កូវីដ-១៩ក្នុងប្រទេសថៃ

ប្រទេសថៃរកឃើញកូវីដ-១៩បំប្លែងថ្មីពីឥណ្ឌា និងអាហ្វ្រិក ដែលមានកម្រិតចម្លងខ្ពស់


ថ្មីៗនេះ ប្រទេសថៃ បានរកឃើញកូវីដ-១៩បំប្លែងខ្លួនថ្មីពីរប្រភេទបន្តបន្ទាប់គ្នា រាប់ចាប់តាំងពីថ្ងៃសុក្រសប្តាហ៍មុនមកដល់ដើមសប្តាហ៍នេះ។ កូវីដ-១៩បំប្លែងខ្លួនថ្មីទាំងពីរប្រភេទនេះ រួមមានប្រភេទមកពីប្រទេសឥណ្ឌា និងមកពីតំបន់អាហ្វ្រិច ដែលវាជាប្រភេទមេរោគបំប្លែងថ្មី ដែលមានកម្រិតចម្លងខ្ពស់។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានថៃ បាងកកបុស្តិ៍។
ប្រទេសថៃរកឃើញកូវីដ-១៩បំប្លែងថ្មីពីឥណ្ឌា និងអាហ្វ្រិក ដែលមានកម្រិតចម្លងខ្ពស់
ដោយ

អាជ្ញាធរថៃបានឲ្យដឹងថា ពួកគេបានរកឃើញករណីវិជ្ជមានកូវីដ១៩បំប្លែងខ្លួនថ្មីពីតំបន់អាហ្វ្រិច ចំនួន៣ករណី ដែលបានឆ្លងចូលមកតាមរយៈព្រំដែនរវាងថៃ និងម៉ាឡេស៊ី។

ប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងរបស់ថៃ លោក អូផាស់ កាន់កាវីនពុង (Opas Karnkawinpong) បានឲ្យដឹងថា មកដល់ពេលនេះការធ្វើដំណើរ និងការចល័តរបស់ប្រជាជននៅក្នុងខេត្តជាប់ព្រំដែនជាមួយប្រទេសម៉ាឡេស៊ីមួយនេះ ត្រូវបានរឹតត្បិតយ៉ាងតឹងរឹង។  

លោក អូផាស់ បន្ថែមថា អាជ្ញាធរថៃនឹងបង្កើនកម្លាំងការត្រួតពិនិត្យ និងយាមកាមតាមព្រំដែន ព្រមទាំងរឹតបណ្តឹង លើការឆ្លងដែនរបស់ពលរដ្ឋករខុសច្បាប់ផងដែរ។

ដោយឡែក ក្រៅតែពីកូវីដ១៩បំប្លែងខ្លួនមកពីអាហ្វ្រិក ថៃក៏បានរកឃើញ កូវីដ១៩បំប្លែងថ្មីពីប្រទេសឥណ្ឌា ចំនួន៣៦ករណី ដែលត្រូវបានអាជ្ញាធររកឃើញក្នុងចំណោមកម្មករសំណង់ ដែលរស់នៅក្នុងកន្លែងស្នាក់នៅរបស់ពួកគេ ភាគច្រើននៅជុំវិញក្រុងបាងកក។ មេរោគបំប្លែងថ្មីទាំង៣៦ករណី ដែលត្រូវបានរកឃើញនេះ ត្រូវបានក្រសួងសុខាភិបាលថៃអះអាងថា មាន ១៥ករណីរកឃើញលើកម្មករចំណាកស្រុក។

ការរកឃើញកូវីដ-១៩បំប្លែងខ្លួនថ្មីពីឥណ្ឌាត្រូវបានអាជ្ញាធរថៃ ដាក់ការសន្និដ្ឋានថា បានឆ្លងចូលមកក្នុងប្រទេសថៃ តាមរយៈកម្មករចំណាកស្រុក ដោយហេតុថា ប្រទេសក្បែរខាង ថៃ និងជាពិសេសប្រទេសក្នុងតំបន់ សុទ្ធតែបានរកឃើញមេរោគប្រភេទថ្មីនេះដូចៗគ្នារួចហើយកាលពីពេលកន្លងមក។

ករណីឆ្លងរីករាលដាលខ្លាំង កំពុងត្រូវបានអាជ្ញាធរថៃរកឃើញ នៅតាមកន្លែងស្នាក់នៅរបស់កម្មករជាង ៤០០កន្លែង ភាគច្រើនមានទីតាំងនៅជុំវិញក្រុងបាងកក ដែលមានកម្មករស្នាក់នៅប្រមាណជាង ៦ម៉ឺននាក់ ហើយពាក់កណ្តាលនៃពួកគេជាកម្មករចំណាកស្រុកពីក្រៅប្រទេស។

សូមបញ្ជាក់ថា បើគិតត្រឹមថ្ងៃច័ន្ទទី២៤ ឧសភាម្សិលមិញ ប្រទេសថៃបន្តរកឃើញកូវីដ-១៩ជាង ២.៧០០ករណី ស្លាប់៣០នាក់បន្ថែមទៀត ដែលវាបាននាំឲ្យចំនួនអ្នកឆ្លងកូវីដ-១៩ សរុបនៅថៃកើនដល់ ១៣ម៉ឺននាក់ និងអ្នកស្លាប់សរុបមានជាង៨០០នាក់ហើយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនកំពុងសម្រុកចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ពលរដ្ឋខ្លួនបានជាង៥០០លានដូសហើយ

ព័ត៌មាន
ប្រទេសចិនកំពុងឈរនៅលើកំពូលតារាងក្នុងនាមជាប្រទេស ដែលមានការចាក់វ៉ាក់សាំងកូវីដ-១៩ជូនដល់ពលរដ្ឋរបស់ខ្លួនច្រើនជាងគេបំផុតក្នុងពិភពលោក និងតា…

សភាពាណិជ្ជកម្មអាមេរិកស្នើវៀតណាមឲ្យបន្ធូរបន្ថយការធ្វើចត្តាឡីស័ក ចំពោះអ្នកបានចាក់វ៉ាក់សាំង

ព័ត៌មាន
សភាពាណិជ្ជកម្មអាមេរិក (AmCham) នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ បានទទូចស្នើទៅកាន់វៀតណាម ឲ្យបន្ធូរបន្ថយរយៈពេលនៃការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរដែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ