
លោក គង់ មី អនុប្រធានសហគមន៍កសិកម្មចិញ្ចឹមក្រពើ ពួកមានជ័យ បានប្រាប់សារព័ត៌មាន ខេមបូណូមីសថា សត្វក្រពើរស់ចំនួន១,១០០ក្បាល ត្រូវបានដឹកជញ្ជូនដោយផ្ទាល់ទៅកាន់ប្រទេសចិន និងទៅតាមបច្ចេកទេសត្រឹមត្រូវកាលពីយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥។ តាមរយៈការនាំចេញសត្វក្រពើរស់លើកដំបូងទៅកាន់ទីផ្សារចិននេះ អ្នកជំនាញរូបនេះរំពឹងថា វានឹងរួមចំណែកជួយលើកកម្ពស់ការចិញ្ចឹមក្រពើនៅកម្ពុជា ឱ្យកាន់តែមានភាពល្អប្រសើរ បន្ទាប់ពីមុខរបរនេះបានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩ ដែលធ្វើឱ្យអ្នកចិញ្ចឹមជាច្រើនមានការខាតបង់ និងបោះបង់ចោល ឬឈប់ចិញ្ចឹម។ លោកជឿជាក់ថា ប្រសិនបើការនាំចេញសត្វក្រពើរស់ទៅកាន់ទីផ្សារចិន លើកទី១នេះទទួលបានជោគជ័យនោះនឹងមានការនាំចេញបន្តទៀតនាពេលខាងមុខ។
ដោយឡែក លោក ញ៉ែម បូរាណ អ្នកចិញ្ចឹមសត្វក្រពើម្នាក់នៅក្នុងខេត្តសៀមរាប ជឿជាក់ថា ទីផ្សារ និងតម្លៃសត្វក្រពើនឹងមានភាពល្អប្រសើរឡើងវិញ ប្រសិនបើការនាំចេញលើកដំបូងទៅកាន់ទីផ្សារចិន ទទួលបានជោគជ័យ។ លោកជឿជាក់ថា តាមរយៈការហក់ចូលទីផ្សារចិន ជាលើកដំបូងនេះ វានឹងធ្វើឱ្យអ្នកចិញ្ចឹមមានកម្លាំងចិត្តឡើងវិញ ហើយនឹងប្រឹងប្រែងក្នុងការប្រកបមុខរបរនេះបន្តទៀត ព្រោះលែងសូវបារម្ភពីបញ្ហាទីផ្សារដូចពេលមុនៗ។ ជាពិសេសវានឹងជួយធ្វើឱ្យតម្លៃក្រពើកាន់តែមានការប្រកួតប្រជែងនៅលើទីផ្សារ ខណៈពេលកន្លងមកក្រពើកម្ពុជាពឹងផ្អែកខ្លាំងលើទីផ្សារវៀតណាម។
សូមបញ្ជាក់ថា មុនអាចនាំចេញក្រពើរស់ទៅកាន់ទីផ្សារចិន នៅពេលនេះ មន្ដ្រីជំនាញកម្ពុជា បានចុះយកសំណាកក្រពើ ដើម្បីវិភាគជំងឺមួយចំនួនតាមលក្ខខណ្ឌតម្រូវ និងអនុសញ្ញាសាយតេស។ នៅពេលការនាំចេញលើកទី១ទទួលបានជោគជ័យ នោះវានឹងធ្វើឱ្យទីផ្សារសត្វក្រពើរស់របស់កម្ពុជា នៅប្រទេសចិន នឹងមានវិសាលភាពកាន់តែធំ និងអាចផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចដល់អ្នកចិញ្ចឹមសត្វក្រពើក្នុងប្រទេសកម្ពុជា។
គិតត្រឹមឆ្នាំ២០២៣ នៅកម្ពុជា មានកសិដ្ឋានចិញ្ចឹមក្រពើចំនួន២៦៨កសិដ្ឋាន ស្ថិតនៅខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង កំពង់ឆ្នាំង កណ្តាល និងខេត្តព្រៃវែង។ នេះបើយោងតាមទិន្ន័យរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕
អត្ថបទ៖ បូ ដូឡា