
អ្នកឧកញ៉ា គួន ធីតា សមាជិកក្រុមប្រឹក្សាភិបាលសមាគមឧកញ៉ាកម្ពុជាបានចាត់ទុកវេទិកាជំនួបធុរកិច្ច ដែលរៀបចំឡើងជាលើកដំបូងដោយសមាគមជប៉ុន-កម្ពុជា និងសមាគមឧកញ៉ាកម្ពុជា គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដើម្បីលើកកម្ពស់ទំនាក់ទំនង និងផ្ដល់ឱកាសដល់ធុរជនកម្ពុជា-ជប៉ុន កសាងទំនាក់ទំនង និងស្វែងយល់ពីគ្នាសម្រាប់កិច្ចសហការសេដ្ឋកិច្ច និងការវិនិយោគនៅក្នុងវិស័យសក្តានុពលមួយចំនួនរបស់កម្ពុជារួមមានកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និងសេវាកម្មជាដើម។ អ្នកឧកញ៉ាជឿជាក់ថា តាមរយៈវេទិកានេះ វានឹងជួយជំរុញកំណើនវិនិយោគ និងការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែមានការកើនឡើងមួយកម្រិតទៀត។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានលើកឡើងថា នៅមួយរយៈចុងក្រោយនេះថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានធ្វើដំណើរទៅកាន់បណ្ដាប្រទេសជាច្រើនរួមទាំងជប៉ុនផងដែរ ដើម្បីផ្សព្វផ្សាយពីសក្ដានុពលសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងគោលបំណងទាក់ទាញការវិនិយោគពីបរទេស និងចង់ឱ្យបណ្ដាក្រុមហ៊ុនជប៉ុនកាន់តែច្រើនបន្ថែមទៀតមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។ ជាការកត់សម្គាល់របស់ថ្នាក់ដឹកនាំរូបនេះ នៅក្នុងឆ្នាំ២០២៤ គម្រោងវិនិយោគមកពីប្រទេសជប៉ុននៅមានចំនួនតិចតួចនៅឡើយ ពោលគឺមានទុនវិនិយោគប្រមាណ៤០លានដុល្លារអាម៉េរិក នៃរំហូទុនវិនិយោគសរុបរបស់កម្ពុជាតែប៉ុណ្ណោះ។

នៅចំពោះមុខអ្នកវិនិយោគ អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារូបនេះ បានអះអាងថា កម្ពុជាជាប្រទេសដែលមានសក្តានុពលខ្ពស់មួយនៅក្នុងតំបន់សម្រាប់ការវិនិយោគ ដ្បិតកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ច្បាប់វិនិយោគដ៏គួរឱ្យទាក់ទាញ កម្លាំងពលកម្មវ័យក្មេងច្រើន ទីតាំងភូមិសាស្រ្តអំណោយផល ថាមពលអគ្គិសនីគ្រាប់គ្រាន់ គួបផ្សំការរីកចម្រើននៃប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ។

ដោយឡែកលោក Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជាបានគូសបញ្ជាក់ថា វេទិកាជំនួបធុរកិច្ចនេះត្រូវបានរៀបចំឡើងបន្ទាប់ពីជំនួបរវាងសមាគមជប៉ុន-កម្ពុជាជាមួយសមាគមឧកញ៉ាកម្ពុជានៅប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ។ តាមរយៈវេទិកាដែលរៀបចំឡើងនៅកម្ពុជានេះ លោកសង្ឃឹមថា បណ្ដាក្រុមហ៊ុនទាំងអស់នឹងទទួលបានព័ត៌មានពីគ្នាទៅវិញទៅមក ដើម្បីឈានឆ្ពោះទៅសម្រេចបានគោលដៅធុរកិច្ចជាមួយគ្នា។ ទន្ទឹមនេះ លោកបានអះអាងថា សមាគមជប៉ុន-កម្ពុជានឹងខិតខំដើម្បីទាក់ទាញក្រុមហ៊ុនពីប្រទេសជប៉ុនមកវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត។

បើយោងតាមទិន្នន័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងរយៈពេល១០ខែ ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន៣៤៦គម្រោង ដោយមានទុនវិនិយោគសរុបប្រមាណ៥,៥ពាន់លានដុល្លារអាម៉េរិក មានការកើនឡើង៣៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ នៅក្នុងចំណោមវិនិយោគិន ដែលបានបោះទុនវិនិយោគនៅកម្ពុជា វិនិយោគជប៉ុនបានឈរលំដាប់ទី៧ ដោយបានបោះទុនវិនិយោគសរុបប្រមាណ៤០លានដុល្លារអាម៉េរិក៕




