ដំណាំកៅស៊ូ

កម្ពុជា រកចំណូលបានជាង៤៦៨លានដុល្លារពីការលក់កៅស៊ូនៅ៨ខែ ឆ្នាំនេះ កើនឡើងជាង៤០%


ទោះបីស្ថានភាពសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជាយ៉ាងណាក្តី តែទីផ្សារលក់ជ័រកៅស៊ូរបស់កម្ពុជា នៅឆ្នាំនេះ នៅតែរក្សាបានកំណើនវិជ្ជមានគួរឱ្យកត់សម្គាល់។ តួយ៉ាងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ នៅក្នុងរយៈពេល៨ខែកន្លងមកនេះ កម្ពុជា រកចំណូលបានជាង៤៦៨លានដុល្លារពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូទៅកាន់ទីផ្សារអន្តរជាតិ និងការផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុក ដោយបានកើនឡើងជាង៤០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ដំណាំកៅស៊ូ
ដោយ

លោក ម៉ែន សុភក្តិ ប្រធានសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា កត់សម្គាល់ឃើញថា បើទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្នស្ថិតក្នុងភាពមិនប្រាកដប្រជា ដោយសារឥទ្ធិពលនៃបញ្ហាសម្ពាធពន្ធគយរបស់សហរដ្ឋអាម៉េរិកក្តី ប៉ុន្តែបញ្ហានេះមិនបានជះផលប៉ះពាល់ដល់ទីផ្សារកៅស៊ូរបស់កម្ពុជា នោះទេ ពោលគឺទាំងតម្លៃ និងបរិមាណនាំចេញកៅស៊ូរបស់កម្ពុជា នៅរយៈពេល៨ខែកន្លងមកនេះ នៅតែទទួលបានកំណើនវិជ្ជមានជាបន្តបន្ទាប់។ យ៉ាងណាមិញ ក្រោយឧស្សាហកម្មផលិតសំបកកង់រថយន្តនៅកម្ពុជា បានបើកដំណើរការជាបន្តបន្ទាប់ អ្នកជំនាញរូបនេះ អះអាងថា គឺបានជួយស្រូបទាញទិន្នផលកៅស៊ូក្នុងស្រុកបានមួយចំណែកធំ និងជួយជំរុញតម្លៃកៅស៊ូនៅកម្ពុជា ឱ្យកាន់តែមានភាពល្អប្រសើរផងដែរ ពោលគឺបច្ចុប្បន្នទិន្ននេះផលជ័រកៅស៊ូប្រមាណ៣០% ទៅ៤០% ត្រូវបានផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុក។

​បើតាមការបញ្ជាក់របស់លោក ឃុន កក្កដា អគ្គនាយកស្ដីទីនៃអគ្គនាយកដ្ឋានកៅស៊ូ បានឱ្យដឹងថា ការគ្រប់គ្រង ប្រមូលផល កែច្នៃ និងធុរកិច្ចនៅតាមបណ្ដាក្រុមហ៊ុនចម្ការកៅស៊ូ និងកៅស៊ូគ្រួសារមិនមានការប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេ គិតមកទល់ពេលនេះ ពោលគឺនៅដំណើរការជាធម្មតា។ តួយ៉ាង នៅក្នុងរយៈពេល៨ខែឆ្នាំ២០២៥នេះ កម្ពុជា រកចំណូលបានជាង៤៦៨លានលានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូទៅកាន់ទីផ្សារអន្តរជាតិ និងការស្រូបទាញពីតម្រូវការប្រើប្រាស់ក្នុងស្រុក ដោយមានការកើនឡើងប្រមាណជាង៤០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះចំណូលពីការនាំចេញជ័រកៅស៊ូមានចំនួនជាង៣២៨លានដុល្លារ ក្រោយនាំចេញបានជាង១៨ម៉ឺនតោន ខណៈចំណូលពីការលក់ជ័រកៅស៊ូក្នុងស្រុកមានជាង១៣៦លានដុល្លារជាមួយបរិមាណជ័រកៅស៊ូជាង៧ម៉ឺន៥ពាន់តោន និងចំណូលពីការនាំចេញឈើកៅស៊ូជាង២,៩លានដុល្លារជាមួយបរិមាណជាង១ម៉ឺន២ពាន់ម៉ែត្រគូប។ តម្លៃលក់ជ័រកៅស៊ូជាមធ្យមនៅក្នុងរយៈពេល៨ខែឆ្នាំ២០២៥នេះ អាចលក់បានជិត១ពាន់៨រយដុល្លារក្នុង១តោន កើនឡើងចំនួន២២០ដុល្លារក្នុង១តោន បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែលមានតម្លៃជាមធ្យមប្រមាណជាង១ពាន់៥រយដុល្លារក្នុង១តោន។

គួរជម្រាបថា គិតមកទល់ពេលនេះ កម្ពុជា មានផ្ទៃដីដាំកៅស៊ូសរុបជាង៤២ម៉ឺនហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួនជាង៣៣ម៉ឺនហិកតា ស្មើនឹង៧៨% និងផ្ទៃដីថែទាំមានចំនួនជាង៩ម៉ឺន៥ពាន់ហិកតាស្មើនឹង២២%។ ជាមួយគ្នានេះ ផ្ទៃដីកៅស៊ូវិនិយោគមានចំនួន៤ម៉ឺន៧ពាន់ហិកតា ស្មើនឹង១១% ផ្ទៃដីកៅស៊ូសម្បទានដីសេដ្ឋកិច្ចមានចំនួនជាង១៧ម៉ឺនហិកតា ស្មើនឹង៤១% និងផ្ទៃដីកៅស៊ូគ្រួសារមានចំនួនជាង២០ម៉ឺនហិកតា ស្មើនឹង៤៨%៕




អត្ថបទបន្ទាប់


SDF ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបង្កើនឱកាសការងារឱ្យបានកាន់តែច្រើនជូនបងប្អូនដែលទើបត្រឡប់ពីក្រៅប្រទេស តាមរយៈកម្មវិធីថ្មី “ជំនាញខ្ញុំ ការងារខ្ញុំ”

រាជរដ្ឋាភិបាលកម្ពុជា កំពុងគាំទ្រយ៉ាងពេញទំហឹងដល់បងប្អូនដែលទើបត្រឡប់ពីក្រៅប្រទេស ក្នុងការផ្ដល់ឱ្យមានការងារសមរម្យមួយក្នុងស្រុកដើម្បីរក្សាបាននូ…

គ្រាប់ស្វាយចន្ទីរកម្ពុជា ទទួលបានការចាប់អារម្មណ៍កាន់តែច្រើនពីឈ្មួញ និងក្រុមហ៊ុនបរទេស

ការប្រមូលផលគ្រាប់ស្វាយចន្ទីនៅក្នុងឆ្នាំ២០២៥ បានបិទបញ្ចប់កាលពីពេលថ្មីៗ ហើយមានកសិករមួយចំនួនបានលក់គ្រាប់ស្វាយចន្ទីស្រស់អស់ តែក៏មានមួយចំនួនទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ