លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ខេមបូណូមីសថា នៅអំឡុងពេលកម្ពុជា កំពុងរងនូវឥទ្ធិពលនៃការកើនឡើងកម្តៅនៅមួយរយៈកន្លងមកនេះ ក្រសួងអប់រំបានសង្កេតឃើញលោកគ្រូ អ្នកគ្រូ នៅតាមសាលានានា ក្រោមការសហការជាមួយអាណាព្យាបាលបានដោះស្រាយបញ្ហាបន្ទាន់ជាបន្តបន្ទាប់តាមរយៈការបំពាក់នូវកង្ហារ និងបាញ់ទឹកនៅក្នុងបរិវេណសាលាជាជាដើម។ បើតាមអ្នកនាំពាក្យរូបនេះ ការកើនឡើងកម្តៅបច្ចុប្បន្នមិនទាន់ឈានដល់កម្រិត ដែលអាចបង្កជាហានិភ័យនោះទេ ពោលគឺស្ថិតក្នុងស្ថានភាពដែលអាចគ្រប់គ្រងបាន។ កត្តានេះ គូបផ្សំរដូវវស្សាខិតជិតចូលមកផងនោះ ដូច្នេះក្រសួងពុំទាន់មានការណែនាំណាមួយឱ្យផ្អាក ឬកាត់បន្ថយម៉ោងសិក្សា ឬបិទសាលារៀននោះទេ ប៉ុន្តែក្រសួងនឹងបន្តពិនិត្យមើល ព្រមទាំងដាក់ចេញផែនការនៅតាមសាលានីមួយៗនាពេលខាងមុខបន្ថែមទៀត។
បើតាមលោកជំទាវ ឃួន វិច្ឆិកា នៅអំឡុងអាកាសធាតុឡើងកម្តៅនេះ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់សិស្សានុសិស្សត្រូវទទួលទានអាហារ និងទឹកស្អាតឱ្យបានគ្រប់គ្រាន់ ក៏ដូចជានៅក្រោមម្លប់ពេលសម្រាកក្រោយម៉ោងសិក្សាជាដើម។
ជុំវិញបញ្ហានេះដែរ លោក ម៉ិច សីហា នាយកវិទ្យាស្ថានអន្តរជាតិ អាយឃី សង្កេតឃើញថា សាលារដ្ឋមួយចំនួនបច្ចុប្បន្នមានបំពាក់កង្ហារ និងមានបង្អួចត្រឹមត្រូវ ដែលអាចធ្វើឱ្យមានខ្យល់ចេញចូលគ្រប់គ្រាន់។ បើតាមអ្នកជំនាញក្នុងវិស័យអប់រំរូបនេះ ស្ថិតក្នុងស្ថានភាពបច្ចុប្បន្នគណៈគ្រប់គ្រងសាលារដ្ឋ ក៏បានជួយសម្រួលដល់ផ្នែកខ្លះនៃការសិក្សារបស់សិស្សផងដែរ តាមរយៈការអនុញ្ញាតឱ្យយកកូនកង្ហារចូល ដែលនេះជាផ្នែកមួយជួយសម្រួលដល់ការសិក្សារបស់ពួកគេនៅក្នុងអំឡុងសីតុណ្ហភាពក្ដៅនេះ។ បើតាមអ្នកជំនាញរូបនេះ ការកើនឡើងកម្តៅអាចបង្កផលប៉ះពាល់ដល់កុមារ ហើយក្រសួងគួរយកចិត្តទុកដាក់ខ្ពស់តាមរយៈការដាក់ចេញយន្តការនានា ពិសេសត្រូវពិនិត្យលើកញ្ចប់ថវិកាដែលក្រសួងទម្លាក់ទៅត្រូវបានប្រើប្រាស់ត្រឹមត្រូវដែរឬទេ។
បញ្ហារលកកម្តៅមានការកើនឡើងខ្លាំងនៅឆ្នាំនេះ បានធ្វើឱ្យបណ្ដាប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន ដាក់ចេញនូវវិធានការបន្ទាន់ ដោយផ្អាកកម្មវិធីសិក្សាជាបណ្ដោះអាសន្ន ដើម្បីបង្ការផលប៉ះពាល់ដល់សុខភាពរបស់សិស្សានុសិស្ស ពិសេសកុមារតូចៗតែម្ដងដែលឆាប់ងាយរងគ្រោះ។ ជាក់ស្តែងនៅប្រទេសហ្វីលីពីន ដែលរលកកម្តៅបានកើនឡើងដល់៥០អង្សាសេ បានអនុញ្ញាតឱ្យសិស្សានុសិស្សសម្រាករៀននៅផ្ទះ ខណៈនៅថៃ ដែលជាប្រទេសក្បែរខាងកម្ពុជានោះវិញ រលកកម្តៅដែលបានហក់ឡើងដល់៥២អង្សាសេ បានឆក់យកអាយុជីវិតរបស់ប្រជាពលរដ្ឋយ៉ាងតិច៣០នាក់។
គួរបញ្ជាក់ថា បើតាមការព្យាករក្រសួងធនធានទឹក និងឧតុនិយម នៅអំឡុងដើមសប្ដាហ៍ទី២នៃខែឧសភានេះ សីតុណ្ហភាពនៅកម្ពុជានឹងធ្លាក់ចុះទាប ក្រោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ឡើងវិញ៕
អត្ថបទ បូ ដូឡា