
តើអ្នកជំនាញមានការយល់ឃើញបែបណា ចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលកម្ពុជាយកបញ្ហាជម្លោះព្រំដែនជាថៃប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ?
លោក មាជ សុវណ្ណរ៉ា ប្រធានគណបក្សជំនាន់ថ្មី បានបង្ហាញការគាំទ្រចំពោះការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលក្នុងការយកបញ្ហាជម្លោះព្រំដែនជាមួយថៃទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ និងបានចាត់ទុកការសម្រេចចិត្តនេះថា ជារឿងត្រឹមត្រូវស្របតាមច្បាប់អន្តរជាតិ។ ប្រធានគណបក្សរូបនេះ បានចាត់ទុកការប្រើយន្តការតុលាការអន្តរជាតិក្នុងការដោះស្រាយជម្លោះព្រំដែនដ៏រ៉ាំរ៉ៃនេះថា ជាការបង្ហាញឱ្យឃើញពីភាពត្រឹមត្រូវរបស់កម្ពុជា ដែលគ្មានបំណងរំលោភអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសជិតខាង និងបានបង្ហាញពីចេតនារបស់កម្ពុជាក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន ដែលរងការឈ្លានពានពីប្រទេសដទៃ។
ដោយឡែកលោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជាយល់ឃើញថា ការសម្រេចចិត្តរបស់រដ្ឋាភិបាល គឺជាយន្តការដ៏ល្អក្នុងការនាំយកបញ្ហាព្រំដែនជាមួយថៃទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ បើតាមអ្នកជំនាញភូមិសាស្រ្តនយោបាយរូបនេះ កម្ពុជាមានមូលដ្ឋានគ្រប់គ្រាន់កម្រិតអន្តរជាតិ សម្រាប់ការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន។ ស្ថិតក្នុងស្ថានភាពនេះអ្នកជំនាញរូបនេះយល់ឃើញថា កម្ពុជាត្រូវពង្រឹងកងកម្លាំងនិងមានសាមគ្គីភាពផ្ទៃក្នុង ដើម្បីការពារអធិបតេយ្យនិងបូរណភាពទឹកដី។
ជាមួយគ្នានេះលោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពបានគាំទ្រចំពោះចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា និងបានចាត់ទុកការសម្រេចចិត្តប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិថា នឹងធ្វើឱ្យប្រទេសថៃលែងមានលេសក្នុងការបង្កបញ្ហាតាមព្រំដែនបន្តទៀត ខណៈកម្ពុជាមានឯកសារច្បាស់លាស់ និងមានប្រៀបជាងប្រទេសថៃ។ ជាមួយគ្នានេះ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាពជឿជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងមានវិធីដោះស្រាយបន្ថែមទៀត ដើម្បីបញ្ចប់បញ្ហាចម្រូងចម្រាសជាមួយថៃ កុំឱ្យកើតឡើងបន្តទៀត។
ពាក់ព័ន្ធនឹងបញ្ហាចម្រូងចម្រាសតាមខ្សែបន្ទាត់ព្រំដែនជាមួយប្រទេសថៃនេះដែរ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានគូសបញ្ជាក់ថា ប្រសិនបើមិនមានការកាត់ក្ដីពីតុលាការយុត្តិធម៌អន្តរជាតិទេ នោះតំបន់ដែលកំពុងចម្រូងចម្រាសនេះអាចនឹងដូចតំបន់ហ្គាហ្សា ដែលមានភាពតានតឹងរវាងអ៊ីស្រាអែលជាមួយប៉ាឡេស្ទីន។ ទន្ទឹមនេះ សម្ដេចតេជោ បានគូសបញ្ជាក់ថា ទោះបីកម្ពុជាប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិក៏ដោយ ក៏កម្ពុជា មិនបោះបង់យន្តការក្នុងការចរចាជាមួយភាគីថៃនោះដែរ ហើយគណៈកម្មការកិច្ចការព្រំដែននៅតែបន្តស្វែងរក និងបោះបង្គោលដែលនៅសេសសល់បន្ថែមទៀត។
ជាមួយគ្នានេះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានគូសបញ្ជាក់ពីគោលជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយសន្តិវិធីតាមរយៈការប្រើប្រាស់យន្តការបច្ចេកទេស និងច្បាប់អន្តរជាតិជាគោល ដោយបានបញ្ជាឲ្យរៀបចំកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ (JBC) ជាមួយភាគីថៃ ដើម្បីដោះស្រាយបញ្ហាព្រំដែន និងបន្តការងារវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ និងត្រៀមដាក់ចូលក្នុងរបៀបវារៈសម្រាប់កិច្ចប្រជុំ JBC ពាក់ព័ន្ធនឹងការយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ បើទោះជាកម្ពុជា ព្យាយាមដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមយន្តការបច្ចេកទេស និងច្បាប់អន្តរជាតិ ក៏ដោយ តែសម្ដេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ពីការរក្សាសិទ្ធិក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន តាមគ្រប់មធ្យោបាយរួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ក្នុងករណីមានការព្យាយាមឈ្លានពានបូរណភាពទឹកដីកម្ពុជា ដោយប្រើប្រាស់កម្លាំងកងទ័ព៕
អត្ថបទ៖ បូ ដូឡា,រូបភព ឯកសារ