លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា ចាត់ទុកការបង្កើតប្រព័ន្ធCambodia e-Arrival គឺជាការធ្វើទំនើបកម្មមួយនៃវិស័យអាការចរណ៍របស់កម្ពុជា ដែលបណ្ដាប្រទេសជឿនលឿនបាននិងកំពុងអនុវត្ត ហើយតាមរយៈប្រព័ន្ធនេះវានឹងជួយសម្រួលដល់ការបំពេញឯកសារស្នើសុំទិដ្ឋាការចេញចូលប្រទេសកម្ពុជារបស់អ្នកដំណើរ និងវិនិយោគិនឱ្យមានភាពងាយស្រួល និងរហ័សជាងមុន។
ប្រព័ន្ធបច្ចេកវិទ្យានេះ ក៏ជាផ្នែកមួយជួយបង្កើនភាពទាក់ទាញសម្រាប់កម្ពុជា ផងដែរ។
សូមបញ្ជាក់ថា ប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចេញចូលប្រទេសកម្ពុជា ឬហៅថា Cambodia e-Arrival នឹងត្រូវដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ខាងមុខ។
ប្រព័ន្ធបច្ចេកវិទ្យានេះ គឺជាប្រព័ន្ធមួយជួយកាត់បន្ថយពេលវេលាបំពេញបែបបទចេញ និងចូលរបស់អ្នកដំណើរ តាមរយៈការសម្រួលឱ្យពួកគេអាចឆ្លងកាត់ការបំពេញបែបបទអន្តោប្រវេសន្ត៍បានយ៉ាងឆាប់រហ័ស និងមានភាពងាយស្រួល៕
អត្ថបទ៖ បូ ដូឡា