សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមនម្ត្រីនៃកម្ពុជាបានចាត់ទុកវេទិកាសហគ្រិនឆ្នើម និងពានរង្វាន់បណ្តាញសហគ្រិនស្ត្រីឆ្នើមអាស៊ាន ដែលរៀបចំឡើងនាថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ គឺជាកាលានុវត្តភាពដ៏សំខាន់សម្រាប់ការផ្ដល់សិទ្ធិអំណាចដល់សហគ្រិនស្ត្រី និងឆ្លុះបញ្ចាំងឱ្យឃើញពីការរួមចំណែក និងសក្ដានុពលដ៏ធំធេងរបស់ស្ត្រី ក្នុងការអភិវឌ្ឍសហគមន៍ធុរកិច្ច និងកំណើនសេដ្ឋកិច្ចនៅកម្ពុជា និងនៅក្នុងតំបន់អាស៊ានទាំងមូល។ សម្រាប់សម្តេចធិបតី ព្រឹត្តិការណ៍នេះ គឺជាភស្តុតាងមិនអាចប្រកែកបាន នៃស្មារតីអង់អាចរបស់ស្ត្រីអាស៊ាន ដែលហ៊ានជម្នះឧបសគ្គ មានមហិច្ឆតា និងហ៊ានដឹកនាំ ហើយបានដើរតួនាទីយ៉ាងសំខាន់ ជាមូលដ្ឋានគ្រឹះនៃសហគមន៍ និងសេដ្ឋកិច្ចតំបន់អាស៊ាន ឱ្យក្លាយជាសេដ្ឋកិច្ចធំជាងគេទី៥ នៅលើពិភពលោក។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដែរថា ការរៀបចំព្រឹត្តិការណ៍នេះ គឺបានបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី ទាំងផ្នែកសង្គម និងសេដ្ឋកិច្ច ហើយកម្ពុជាតែងតែទទួលស្គាល់នូវតួនាទីដែលមិនអាចខ្វះបានរបស់ស្ត្រីក្នុងសង្គម និងសេដ្ឋកិច្ចផងដែរ។ តែយ៉ាងណាក៏ដោយចុះ សម្តេចធិបតី ទទួលស្គាល់ថា ដំណើរការធុរកិច្ចរបស់ស្រ្តី គឺមិនងាយស្រួលនោះទេ បើទោះបីជាពួកគេមានភាពធន់នឹងការតាំងចិត្តដ៏រឹងមាំក៏ដោយ ដ្បិតថា សហគ្រិនស្ត្រីជួបប្រទះនូវបញ្ហាប្រឈមជាច្រើនដូចជាភាពមានកម្រិតនៃលទ្ធភាពនៃការទទួលបានហិរញ្ញវត្ថុទីផ្សារ និងបណ្តាញធុរកិច្ចសម្រាប់កំណើរការអភិវឌ្ឍជាដើម។
ជុំវិញរឿងនេះដែរ ឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជាបានគូសបញ្ជាក់ថា ការរៀបចំឱ្យមានវេទិការពានរង្វាន់បណ្តាញសហគ្រិនស្ត្រីឆ្នើមនេះឡើង គឺពិតជាបានបង្ហាញនូវការផ្តល់តម្លៃនិងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលទៅដល់សហគ្រិនស្ត្រីទាំងអស់ នៅក្នុងការចូលរួមចំណែកលើកស្ទួយសកម្មភាពសេដ្ឋកិច្ចនៅកម្ពុជា និងក្នុងតំបន់ផងដែរ។ សម្រាប់អ្នកជំនាញរូបនេះ ស្ត្រីគឺជាតួអង្គមួយដ៏មានសារៈសំខាន់ក្នុងការចូលរួមទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ច និងជាកម្លាំងរួបរួមសាមគ្គីភាពមួយដ៏មានប្រសិទ្ធភាព ដ្បិតថា ស្ត្រីគឺជាមាតានៃពិភពលោក ដែលអាចចូលរួមទាំងក្នុងការងារក្នុងផ្ទះ ក៏ដូចជាការងារសង្គម និងសេដ្ឋកិច្ចជាតិផងដែរ។
សូមជម្រាបថា នៅក្នុងតំបន់អាស៊ាន មានប្រជាជនប្រមាណ៩,៨% ឬជាង៦០លាននាក់ ដែលមានម្ចាស់អាជីវកម្មជាស្ត្រី ហើយសម្រាប់កម្ពុជា ស្ត្រីគឺជាម្ចាស់អាជីវកម្មដ៏ចម្បង ដែលមានប្រមាណ២ភាគ៣នៃចំនួនអាជីវកម្មសរុប៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ