អាមេរិក-ចិន

អាមេរិក និងប្រទេសផ្សេងទៀតស្នើឲ្យអង្គការ ILO ចុះស៊ើបអង្កេតការរំលោភបំពានសិទ្ធិមនុស្សក្នុងតំបន់ស៊ីនជាំង


សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសផ្សេងទៀត នៅថ្ងៃទី២មិថុនា បានអំពាវនាវឱ្យអង្គការពលកម្មអន្តរជាតិ (ILO) បង្កើតបេសកកម្មមួយ ដើម្បីស៊ើបអង្កេតពីការរំលោភសិទ្ធិការងារជាប្រព័ន្ធក្នុងខេត្តស៊ីនជាំងរបស់ប្រទេសចិន ហើយបានជំរុញឱ្យទីក្រុងប៉េកាំងបើកភ្លើងខៀវ ឲ្យមានការធ្វើបេសកម្មនេះដោយមិនមានការរំខានផងដែរ។ នេះបើតាមចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
អាមេរិក និងប្រទេសផ្សេងទៀតស្នើឲ្យអង្គការ ILO ចុះស៊ើបអង្កេតការរំលោភបំពានសិទ្ធិមនុស្សក្នុងតំបន់ស៊ីនជាំង
ដោយ

ក្នុងពេលថ្មីៗនេះ ឯកសាររបស់​អង្គការពលកម្មអន្តរជាតិ (ILO) បានបង្ហាញថា គណៈកម្មការ​នៃភ្នាក់ងារអង្គការ​សហប្រជាជាតិ​កំពុងតាមដាន និងបានរកឃើញថា ការអនុវត្តច្បាប់ការងារ​របស់​ប្រទេសចិន នៅក្នុងតំបន់​ភាគខាងលិច​នៃខេត្តស៊ីនជាំង គឺមិនបាន​អនុលោមស្របតាមស្តង់ដារ​នៃសិទ្ធិការងារ​របស់ពិភពលោកទេ​ ដោយពិនិត្យ​ឃើញថា​ មានការរើសអើងនិងរំលោភ​បំពាន​ទៅលើប្រជាជន​ក្នុងតំបន់នោះ។​

គួរបញ្ជាក់ថា កិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ គឺបានធ្វើឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីការបញ្ចប់នៃការធ្វើដំណើរទស្សនៈកិច្ចរបស់មន្រ្តីជាន់ខ្ពស់​នៃការអង្គការសហប្រជាជាតិ លោកស្រី មៃខល បាច់ឆ្លេត (Michelle Bachelet) ទៅកាន់តំបន់ Xinjiang ដែលដំណើរទស្សនកិច្ចនេះ​ ក៏ត្រូវបានរិះគន់យ៉ាងចាស់ដៃពីអង្គការសង្គមស៊ីវិល និងរដ្ឋជាសមាជិករបស់អង្គការសហប្រជាជាតិ រួមទាំងសហរដ្ឋអាមេរិកផងដែរ ព្រោះតែមានការរិតត្បិតពីខាងរដ្ឋាភិបាលប៉េកាំង។

រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក អាតូនី ប្លីនគេន (Antony Blinken) បាននិយាយកាលពីខែមីនាថា ប្រទេសចិន "នៅបន្តប្រព្រឹត្តអំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ" ដោយបានប្រឆាំង​នឹងជនជាតិ Uyghurs មូស្លីមភាគច្រើននៅតំបន់ Xinjiang នោះតែម្តង។

លើសពីនេះទៅទៀត ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ លោកស្រី ហ្សេបា ក្រុឃើរ (Sheba Crocker) បានអំពាវនាវឱ្យប្រទេសចិនទទួលយកបេសកកម្មនេះ ក្នុងការស៊ើបអង្កេត​អ្វីដែលលោកស្រីចោទថា អាចមានការជាប់ពាក់ព័ន្ធទៅនឹង "ការរំលោភ​ជាប្រព័ន្ធនៃសិទ្ធិការងារ និងសិទ្ធិមនុស្សផ្សេងទៀត"។

ទោះយ៉ាងណា លោក យ៉ូ ចៃដុង (Yu Jiadong) មកពីក្រសួង​ធនធានមនុស្ស និងសន្តិសុខសង្គមរបស់ប្រទេសចិន​បានចោទប្រកាន់ថា​ ការរិះគន់​និងចោទប្រកាន់​មកលើប្រទេសចិន ដែលធ្វើឡើងក្នុងកិច្ចប្រជុំនោះ គ្រាន់តែជា "ឆាកល្ខោននយោបាយ" តែប៉ុណ្ណោះ។

ទោះបីជាបែបនេះក្តី កិច្ចប្រជុំនៃគណៈកម្មារបស់អង្គការពលកម្មអន្តរជាតិ (ILO)​ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ នឹងធ្វើការសម្រេចចិត្តនៅសប្តាហ៍ក្រោយ អំពីសំណើឲ្យមានការស៊ើបអង្កេតលើការរំលោភបំពាននៅ​តំបន់ស៊ីនជាំង​នេះ។

មន្ត្រីអង្គការពលកម្មអន្តរជាតិ ILO បាននិយាយថា មានពាក្យបណ្តឹងប្រហែល ៣៥ ករណីត្រូវបានគេដាក់នៅក្នុងអង្គការនេះ ប៉ុន្តែ ILO បានដឹកនាំបេសកកម្មស៊ើបអង្កេតមិនដល់ពាក់កណ្តាលនៃពាក្យបណ្ដឹងនេះផង។ ហើយក្នុងនោះដែរ មាន​ករណី​តែ​មួយ​ប៉ុណ្ណោះ​ ត្រូវ​បានទទួលជោគជ័យ ហើយបាន​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​មីយ៉ាន់ម៉ា​ក្នុង​ឆ្នាំ ១៩៩៨ ទាក់ទងនឹងការរំលោភកម្លាំងពលកម្ម និងសិទ្ធិការងារជាប្រព័ន្ធ។

គួររំលឹកឡើងវិញថា​ ប្រទេសចិន​បានក្លាយជាសមាជិកនៃអង្គការពលកម្មអន្តរជាតិ ILO ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ តាំងពីឆ្នាំ ១៩១៩ ​មកម្លេះ ហើយបានផ្តល់សច្ចាប័នលើអនុសញ្ញាស្របច្បាប់​ជាច្រើនជាមួយអង្គការអន្តរជាតិមួយនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កំពង់ផែកាលីហ្វ័រញ៉ា រំពឹងការនាំចូលទំនិញកើនឡើងគំហុក ក្រោយទីក្រុងស៊ាងហៃបើកឡើងវិញ

ព័ត៌មាន
អ្នកគ្រប់គ្រងនៅកំពង់ផែកាលីហ្វ័រញ៉ាក្នុងសហរដ្ឋអាមេរិករំពឹងថា ការនាំចូលទំនិញនឹងកើនឡើងគំហុក នៅពេលដែលទីក្រុងសៀងហៃត្រូវបានបើកកំពង់ផែសមុទ្រ…

ព្រឹត្តិការណ៍សន្និសីទអ្នកអភិវឌ្ឍន៍កម្មវិធី និងពិព័រណ៍បច្ចេកវិទ្យា

ព័ត៌មាន
បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ដោយមានការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សហការជាមួយទីភ្នាក់ងារជំនួយអាមេរិក (USAID)…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ