ទីផ្សារអចលទ្រព្យហុងកុង

ទីផ្សារស្ងប់ស្ងាត់ពេក ហុងកុង ប្រកាសផ្អាកលក់ដីលំនៅឋាន និងដីពាណិជ្ជកម្មក្នុងត្រីមាសទី១ នេះ


ក្រុងហុងកុង បានប្រកាសផ្អាកលក់ដីលំនៅឋាន និងពាណិជ្ជកម្មក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៤ ខណៈតម្លៃផ្ទះឯកជនក្នុងខែវិច្ឆិកា បានបន្តធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០១៧ ហើយអ្នកវិភាគរំពឹងថា តម្លៃលំនៅឋាន និងអចលនទ្រព្យក្នុងក្រុងនេះនឹងបន្តធ្លាក់ចុះបន្តទៀតក្នុងឆមាសទី១ ដើមឆ្នាំនេះ។
ទីផ្សារអចលទ្រព្យហុងកុង
ដោយ

​ក្រុងហុងកុង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍​ សប្ដាហ៍​នេះ​​ថា ខ្លួននឹងផ្អាកលក់ដីលំនៅឋាន និ​ងដីពាណិជ្ជកម្មក្នុងរយៈពេល៣ខែដំបូងដើមឆ្នាំ២០២៤ ដោយសារតែទីផ្សារអចលនទ្រព្យនៅដែនដីរដ្ឋបាលពិសេសនេះបានធ្លាក់ចុះ​ខ្លាំង​បំផុត​មិនធ្លាប់​មាន​។ នេះបើតាមសារព័ត៌មានធំៗបានធ្វើសេចក្តីរាយការណ៍ ។

អ្នក​វិភាគនិយាយថា នេះជាលើកទី១ ហើយ​ដែលក្រុងហុងកុង មិនបានដាក់លក់ទីតាំងដីលំនៅឋានសម្រាប់ប្រចាំត្រីមាស ដែល​នេះ​ឆ្លុះបញ្ចាំងពីតម្រូវការចុះ​ខ្សោយក្នុងទីផ្សារអចលនទ្រព្យដែលធ្លាប់មានតម្លៃថ្លៃបំផុតមួយនៅលើពិភពលោក។

ការសម្រេចចិត្តនេះបានធ្វើឡើង បន្ទាប់ពីរដ្ឋបាល​ក្រុង​ហុងកុង លក់​ដីលំនៅឋានជនបទ​​​ឱ្យ​ទៅ​អ្នកដេញថ្លៃ​​ដែល​មាន​តែម្នាក់​គត់​​ក្នុង​តម្លៃទាបបំផុតហួសពីការរំពឹងទុកកាលពីខែមុន ហើយដោយឡែកការដេញថ្លៃដីលំនៅឋាន និងដីពាណិជ្ជកម្មចំនួន៦ទៀត​​បាន​បរាជ័យ ដោយ​​គ្មាន​អ្នក​ដេញ​ថ្លៃចូលរួមអំឡុងឆ្នាំ២០២៣។

លោកស្រី បែណាដេត លីន (Bernadette Linn) លេខាធិការនៃលេខាធិការដ្ឋាន​ទទួល​បន្ទុកអភិវឌ្ឍន៍នៃ​ក្រុង​ហុងកុង បានប្រាប់សន្និសីទសារព័ត៌មានថា ដោយសារតែស្ថានភាពបែបនេះ រដ្ឋបាល​ក្រុង​ហុងកុង ក្នុងឆ្នាំ២០២៤ នេះនឹងមិនដំណើរការដាក់ដេញថ្លៃទីតាំងដីលំនៅឋាន និង​ដីពាណិជ្ជ​កម្ម​​ឡើយ។

ទន្ទឹម​នេះ​ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE បាននិយាយថា អត្រាទំនេរនៃការិយាល័យកម្រិត A នៅក្នុងដែនកោះរដ្ឋបាលពិសេសនេះបានកើនឡើងដល់កម្រិតខ្ពស់បំផុត ពោលគឺរហូតដល់ជាង១៦%កាលពីឆ្នាំ២០២៣ រីឯថ្លៃឈ្នួល​វិញគឺធ្លាក់ចុះដល់ទៅ៦​%។

ក្រុមហ៊ុននេះបានអះអាងថា តម្លៃសរុបនៃកិច្ចព្រមព្រៀងវិនិយោគលើអចលនទ្រព្យបានធ្លាក់ចុះ​​ពាក់​កណ្ដាល​មក​នៅ​ត្រឹម៥,១២​ពាន់​លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣ ដែលជាកម្រិតទាបបំផុត​មិនធ្លាប់​មាន​ក្នុងរយៈពេល​១៥ឆ្នាំ​មក​នេះ៕

ដោយៈ សរ សុជាតិ​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្ដេច ហ៊ុន ម៉ាណែត ផ្ញើសាររំលែកទុក្ខជាមួយរដ្ឋាភិបាលជប៉ុន ដែលរងគ្រោះដោយសាររញ្ជួយដី

ព័ត៌មាន
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសាររំលែកទុក្ខជូនចំពោះឯកឧត្តម ហ្វូមីអូ គីស៊ីដា (Kishida Fumio) នាយករដ្ឋមន្ត្រីជប៉…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ