផ្លូវនាំចេញរបស់កម្ពុជាទៅកាន់ពិភាពលោក ពោលគឺប្រៀបដូចទិដ្ឋាការសកលសម្រាប់នាំចេញផលិតផលជលផលមួយរបស់កម្ពុជា។ ហើយក្រសួងកសិកម្ម ក៏បាននិងកំពុងសហការជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបំពេញនីតិវិធីចាំបាច់នានា ដើម្បីឈានឆ្ពោះទៅសម្រេចការនាំចេញទៅកាន់ទីផ្សារអឺរ៉ុបនេះផងដែរ៕