វិស័យការពារជាតិ

សម្តេចតេជោ ហ៊ុន សែន អះអាងថា កម្ពុជា មិនខ្វះអាវុធ ឬកងកម្លាំងដើម្បីធ្វើសង្គ្រាមនោះទេ តែកម្ពុជា មិនចង់ធ្វើសង្គ្រាម


ស្របពេលជម្លោះព្រំដែនរវាងកម្ពុជា ជាមួយថៃ មិនទាន់ថមថយកម្តៅ ហើយភាគីយោធាថៃ បង្ហាញចេតនាចង់ឱ្យមានការផ្ទុះអាវុធយ៉ាងណាក្តី តែសម្ដេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភា បានអះអាងពីជំហររបស់កម្ពុជា ថា កម្ពុជាមិនចង់ឱ្យមានការប៉ះទង្គិចប្រដាប់អាវុធរវាងប្រទេសទាំងពីរនោះទេ ពោលគឺកម្ពុជា បន្តប្រកាន់យកការដោះស្រាយដោយសន្តិវិធីតាមរយៈយន្តទ្វេភាគី និងយន្តការច្បាប់អន្តរជាតិ។
វិស័យការពារជាតិ
ដោយ

សម្តេចតេជោ បានសង្កត់ធ្ងន់ថា កម្ពុជា មិនមែនខ្វះកម្លាំង និងសព្វាវុធសម្រាប់វាយគ្នានោះទេ តែកម្ពុជា មិនចង់វាយជាមួយអ្នកណាឡើយ។ អ្នកជំនាញ និងអ្នកតាមដានស្ថានការណ៍សង្គមបានបង្ហាញការគាំទ្រចំពោះការប្រកាន់គោលជំហររបស់រដ្ឋាភិបាល ដែលមិនចង់ធ្វើសង្គ្រាមជាមួយប្រទេសថៃ។ តែទោះជាយ៉ាងណាក៏ដោយក្រុមអ្នកជំនាញ ស្នើឱ្យរាជរដ្ឋាភិបាលត្រូវត្រៀមជើងព្រួលជានិច្ច ដើម្បីការពារខ្លួន និងបូរណភាពទឹកដី។

លោកបណ្ឌិត មាស នី អ្នកតាមដានការអភិវឌ្ឍសង្គម បានបង្ហាញការគាំទ្រចំពោះគោលជំហររបស់រដ្ឋាភិបាល ដែលមិនចង់បង្កើតសង្គ្រាម និងប្រើយន្តការចរចាទ្វេភាគី និងតុលារការអន្តរជាតិ ដើម្បីដោះស្រាយជម្លោះជាមួយថៃ។ អ្នកជំនាញរូបនេះ បានអះអាងថា ការផ្ទុះសង្គ្រាមចង់ ឬមិនចង់វានឹងធ្វើឱ្យប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ ពិសេសធ្វើឱ្យមនុស្សបាត់ជីវិត តែយ៉ាងណាសង្គ្រាមជាជម្រើសចុងក្រោយក្នុងករណីមិនអាចជៀសផុត និងមានការឈ្លានពានពីថៃ។ លោកបណ្ឌិតបានបន្ថែមថា បច្ចុប្បន្នទោះមិនទាន់មានសង្គ្រាម ប៉ុន្តែភាពតានតឹងបានធ្វើឱ្យភាគីទាំងពីររងគ្រោះទៅវិញទៅមកបាត់ទៅហើយ ទោះយ៉ាងណាកម្ពុជា គួរតែត្រៀម​ក្នុងការការពារខ្លួន និងបូរណភាពទឹកដីក្នុងករណីមានការវាយប្រហារពីភាគីថៃ។

​ជាមួយគ្នានេះ លោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវ និងជាអ្នកជំនាញទស្សនវិជ្ជានៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា តាមរយៈការប្រកាន់ខ្ជាប់នូវគោលជំហររបស់រដ្ឋាភិបាលមិនចង់បង្កើតសង្គ្រាមនេះ គឺដើម្បីបញ្ចៀសការបាត់បង់អាយុជីវិតកងទ័ពជួរមុខ ជនស៊ីវិល ការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ។ បើតាមលោកបណ្ឌិត ការធ្វើសង្គ្រាម គឺចាំបាច់ត្រូវចំណាយថវិការច្រើនទៅលើគ្រឿងសព្វាវុធ ហើយចំណងកាទូត ក៏ពិបាកស្ដារឡើងវិញផងដែរ ដែលកត្តានេះ អាចជះផលប៉ះពាល់អវិជ្ជមានដល់អនាគតនៃប្រទេសទាំងពីរ។

​សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងសារពិសេសពីកិច្ចប្រជុំព្រឹទ្ធសភានាថ្ងៃទី១៦ ខែមិថុនា ថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នាពេលខាងមុខនេះ កម្ពុជា មិនចង់ឃើញសមាជិកអាស៊ានគាំទ្រកម្ពុជា ឱ្យធ្វើសង្គ្រាមជាមួយថៃ នោះទេ តែកម្ពុជា ចង់ឱ្យមានការគាំទ្រជំរុញឱ្យភាគីកម្ពុជា និងថៃ ដោះស្រាយគ្នាដោយសន្តិវិធី តាមរយៈយន្តការទ្វេភាគី និងតុលាការអន្តរជាតិ ICJ។ សម្ដេចតេជោ បានបញ្ជាក់ថា កម្ពុជា មិនមែនខ្វះអាវុធ ឬកម្លាំងដើម្បីវាយគ្នានោះទេ ប៉ុន្តែកម្ពុជា មិនចង់វាយអ្នកណាទាំងអស់ ហើយ ICJ ជាជម្រើសសន្តិភាពរបស់កម្ពុជា។

​គួរបញ្ជាក់ថា ភាពតានតឹងដែលកំពុងបន្តកើតមាននៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលបង្កឡើងដោយការប៉ះទង្គិចយោធានៅតំបន់មុំបី ដែលធ្វើឱ្យទាហានខ្មែរម្នាក់ពលីដោយសារទាហានថៃ បាញ់ប្រហារ កាលពីថ្ងៃទី២៨ ខែឧសភា បានធ្វើឱ្យជម្លោះព្រំដែនរីកកាន់តែធំដោយមិនទាន់មានដំណោះស្រាយច្បាស់លាស់នៅឡើយទេ ហើយនាយកដ្ឋានពាណិជ្ជកម្មបរទេសថៃ បានទទួលស្គាល់ថា ការបិទព្រំដែនជាមួយកម្ពុជា បានគំរាមកំហែងដល់សេដ្ឋកិច្ចថៃ ខណៈពាណិជ្ជកម្មឆ្លងដែនក៏រងសម្ពាធ៕

អត្ថបទ​៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីថៃប្រកាសក្ដែងៗថា នឹងមិនអត់ឱនចំពោះការគំរាមកំហែងឬការផ្សាយព័ត៌មានមិនពិតណាមួយនោះឡើយ ក្រោយសម្ដេចតេជោ ព្រមានបិទការនាំចូលបន្លែផ្លែឈើពីថៃ

នាយករដ្ឋមន្ត្រីថៃលោកស្រី ផៃថងថាន ស៊ីណាវ៉ាត្រា បានប្រកាសប្ដេជ្ញាថា លោកស្រីនឹងមិនអត់ឱនចំពោះការគំរាមកំហែង ឬការផ្សាយព័ត៌មានមិនពិតណាមួយនោះឡ…

តើវិស័យអចលនទ្រព្យនៅកម្ពុជា ត្រូវការពេលប៉ុន្មានទៀត ដើម្បីរលាស់ខ្លួនទៅរកប្រក្រតីភាពឡើងវិញ?

វិស័យអចលនទ្រព្យនៅកម្ពុជា នៅមិនទាន់មានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់នៅឡើយទេ ក្រោយពីបានដាំក្បាលចុះអស់រយៈពេលជាច្រើនឆ្នាំ ដោយសារឥទ្ធិពលនៃវិបត្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ