ក្រសួងពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា នៅក្នុងរយៈពេល២០ឆ្នាំ នៃការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) កម្ពុជា ទទួលបានផលប្រយោជន៍ដ៏ធំសម្បើម ពាក់ព័ន្ធនឹងពាណិជ្ជកម្ម ដែលបានគាំទ្រដល់កំណើនសេដ្ឋកិច្ច និងសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចសកល។ ជាក់ស្តែង កម្ពុជាទទួលបានច្រកចូលទីផ្សារអន្តរជាតិ ល្អប្រសើរ តាមរយៈគោលការណ៍ប្រជាជាតិ អនុគ្រោះបំផុត ពោលគឺសមាជិកអង្គការ WTO ដទៃទៀត ត្រូវតែផ្តល់ឱ្យកម្ពុជា នូវផលប្រយោជន៍ពាណិជ្ជកម្មដូចគ្នា ដូចជាការកាត់បន្ថយពន្ធគយ ដែលពួកគេបានផ្តល់ទៅឱ្យប្រទេសសមាជិកផ្សេងទៀត។
ជាមួយគ្នានេះ តាមរយៈការចូលជាសមាជិកអង្គការ WTO កម្ពុជា បានធ្វើកំណែទម្រង់គោលនយោបាយពាណិជ្ជកម្ម ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដោយស្របទៅតាមការប្តេជ្ញាចិត្តនៅក្រោមអង្គការ WTO។ តួយ៉ាង រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តច្បាប់ និងវិសោធនកម្មច្បាប់ពាក់ព័ន្ធពាណិជ្ជកម្មជាច្រើន រួមមានច្បាប់ស្ដីពីវិធានដើមកំណើតទំនិញ ច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ច្បាប់ស្ដីពីឧបាស្រ័យពាណិជ្ជកម្ម ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្ដីពីការប្រកួតប្រជែង ច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងចុះបញ្ជីពាណិជ្ជកម្ម និងច្បាប់វិនិយោគថ្មីជាដើម។
ទន្ទឹមនេះ កម្ពុជា បានទាញយកឱកាសពីសមាជិកភាពអង្គការ WTO ដើម្បីធ្វើពិពិធកម្មទីផ្សារនាំចេញ ដែលពីមុនកម្ពុជា បានពឹងផ្អែកលើវិស័យមួយចំនួន ដូចជាសម្លៀកបំពាក់ និងវាយនភណ្ឌ ប៉ុន្តែបច្ចុប្បន្នកម្ពុជា បានពង្រីកទៅក្នុងវិស័យដទៃទៀត ដូចជាគ្រឿងអេឡិចត្រូនិក, ស្រូវនិងអង្ករ, កៅស៊ូ, គ្រាប់ស្វាយចន្ទី, ចេក, បន្ទះសូឡា និងកង់ ព្រមទាំងផលិតផលជាច្រើនទៀត។
ម្យ៉ាងទៀត កម្ពុជាទទួលបានកម្មវិធីជំនួយបច្ចេកទេស និងការកសាងសមត្ថភាពពីអង្គការ WTO និងអង្គការអន្តរជាតិ នានា ដើម្បីជួយពង្រឹងគោលនយោបាយពាណិជ្ជកម្ម និងស្ថាប័ន ដែលបានធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពចូលរួមក្នុងការចរចាពាណិជ្ជកម្មអន្តរជាតិ និងការអនុវត្តកិច្ចព្រមព្រៀងអង្គការ WTO ឱ្យមានប្រសិទ្ធភាពផងដែរ។ ទន្ទឹមនឹងនេះ សមាជិកភាពអង្គការ WTO បានអនុញ្ញាតឱ្យកម្ពុជា ចូលរួមនៅក្នុងការពិភាក្សាគោលនយោបាយពាណិជ្ជកម្មសកល និងការចរចានានា ដែលបានផ្តល់ឱ្យកម្ពុជា នូវសំឡេងមួយ ក្នុងការរៀបចំវិធានពាណិជ្ជកម្មអន្តរជាតិ ដែលធានាដល់ការអភិវឌ្ឍសេដ្ឋកិច្ច។
យ៉ាងណាមិញ ក្នុងនាមជាប្រទេសអភិឌ្ឍន៍តិចតួចមួយ កម្ពុជាទទួលផលពីបទប្បញ្ញតិ្តទាក់ទងនឹងប្រព្រឹត្តិកម្មពិសេស និងដោយឡែក ដែលផ្តល់ភាពបត់បែនបន្ថែម ក្នុងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយចំនួន។ បន្ថែមលើនេះ កម្ពុជាទទួលបាន ច្រកចូលទីផ្សារដោយមិនជាប់ពន្ធគយនិងមិនជាប់កូតា, កម្មវិធី EBA របស់សហភាពអឺរ៉ុប ដែលបានអនុញ្ញាតឱ្យកម្ពុជា នាំចេញផលិតផលទាំងអស់ដោយរួចពន្ធ លើកលែងតែសព្វាវុធ និងគ្រឿងផ្ទុះ និងប្រព័ន្ធ GSP ពីសហរដ្ឋអាម៉េរិកជាដើម។ មិនតែប៉ុណ្ណោះ តាមរយៈសមាជិកភាពអង្គការ WTO អត្រាភាពក្រីក្រកម្ពុជា ត្រូវបានកាត់បន្ថយពី៦០% ក្នុងឆ្នាំ២០០០ មកត្រឹម ១៦% ក្នុងឆ្នាំ២០២២។ បន្ថែមលើនេះ កម្ពុជាត្រូវបានគណៈកម្មាធិការគោលនយោបាយអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ផ្ដល់អនុសាសន៍ឱ្យចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ បន្ទាប់ពីកម្ពុជា ស្ថិតក្នុងចំណាត់ថ្នាក់នេះតាំងពីឆ្នាំ១៩៩១។
បើតាមក្រសួងពាណិជ្ជកម្ម ផលិតផលក្នុងស្រុកសរុបកម្ពុជា ក្នុងឆ្នាំ២០០៤ មានប្រមាណជាង៥ពាន់លានដុល្លារ ខណៈក្នុងឆ្នាំ២០២២ បានកើនដល់ជាង២៩ពាន់លានដុល្លារ។ ចំណែកការវិនិយោគផ្ទាល់ពីបរទេសបានកើនឡើងពី១១០លានដុល្លារ នៅឆ្នាំ២០០០ រហូតដល់ជិត៥ពាន់លានដុល្លារ នៅឆ្នាំ២០២៣។ ជាមួយគ្នានេះ ទំហំពាណិជ្ជកម្មរបស់កម្ពុជា មានប្រមាណ៤,៥ពាន់លានដុល្លារ នៅឆ្នាំ២០០៤ និងបានកើនឡើងជាបន្ដបន្ទាប់ រហូតដល់ជាង៤៦ពាន់លានដុល្លារនៅឆ្នាំ២០២៣ ក្នុងនោះការនាំចេញសរុបរបស់កម្ពុជា មានប្រមាណជាង២២ពាន់លានដុល្លារ៕