ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន និងកម្ពុជា-អាមេរិក

តើទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន និងកម្ពុជា-អាមេរិក មានការប្រែប្រួលយ៉ាងណាខ្លះនៅ៨ខែឆ្នាំ២០២២?


ប្រទេសចិន និងសហរដ្ឋអាមេរិក សុទ្ធតែជាទីផ្សារធំៗ និងសំខាន់បំផុតរបស់កម្ពុជា ក្នុងការនាំចេញទំនិញសំខាន់ៗ ដូចជា ផលិតផលកសិកម្ម និងផលិតផលកាត់ដេរ ជាដើម ទៅកាន់ទីផ្សារអន្តរជាតិ ដើម្បីរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នារយៈពេល ៨ខែ ក្នុងឆ្នាំ២០២២ បានបង្ហាញថា ទាំងទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន និងទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាមេរិក សុទ្ធតែមានកំណើនពីរខ្ទង់គួរឲ្យកត់សម្គាល់។
ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន និងកម្ពុជា-អាមេរិក

អ្នកជំនាញសេដ្ឋកិច្ច អះអាងថា ​កម្ពុជា​នៅតែត្រូវការទីផ្សារទាំងពីរនេះ សម្រាប់​ការដាំដុះពាណិជ្ជកម្ម​ ដោយមិនអាចចោលមួយណា​បានឡើយ។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបង្ហាញថា នៅរយៈពេល ៨ខែ ក្នុងឆ្នាំ២០២២ ប្រទេសចិន បានឈរនៅលំដាប់លេខរៀងទី១ ដែលជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជាដែលមានទឹកប្រាក់សរុប​៨ពាន់លានដុល្លារកើនឡើងជាង១៥%។ ក្នុងនោះ ការនាំចេញ​របស់​កម្ពុជា​ទៅចិន​មានមានជាង​៨០០លានដុល្លារធ្លាក់ចុះជិត​១៧%។ រីឯ សហរដ្ឋអាមេរិក ឈរនៅលំដាប់លេខរៀងទី២ ដែលមានទំហំពាណិជ្ជកម្មសរុប​ជាមួយកម្ពុជា​ជាង៦ពាន់៦រយលានដុល្លារកើនជាង៣៥%។ ក្នុងនោះ ការនាំចេញ​របស់​កម្ពុជាទៅអាមេរិកមានជាង​៦ពាន់៤រយលានដុល្លារ កើនជាង៣៧%។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរកម្ពុជា បានគូសបញ្ជាក់ថា មិនថាទំនាក់ទំនងជាមួយចិន ឬទំនាក់ទំនងជាមួយអាមេរិក នោះទេ សុទ្ធតែមានសារៈសំខាន់ដូចគ្នា ដោយលោកបានអះអាងថា ប្រទេសចិន បានផ្តល់នូវការវិនិយោគ និងវត្ថុធាតុដើមសម្រាប់ផលិតកម្ម ចំណែកអាមេរិកវិញ ជាទីផ្សារសម្រាប់ការនាំចេញរបស់កម្ពុជា។

យ៉ាងណាមិញ ចំពោះស្ថានភាពនៃវិស័យកាត់ដេរ និងវាយនភណ្ឌវិញត្រូវបានលោក កាំង ម៉ូនីកា កត់សម្គាល់ឃើញថា ទោះស្ថិតក្នុងភាពមិនទាន់ប្រាកដប្រជា តែដំណើរការខ្សែចង្វាក់ផលិតកម្ម នៅតែមានភាពល្អប្រសើរជាធម្មតា។ ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរកម្ពុជា ក៏បានសង្កត់ធ្ងន់ដែរថា បច្ចុប្បន្ន ការផលិតហាក់មានការថមថយ ដោយសារការបញ្ជាទិញបានថយចុះបន្តិច ពិសេសការបញ្ជាទិញពីទីផ្សារសហភាពអឺរ៉ុប។

ដោយឡែក បណ្ឌិត ឆេង គឹមឡុង នាយកមជ្ឈមណ្ឌលនវានុវត្ត​ផ្នែកអភិបាលកិច្ច បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា គឺជាប្រទេសដែលប្រកាន់ខ្ជាប់​នូវប្រព័ន្ធពាណិជ្ជកម្ម និងប្រព័ន្ធទីផ្សារសេរី ហើយកម្ពុជា​ មានកិច្ចសហការល្អជាបណ្ដាទីផ្សារលើពិភពលោក ពិសេសទីផ្សារដែលមានសក្ដានុពលសម្រាប់ការនាំចេញ​ផលិតផលកម្ពុជា ក៏ដូចជា ទីផ្សារដែលផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់កម្ពុជា ផងដែរ។ បណ្ឌិត ឆេង គឹមឡុង យល់ថាការធ្វើពាណិជ្ជកម្មទ្វេរភាគីរវាងកម្ពុជា ជាមួយបណ្ដាប្រទេសនានា សុទ្ធតែមានសារៈសំខាន់ដូចគ្នាទាំងអស់ ដោយលោកបានពន្យល់ថា ការធ្វើពាណិជ្ជកម្ម គឺអាស្រ័យទៅលើតម្រូវការ។ សម្រាប់ សហរដ្ឋអាមេរិក មានតម្រូវការ​ទំនិញរបស់​កម្ពុជា ដូចជា សម្លៀកបំពាក់ កង់ ទំនិញកម្មន្តសាល ផ្សេងៗ។ ចំណែកឯ ប្រទេសចិន មានតម្រូវការនូវផលិតផលកសិកម្ម កសិឧស្សាហកម្ម ជាដើម ខណៈកម្ពុជា ក៏មានតម្រូវការនាំចូលទំនិញពីប្រទេសចិន ច្រើនផងដែរ។

ទោះយ៉ាងណា អ្នកវិភាគសេដ្ឋកិច្ច ក៏បានសង្កត់ធ្ងន់ទៀតថា កម្ពុជា គួរតែអភិវឌ្ឍន៍ខ្លួនបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឲ្យមានភាពទាក់ទាញ និងប្រកួតប្រជែងខ្ពស់ផ្នែកពាណិជ្ជកម្ម សម្រាប់ប្រទេសចិន ប្រទេសសហរដ្ឋអាមេរិក និងសម្រាប់បណ្ដាប្រទេសជាដៃគូពាណិជ្ជកម្មផ្សេងៗទៀត។ យ៉ាងណាមិញ ដើម្បីប្រែក្លាយជាប្រទេសដែលមានភាពប្រកួតប្រជែងពាណិជ្ជកម្ម ទាមទារឲ្យកម្ពុជា ត្រូវកែលម្អ និងអភិវឌ្ឍ​សមត្ថភាពផលិតកម្ម តាមរយៈការជំរុញ​នូវការប្រើប្រាស់បច្ចេកវិទ្យានវានុវត្តន៍ ការបង្កើននូវសមត្ថភាព និងទំហំកម្លាំងពលកម្មក្នុងស្រុក ការអនុវត្តន៍ច្បាប់ ជាដើម។ នេះបើតាមការបញ្ជាក់របស់បណ្ឌិត ឆេង គឹមឡុង។

សូមបញ្ជាក់ថា នៅ៨ខែ ឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជា មានជាង ៣៧ពាន់លានដុល្លារសហរដ្ឋអាមេរិក មានការកើនឡើង ២១%។ ក្នុងនោះ កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ ក្នុងទំហំទឹកប្រាក់ជាង ១៥ពាន់លានដុល្លារ កើនឡើងជាង២៦% ខណៈការនាំចូលទំនិញមកកម្ពុជាវិញ មានទំហំទឹកប្រាក់ជិត ២២ពាន់លានដុល្លារ កើនឡើង១៨% ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕




អត្ថបទបន្ទាប់


លោក បៃដិន ប្រាប់លោក ពូទីន កុំឲ្យប្រើអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ ក្រោយរុស្ស៊ីបាក់ទ័ពនៅសង្គ្រាមអ៊ុយក្រែន

ព័ត៌មាន
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន CBS កាលពីថ្ងៃអាទិត្យ ទី ១៨ ខែ កញ្ញា ប្រធានាធិបតីអាមេរិក លោក Joe Biden បានជំរុញឲ្យប្រធានាធិបតីរុស្ស៊ី…

ក្រុមហ៊ុន Boeing របស់អាមេរិកព្យាករថា អ្នកដំណើរតាមផ្លូវអាកាសកម្ពុជានឹងល្អប្រសើរឡើងវិញនៅចុងឆ្នាំក្រោយ

ព័ត៌មាន
ក្រុមហ៊ុនផលិតយន្ដហោះដឹកអ្នកដំណើរដ៏ធំមួយរបស់សហរដ្ឋអាមេរិក Boeing បានព្យាករថា ចំនួនអ្នកធ្វើដំណើរតាមផ្លូវអាកាសរបស់កម្ពុជានឹងវិលមករកភាពល្អ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ