
ទន្ទឹមនេះ កម្ពុជាបានប្តេជ្ញាចិត្តដោយឥតងាករេក្នុងការបន្តកិច្ចសហការយ៉ាងរឹងមាំជាមួយបណ្តាដៃគូអាស៊ាន និងចិន ដើម្បីធានាការអនុវត្តតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ៣.០ ប្រកបដោយប្រសិទ្ធភាព និងទាញយកសក្តានុពលឱ្យបានពេញលេញ។
នាពិធីសម្ពោធបើកពិព័រណ៍ចិន-អាស៊ានលើកទី២២ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ស្ថិតក្នុងយុគសម័យនៃនវានុវត្តន៍ឌីជីថល ដែលមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស នៃបញ្ញាសិប្បនិមិត្ត (AI) ស្របជាមួយនឹងការកើនឡើងនៃភាពមិនប្រាកដប្រជានៃស្ថានភាពភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច ព្រមទាំងហានិភ័យ នៃការបែកបាក់ជាសកល ប្រធានបទឆ្នាំនេះ«បញ្ញា និងនវានុវត្តន៍ឌីជីថលជួយជំរុញការអភិវឌ្ឍ-ការប្រើប្រាស់កាលានុវត្តភាពថ្មីៗនៃតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ៣.០ ដើម្បីកសាងសហគមន៍ចិន-អាស៊ាន ដែលកាន់តែជិតស្និទ្ធ និងមានអនាគតរួម» គឺពិតជាសមស្រប និងត្រូវចំកាលៈទេសៈ។
ជាមួយគ្នានេះ ឯកឧត្តម បានចាត់ទុកតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ៣.០ (ACFTA 3.0) គឺជាការបើកទំព័រថ្មីក្នុងភាពជាដៃគូសេដ្ឋកិច្ចក្នុងតំបន់ ខណៈពេលដែលប្រព័ន្ធពាណិជ្ជកម្មពិភពលោកប្រឈមមុខនឹងការបែកខ្ញែក និងការកើនឡើងនូវនិន្នាការគាំពារនិយមកាន់តែខ្លាំង។ យ៉ាងណាមិញ ក្របខណ្ឌដែលបានដំឡើងកម្រិតនេះ ផ្តល់នូវកាលានុវត្តភាពយ៉ាងទូលំទូលាយដល់ធុរកិច្ច និងប្រជាជនទាំងអស់តាមរយៈការពង្រីកទីផ្សារ និងការបង្កើតលំហថ្មីៗបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យ ដែលមានសក្តានុពល ជាពិសេសលើកកម្ពស់ការផ្តល់តម្លៃបន្ថែមលើសេដ្ឋកិច្ចឌីជីថល, សេដ្ឋកិច្ចបៃតង, ការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ និងការសម្របសម្រួលផ្នែកពាណិជ្ជកម្ម។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ក្របខ័ណ្ឌនេះក៏ឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីគោលដៅរួមគ្នា ក្នុងការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដោយបើកចំហ យុត្តិធម៌ និងផ្អែកលើច្បាប់ ហើយកម្ពុជាប្តេជ្ញាចិត្តដោយឥតងាករេ ក្នុងការបន្តកិច្ចសហការយ៉ាងរឹងមាំជាមួយបណ្តាដៃគូអាស៊ាន និងប្រទេសចិន ដើម្បីធានាការអនុវត្ត តំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ៣.០ ប្រកបដោយប្រសិទ្ធភាព ក៏ដូចជាដើម្បីទាញយកសក្តានុពលពេញលេញនៃតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ៣.០ សម្រាប់ជាប្រយោជន៍ក្នុងតំបន់។
ជាមួយគ្នានេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសរំលេចដែរថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយផ្តល់អាទិភាពលើ«បច្ចេកវិទ្យាឌីជីថល» ជាអាទិភាពគន្លឹះថ្មីមួយ និងបានដាក់ចេញនូវ«ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល» ជារបៀបវារៈគោលនយោបាយស្នូលដ៏សំខាន់។ តួយ៉ាង ច្បាប់ស្ដីពីវិនិយោគកម្ពុជាផ្តល់អាទិភាពខ្ពស់បំផុតក្នុងវិស័យឧស្សាហកម្ម និងវិស័យពាក់ព័ន្ធនានា តាមរយៈការផ្តល់នូវការលើកទឹកចិត្តដែលមានភាពទាក់ទាញ និងភាពប្រកួតប្រជែង ដើម្បីជំរុញកំណើនឧស្សាហកម្មដែលមានបច្ចេកវិទ្យាខ្ពស់ និងវិស័យឌីជីថល។
ទន្ទឹមនេះ កម្ពុជាក៏បានចាប់យកនូវបញ្ញាឌីជីថល ជាពិសេសបញ្ញាសិប្បនិមិត្ត (AI) ដែលឥទ្ធិពលរបស់វាលាតសន្ធឹងហួសពីវិស័យបច្ចេកវិទ្យា ដើម្បីធ្វើបរិវត្តកម្មសង្គម និងសេដ្ឋកិច្ចទាំងមូលតាមរយៈការវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់លើហេដ្ឋារចនាសម្ព័ន្ធរឹង ដូចជាការអភិវឌ្ឍមជ្ឈមណ្ឌលទិន្នន័យជាតិ, ការពង្រីកបណ្តាញខ្សែកាបអុបទិក, និងការត្រៀមរៀបចំសម្រាប់ការដាក់ឱ្យដំណើរការសេវាកម្ម 5G ។ ក្នុងន័យនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានលើកទឹកចិត្តយ៉ាងមុតមាំចំពោះវិនិយោគិនទាំងអស់ ឱ្យចាប់យកកាលានុវត្តភាពទាំងអស់នេះជាមួយកម្ពុជា ដើម្បីអាចដើរតួនាទីនៅក្នុងការកសាងសង្គមឌីជីថលកម្ពុជាមួយដ៏ទំនើប៕
អត្ថបទ ខេមបូណូមីស, រូបភាពឯកសារ