ប្រាក់ឥណ្ឌូនេស៊ីកំពុងធ្លាក់ថ្លៃ

រូបិយប័ណ្ណឥណ្ឌូនេស៊ីធ្លាក់ថ្លៃខ្លាំងបង្ខំឱ្យរដ្ឋាភិបាលដាក់ចេញផែនការបន្ទាន់ដើម្បីស្ដារសេដ្ឋកិច្ច


សារព័ត៌មានធំៗបានរាយការណ៍ថា ប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសប្រជាធិបតេយ្យលំដាប់ទី៣ និងមានប្រជាពលរដ្ឋច្រើនជាងគេលំដាប់ទី៤នៅលើពិភពលោក បានប្រកាសដាក់ចេញនូវវិធានការមួយចំនួន ដើម្បីធានាជំរុញកំណើនសេដ្ឋកិច្ច ខណៈដែលលុយរូពីឥណ្ឌូនេស៊ីកំពុងតែធ្លាក់ថ្លៃបើធៀបនឹងដុល្លារអាម៉េរិក។
ប្រាក់ឥណ្ឌូនេស៊ីកំពុងធ្លាក់ថ្លៃ
ដោយ

កាលពីថ្ងៃអង្គារកន្លងទៅនេះ លោក ចូកូ វីដូដូ បានប្រកាសចាប់ផ្តើមអនុវត្តវិធានការ ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចដ៏ធំបំផុតរបស់អាស៊ីអាគ្នេយ៍ ហើយក៏បានធានាដល់ពាណិជ្ជករនៅក្នុងប្រទេសថា ការធ្លាក់ចុះនៃរូបិយប័ណ្ណជាតិនាពេលថ្មីៗនេះ នៅតែបន្តស្ថិតនៅក្នុងស្ថានភាពមានស្ថិរភាពនៅឡើយទេ។ កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសនេះត្រូវបានរំពឹងថា នឹងថយចុះនៅឆ្នាំនេះ បើទោះបីឥណ្ឌូនេស៊ីជាប្រទេសដែលសម្បូរធនធានក៏ដោយ ហើយនេះក៏ដោយសារតែការនាំចេញធ្លាក់ចុះ ស្របពេលតម្លៃទំនិញក៏ធ្លាក់ចុះ ខណៈពេលដែលវត្ថុធាតុដើម និងស្បៀងអាហារដូចជាអង្ករឡើងថ្លៃ ស្របពេលដែលប្រទេសដែនកោះមួយនេះកំពុងប្រឈមនឹងគ្រោះរាំងស្ងួត។

ការិយាល័យប្រធានាធិបតី បាននិយាយថា រដ្ឋាភិបាលនឹងដកពន្ធលើតម្លៃបន្ថែម ចំនួន១១ ភាគរយពីសេវាកម្មទិញផ្ទះដែលមានតម្លៃទាបជាង២ពាន់លានរូពី ឫជាង១២ម៉ឺន៦ពាន់ដុល្លារ រហូតដល់ខែមិថុនា ឆ្នាំ២០២៤ ហើយបន្ទាប់នឹងបន្តបន្ថយមកនៅត្រឹមពាក់កណ្តាល ប៉ុន្តែមិនបានបញ្ជាក់ថា នឹងត្រូវអនុគ្រោះដល់ពេលណាឱ្យប្រាកដនៅឡើយទេ។

ជាមួយគ្នានោះរដ្ឋាភិបាលឥណ្ឌូនេស៊ីក៏បានប្រកាសបន្តឧបត្ថម្ភស្បៀងដល់គ្រួសារ ដែលមានចំណូលទាបជាង២១លានគ្រួសាររហូតដល់ខែធ្នូ ដែលជាកិច្ចខិតខំប្រឹងប្រែងមួយរបស់ប្រជាជាតិនេះសំដៅការពារប្រឆាំងនឹងការកើនឡើងនៃតម្លៃអង្ករនៅលើទីផ្សារ។

ថ្លែងទៅកាន់អ្នកវិនិយោគក្នុងកម្មវិធីមួយកាលពីថ្ងៃអង្គារ លោក វីដូដូ ក៏បានព្រមានពីលទ្ធភាព នៃការឡើងថ្លៃប្រេងឥន្ធនៈ ដោយសារតែជម្លោះកើនឡើងនៅមជ្ឈិមបូព៌ា និងលំហូរចេញមូលធនដែលទាក់ទងនឹងការរឹតបន្តឹងរូបិយវត្ថុរបស់សហរដ្ឋអាម៉េរិកដែលអាចប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ី។ .

កាលពីសប្តាហ៍មុនប្រាក់រូពីឥណ្ឌូនេស៊ី បានធ្លាក់ចុះដល់ទៅ៤,៧ភាគរយ ដោយសារតែរងសម្ពាធដោយអារម្មណ៍ប្រថុយប្រថានក្នុងចំណោមវិនិយោគិន ហើយបាននាំឱ្យធនាគារកណ្តាលឥណ្ឌូនេស៊ី ដំឡើងអត្រាការប្រាក់ដោយមិនបានរំពឹងទុក។ នៅពេលនេះតម្លៃប្រាក់រូពីឥណ្ឌូនេស៊ី គឺមានតម្លៃ១ដុល្លារស្មើនឹង១៥ ៨២៥រូពី ពោលគឺវាធ្លាក់ដល់កម្រិតសឹងតែទាបបំផុតដែលបានកើតឡើងកាលពីឆ្នាំ២០២០។

លោកប្រធានាធិបតី បាននិយាយថា យើងត្រូវតែគិតគូរនិងរៀបចំសម្រាប់រយៈពេលវែង។ លោកបានបន្ថែមថា នៅពេលនេះរដ្ឋាភិបាល កំពុងតែត្រៀបទប់ទល់ស្ថានការណ៍ដែលនឹងអាចកើតមានឡើងនៅក្នុងឆ្នាំ២០២៤ខាងមុខ ដោយត្រៀមបម្រុងថវិកាជាតិ ដល់ទៅជិត៣៩​ពាន់លានដុល្លារ ។ ប្រព័ន្ធផ្សព្វផ្សាយនៅឥណ្ឌូនេស៊ី បាននិយាយថា រដ្ឋាភិបាលគ្រោងនឹងផ្ទេរសាច់ប្រាក់ទៅកាន់គណនី រាប់លាន ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃអាហារ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារកណ្ដាលអឺរ៉ុប និងធនាគារកណ្ដាលអាម៉េរិកទំនងជាផ្អាកដំឡើងអត្រាការប្រាក់បណ្ដោះអាសន្ន

ព័ត៌មាន
ធនាគារកណ្តាលអឺរ៉ុប ត្រូវបានគេរំពឹងថា នឹងបញ្ឈប់ការដំឡើងអត្រាការប្រាក់ដ៏ខ្លាំងក្លាបំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួននៅពេលក្រុមអ្នកបង្កើតគោលនយោ…

ជប៉ុន និងរុស្ស៊ីប្ដេជ្ញាជួយជំរុញវិនិយោគិនខ្លួន ឲ្យមកបោះទុនវិនិយោគបន្ថែមនៅកម្ពុជា

ព័ត៌មាន
ប្រទេសជប៉ុន និងរុស្សី សុទ្ធតែបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ អប់រំ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ