ដំណាំស្វាយចន្ទី

កម្ពុជា រំពឹងមានរោងចក្រចំនួន៣ ដែលមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីជាង៦ម៉ឺនតោនក្នុង១ឆ្នាំនឹងបើកដំណើរការនៅឆ្នាំក្រោយ


រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគោលនយោបាយជាតិ ស្តីពី ស្វាយចន្ទី បានដាក់ផែនការកែច្នៃគ្រាប់ស្វាយចន្ទីឱ្យបាន២៥% នៃទិន្នផលគ្រាប់ស្វាយចន្ទីសរុប សម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ នៅត្រឹមឆ្នាំ២០២៧ ខាងមុខ។ ទោះបីបច្ចុប្បន្នការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរបស់កម្ពុជា នៅមានកម្រិតតិចតួចក៏ពិតមែន តែគេសង្កេតឃើញថា នៅមួយរយៈពេលចុងក្រោយមានការវិនិយោគលើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា ជាបន្តបន្ទាប់។
ដំណាំស្វាយចន្ទី
ដោយ

សមាគមស្វាយចន្ទីកម្ពុជា រំពឹងថា នៅឆ្នាំក្រោយនឹងមានរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីចំនួន៣ ដែលមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីបានប្រមាណជាង៦ម៉ឺនតោនក្នុង១ឆ្នាំត្រូវបានបើកដំណើរ ដែលវានឹងជួយស្រូបទាញទិន្នផលស្វាយចន្ទីក្នុងស្រុក និងកាត់បន្ថែមការនាំចេញគ្រាប់ស្វាយចន្ទីឆៅបន្ថែមទៀត។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានគូសបញ្ជាក់ថា នៅឆ្នាំ២០២៦ អាចមានរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីចំនួន៣ ដែលមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីជាង៦ម៉ឺនតោនដាក់ឱ្យដំណើរការ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ។ ក្នុងចំណោមរោងចក្រទាំងនោះមានពីររោងចក្រស្ថិតនៅខេត្តកំពង់ធំ និងមួយទៀតស្ថិតនៅខេត្តកំពង់ចាម ក្នុងនោះរោងចក្រមួយនៅខេត្តកំពង់ធំ គ្រោងដាក់ឱ្យដំណើរការនៅអំឡុងខែឧសភា និងមួយទៀតគ្រោងដាក់ឱ្យដំណើរការនៅចុងឆ្នាំ។ ចំណែករោងចក្រនៅខេត្តកំពង់ចាម បានសាងសង់ និងដំឡើងម៉ាស៊ីនរួចរាល់ហើយ ដែលរំពឹងអាចដាក់ឱ្យតដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ។

បើតាមការបញ្ជាក់របស់ប្រធានសមាគមរូបនេះ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីទាំង៣ខាងលើសុទ្ធសឹងជាការវិនិយោគរបស់ក្រុមហ៊ុនក្នុងស្រុក ដោយរោងចក្រនីមួយៗមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីបានប្រមាណ២ម៉ឺនតោនក្នុង១ឆ្នាំ។ ជាមួយគ្នានេះ មានក្រុមហ៊ុនកូរ៉េមួយ កំពុងសិក្សាគម្រោងបើករោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា នៅឆ្នាំក្រោយដែរ ដែលមានទំហំ និងសមត្ថភាពកែច្នៃដូចនឹងក្រុមហ៊ុន Mirarth របស់ជប៉ុន ដែលកំពុងដំណើរការនាពេលបច្ចុប្បន្ននេះ។ ប្រធានសមាគមរូបនេះ បានគូសបញ្ជាក់ថា ដើម្បីអាចជួយរក្សាតម្លៃគ្រាប់ស្វាយចន្ទីកម្ពុជា ឱ្យមានស្ថិរភាពល្អប្រសើរ ទាល់តែកម្ពុជា មានរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី ដែលអាចស្រូបទាញទិន្នផលគ្រាប់ស្វាយចន្ទីបានប្រមាណ៣០ម៉ឺនតោនក្នុង១ឆ្នាំ។

ជាមួយគ្នានេះ លោក អួន ស៊ីឡុត បានបញ្ជាក់ថា ក្រៅពីរោងចក្រខាងលើ មានរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីចំនួន៥ទៀត គ្រោងនឹងដាក់ឱ្យដំណើរផងដែរ ប៉ុន្តែរោងចក្រទាំងនោះកំពុងរង់ចាំចូលទៅក្នុងសួនកសិឧស្សាហកម្មស្វាយចន្ទីកំពង់ធំ ដើម្បីទទួលបានការលើកទឹកចិត្តផ្សេង​ៗពីរដ្ឋ ជាពិសេសវិញ្ញាបនបត្រចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈសម្បតិ្តគ្រប់គ្រាន់ (QIP) ដ្បិតថា កាលណាក្រុមហ៊ុនទទួលបានវិញ្ញាបនបត្រនេះ គឺពន្ធនៃការនាំចូលម៉ាស៊ីនកែច្នៃ គឺជាបន្ទុករបស់រដ្ឋ ហើយនៅពេលនាំចេញគ្រាប់ស្វាយចន្ទីទៅទីផ្សារអរន្តរជាតិទៀតសោត ក៏ទទួលបានការអនុគ្រោះពន្ធមួយចំនួនផងដែរ។

គួរជម្រាបថា បច្ចុប្បន្នកម្ពុជា មានរោងចក្រសហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទីប្រមាណជាង៥០ក្នុងនោះចំនួន៦ជារោងចក្រធុនមធ្យម ដែលមានសមត្ថភាពផលិតចន្លោះពី៧ពាន់តោនទៅ១៤ម៉ឺនតោនក្នុង១ឆ្នាំ ខណៈជាង៤០សហគ្រាស ជាសិប្បកម្មលក្ខណៈគ្រួសារតូចៗ។ សមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយវៀតណាម នៅក្នុងរយៈពេល១០ខែឆ្នាំ២០២៥ កម្ពុជា បាននាំចេញគា្រប់ស្វាយចន្ទីស្រស់ទៅកាន់ទីផ្សារវៀតណាម ជាង៩៦ម៉ឺនតោន ដោយគិតជាទឹកប្រាក់មានប្រមាណជាង១ពាន់៤រយលានដុល្លារ៕

អត្ថបទ សោម ស្រីពេជ្រ​




អត្ថបទបន្ទាប់


ពន្ធគយរបស់លោក ត្រាំ កំពុងរុញច្រានឱ្យប្រទេសមួយចំនួនងាកទៅរកចិន

ទោះបីសម្ពាធពន្ធរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ បានឈានដល់ការសម្រេចកិច្ចព្រមព្រៀងជាមួយបណ្តាប្រទេសមួយចំនួនជាបន្តបន្ទាប់ក៏ដោយ តែផលលំបាកនៃវិធានកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ