ធនាគារ SME

ធនាគារ SME បានផ្តល់ហិរញ្ញប្បទានអស់ជិត៥០០លានដុល្លារ ដល់សហគ្រាសជាង៣ពាន់គិតត្រឹមដំណាច់ឆ្នាំ២០២៣


គិតត្រឹមដំណាច់ឆ្នាំ២០២៣ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា(SME) បានផ្តល់ហិរញ្ញប្បទាន ក្នុងទំហំទឹកប្រាក់ជិត៥០០លានដុល្លារអាម៉េរិក ដល់សហគ្រាសជាង៣ពាន់២រយ តាមរយៈគម្រោងហិរញ្ញប្បទានដោយផ្ទាល់ និងគម្រោងសហហិរញ្ញប្បទាន ដែលសហការជាមួយស្ថាបន្នហិរញ្ញវត្ថុចូលរួម។ ដោយឡែក សម្រាប់ឆ្នាំ២០២៤ នេះ ធនាគារ SME គ្រោងកញ្ចប់ថវិកាប្រមាណ១0០លានដុល្លារអាម៉េរិក បន្ថែមទៀត សម្រាប់ការផ្តល់ហិរញ្ញប្បទានជូនអតិថិជនគោលដៅរបស់ខ្លួន។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត លឹម អូន អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យម។
ធនាគារ SME
ដោយ

យ៉ាងណាមិញ តាមរយៈគោលនយោបាយ និងកម្មវិធីគាំទ្រទាំងនេះ នឹងធ្វើឲ្យវិស័យ SME កម្ពុជា នឹងមានភាពល្អប្រសើរ និងរួមចំណែកដល់ការពង្រឹងភាពធននៃសេដ្ឋកិច្ច ក៏ដូចជាការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។

លោកបណ្ឌិត លឹម អូន អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យម បានគូសបញ្ជាក់ថា វិស័យ SME កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកជួយអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅកម្ពុជា ហើយគោលនយោបាយ និងកម្មវិធីគាំទ្ររបស់រាជរដ្ឋាភិបាល ក្នុងផ្ដល់ហិរញ្ញប្បទានតាមរយៈធនាគារ SME ជាបន្តបន្ទាប់មានគោលបំណងធ្វើឲ្យវិស័យ SME កម្ពុជា មានភាពល្អប្រសើរ និងរួមចំណែកដល់ការពង្រឹងភាពធននៃសេដ្ឋកិច្ច ក៏ដូចជាការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។ ជាក់ស្ដែងគិតត្រឹមដំណាច់ឆ្នាំ២០២៣ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា(SME) បានផ្តល់ហិរញ្ញប្បទានក្នុងទំហំទឹកប្រាក់ប្រមាណ៤៩០លានដុល្លារអាម៉េរិកដល់សហគ្រាសជាង៣ពាន់២រយ តាមរយៈយន្តការហិរញ្ញប្បទានពីរសំខានៗ ដូចជាគម្រោងហិរញ្ញប្បទានដោយផ្ទាល់ និងគម្រោងសហហិរញ្ញប្បទាន ដែលសហការជាមួយស្ថាប័នហិរញ្ញវត្ថុចូលរួមជាដៃគូ។ ដោយឡែកសម្រាប់ឆ្នាំ២០២៤ នេះ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជាបានគ្រោងកញ្ចប់ថវិកាប្រមាណ១០០លានដុល្លារអាម៉េរិក បន្ថែមទៀត សម្រាប់ការផ្តល់ហិរញ្ញប្បទានជូនអតិថិជនគោលដៅរបស់ខ្លួន។

បើតាមលោកបណ្ឌិត លឹម អូន រាជរដ្ឋាភិបាលនិតិកាលទី៧ តាមរយៈគោលនយោបាយបញ្ចកោណដំណាក់កាលទី១ បានដាក់ចេញយន្តការ និងកម្មវិធីជាច្រើន ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម។ ជាក់ស្តែងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ ត្រូវបានប្រកាសឲ្យអនុវត្ត ជាមួយនឹងចក្ខុវិស័យអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឲ្យរីកធំធាត់ និងមានលទ្ធភាពចូលក្នុងប្រព័ន្ធ ហើយប្រែក្លាយទៅជាកម្លាំងចលករ ដ៍សំខាន់ក្នុងការកែលម្អជីវភាពប្រជាជន និងអាចរួមចំណែកជាអតិបរមាក្នុងការឈានទៅសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។

បន្ថែមលើនេះ រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចជូនធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជាក្នុងការអនុវត្តកម្មវិធីកម្ចីដោយផ្ទាល់ដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប ជាមួយនឹងទឹកប្រាក់ចំនួន៥០លានដុល្លារអាមេរិក ជាផ្នែកមួយនៃការដាក់ចេញនូវវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលកើតចេញពីលទ្ធផលនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ។

លោកបណ្ឌិត លឹម អូន បានគូសបញ្ជាក់ថា គិតត្រឹមដំណាច់ឆ្នាំ២០២៣ ធនាគារបានទទួលពាក្យស្នើសុំកម្ចីប្រមាណ៦លានដុល្លារអាម៉េរិក ហើយសម្រាប់អតិថិជនដែលកំពុងជាប់កិច្ចសន្យាខ្ចីឥណទាននៅធនាគារដទៃ ក៍អាចស្នើសុំកម្ចីពី SME Bank បានដែរ តែត្រូវគោរពតាមលក្ខណតម្រូវនៃគម្រោង ជាពិសេសដូចជាត្រូវតែជាអាជីវកម្មដែលទាក់ទងដោយផ្ទាល់នឹងវិស័យទេសចរណ៍ គោលបំណងប្រើប្រាស់ទុនត្រូវតែច្បាស់លាស់ និងលទ្ធភាពក្នុងការស្តារអាជីវកម្មឡើងវិញ ក្រោយទទួលបានកម្ចីពីកម្មវិធីនេះ ជាដើម។ ក៏ប៉ុន្តែទាក់ទងនឹងកញ្ចប់ថវិកាសម្រាប់កម្មវិធីនេះនៅមានកម្រិត ពោលគឺត្រឹម៥០លានដុល្លាអាម៉េរិក ដូច្នេះការផ្តល់ឥណទានត្រូវតែចំគោលដៅ សំដៅរួមចំណែកក្នុងការជួយជំរុញការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តសៀមរាប ស្របតាមចក្ខុវិស័យ និងការគិតគូរបស់រាជរដ្ឋាភិបាល។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត លឹម អូន អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យម។

លោកបណ្ឌិត លឹម អូន កត់សម្គាល់ឃើញថា បច្ចុប្បន្នវិស័យ SME កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដែលមានប្រមាណ៩៨% នៃសហគ្រាសអាជីវកម្មសរុបទូទាំងប្រទេសកម្ពុជា និងបានរួមចំណែកប្រមាណ៥៨% នៃផលិតផលក្នុងស្រុកសរុប (GDP) និងផ្តល់ការងារដល់ប្រជាជនប្រមាណ៧០%។ ទោះបីបច្ចុប្បន្ន វិស័យនេះមានការរីកចម្រើនក៏ពិតមែន ប៉ុន្តែសហគ្រាសមួយចំនួនធំកំពុងបន្តស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងមិនទាន់ចុះបញ្ជីផ្លូវការនៅឡើយ ដែលពិបាកក្នុងការគ្រប់គ្រង និងផ្តល់ការគាំទ្រឲ្យចំគោលដៅ ហើយខ្លះទៀតកំពុងជួបនូវបញ្ហាប្រឈម ដូចជាកង្វះដើមទុនដើម្បីពង្រីក-ពង្រឹងអាជីវកម្ម កង្វះសមត្ថភាពក្នុងការគ្រប់គ្រងអាជីវកម្ម និងមិនមានលទ្ធភាពប្រកួតប្រជែង ដែលទាមទាឲ្យមានការគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ បច្ចេកទេស ការជំរុញរកទីផ្សារ និងការបណ្តុះបណ្តាលជំនាញជាដើម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមានកត្តាអ្វីខ្លះទាញទម្លាក់ការលក់រថយន្តជជុះឱ្យធ្លាក់ចុះ៣០% នៅឆ្នាំ២០២៣?

ព័ត៌មាន
បើតាមការគូសបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ នៃសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា ការលក់រថយន្តនៅកម្ពុជាក្នុងឆ្នាំ២០២៣ មានការធ្លាក់ចុះប្រមាណ២០% បើធៀប…

តើវិស័យបរធនបាលកិច្ចបានរួមចំណែកអ្វីខ្លះ ក្នុងការជួយស្ដារនិងជំរុញការអភិវឌ្ឍវិស័យអចលនទ្រព្យកម្ពុជាដែលកំពុងរងសម្ពាធពីវិបត្តិសកល?

ព័ត៌មាន
ដ្បិតថាបរធនបាលកិច្ច គឺជាវិស័យថ្មីមួយសម្រាប់កម្ពុជា តែវិស័យនេះបានបន្តរីកចម្រើនយ៉ាងឆាប់រហ័ស និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ