តាមទិន្នន័យពីប្រភពដដែលនេះ បានឲ្យដឹងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក នៅរយៈពេល៧ខែមកនេះ សម្រេចបានប្រមាណជិត៣,៦ ពាន់លានដុល្លារអាមេរិក កើនឡើងជាង៥២០លានដុល្លារ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះដែរ នៅ៧ខែដំបូងនៃឆ្នាំនេះ កម្ពុជាបាននាំចេញទៅអាមេរិក សរុបមានតម្លៃជាងទឹកប្រាក់ប្រមាណ ៣,៤ ពាន់លានដុល្លារ កើនឡើងកើនឡើងជាង៦៥៧លានដុល្លារ ធៀបនឹងរយៈពេលដូចគ្នាកាលពីមុន ខណៈដែលការនាំចូលពីអាមេរិកមកវិញ សម្រេចបានត្រឹមតែប្រមាណ ១៧០ លានដុល្លារអាមេរិកប៉ុណ្ណោះ មានការធ្លាក់ចុះដល់ទៅ ជិត១៤០ លានដុល្លារ។
ថ្លែងនៅក្នុងជំនួបជាមួយនឹងលោក ប៉ាទ្រីក មើហ្វី ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា នាពេលថ្មីៗនេះ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានលើកឡើងពីសក្ដានុពលនៃពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជាំ-អាមេរិក ថា បានកើនឡើងខ្លាំងគួរឲ្យកត់សម្គាល់។ តួយ៉ាង ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ បានកើនឡើងពី ៣,៣ ពាន់លានដុល្លារ នៅឆ្នាំ២០១៨ មកដល់៤,៧ ពាន់លានដុល្លារ នៅឆ្នាំ២០១៩ ដែលមានអត្រាកំណើនរហូតដល់ទៅ ៤២%។
ឯកឧត្តម ប៉ាន សូរស័ក្ដិ ក៏បាន ស្នើភាគីអាមេរិកបន្តជំរុញវិនិយោគិនរបស់ខ្លួនមកធ្វើធុរកិច្ច និងវិនិយោគក្នុងវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឲ្យបានកាន់តែច្រើនថែមទៀត។
ជាមួយគ្នានេះដែរ ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ហេតុផលសំខាន់មួយ ដែលធ្វើឲ្យការនាំចេញទំនិញពីកម្ពុជាទៅអាមេរិកនៅតែបន្ដកំណើន គឺដោយសារនាពេលកន្លងមកនេះ ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានសរសេរលិខិតទៅកាន់អ្នកបញ្ជាទិញនៅអាមេរិក មានន័យសំខាន់ពីរ គឺ: ១. កម្ពុជាមានលទ្ធភាពផលិតទំនិញដដែល (មានវត្ថុធាតុដើមគ្រប់គ្រាន់) ទោះបីពិភពលោកទាំងមូលជួបវិបត្តិកូវីដក្ដី និង ២. អំពាវនាវឲ្យអ្នកបញ្ជាទិញបន្តទទួលទំនិញដែលបានកក់ពីមុន ក៏ដូចជាបន្តទិញទំនិញពីកម្ពុជា៕