កម្ពុជារៀបចំពិធីរត់ភ្លើងគប់

កម្ពុជារៀបចំពិធីរត់ភ្លើងគប់ ដើម្បីបង្ហាញពីភាពរួចរាល់ក្នុងការធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម


កម្ពុជានៅព្រឹកថ្ងៃទី២១ ខែមីនា បានរៀបចំព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក្រោមព្រះរាជធិបតី ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជានៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប។
កម្ពុជារៀបចំពិធីរត់ភ្លើងគប់ ដើម្បីបង្ហាញពីភាពរួចរាល់ក្នុងការធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម រូបភាព Samdech Hun Sen Cambodian Prime Minister

បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម គោលបំណងនៃការរៀបចំព្រះរាជពិធីនេះដ៏អស្ចារ្យនេះ គឺដើម្បីបង្ហាញឲ្យប្រទេសសមាជិកអាស៊ាន និងលើពិភពលោកដឹងថា កម្ពុជាបានត្រៀមខ្លួនរួចរាល់ហើយក្នុងការធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមជាប្រវត្តិសាស្ត្រមួយនេះ។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍បានគូសបញ្ជាក់ថា ការរៀបចំព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងរត់ភ្លើងគប់កាលពីព្រឹកថ្ងៃទី២១ ខែមីនា ធ្វើឡើងក្នុងគោលបំណង ដើម្បីបង្ហាញប្រទេសសមាជិកក្នុងតំបន់អាស៊ាន និងពិភពលោកឲ្យឃើញថា កម្ពុជាបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ធ្វើជាម្ចាស់ផ្ទះគារប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២នៅឆ្នាំនេះ។ ការរៀបចំព្រះរាជពិធីនេះធ្វើឡើងក្រោមព្រះរាជធិបតីព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត នៅបរិវេណប្រាសាទអង្គរវត្ត ខេត្តសៀមរាប។ ការដង្ហែរភ្លើងគប់ត្រូវធ្វើឡើងដោយឆ្លងកាត់ប្រទេសជាសមាជិកក្នុងតំបន់អាស៊ានចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃបើកការប្រកួតកីឡាស៊ីហ្គេមជាផ្លូវការនៅថ្ងៃទី៥ ខែឧសភា តែម្តង។
សម្រាប់សម្តេចពិជ័យសេនា ទៀ បាញ់ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមមិនមែនត្រឹមតែជាការប្រកួតកីឡានោះទេ ថែមទាំងជាវេទិការមួយក្នុងការជួយផ្សព្វផ្សាយវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ទេសចរណ៍ និងសេដ្ឋកិច្ចកម្ពុជាថែមទៀតផង។ លើសពីនេះ វាក៏អាចជាផ្នែកមួយក្នុងការជួយទាក់ទាញការវិនិយោគពីក្រៅប្រទេសមកកាន់ប្រទេសកម្ពុជាផងដែរ។
ពាក់ព័ន្ធនឹងប្រវត្តិនៃការរង់ភ្លើងគប់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានគូសបញ្ជាក់ថា រៀងរាល់មុនការប្រកួតកីឡាធំៗដូចជាកីឡាអូឡាំពិក អាស៊ីហ្គេម និងអាស៊ានហ្គេមឈានចូលមកដល់ប្រទេសធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាធំៗទាំងនេះតែងតែប្រារព្ធពិធីសុំភ្លើងអាទិទេពនិងរត់ភ្លើងគប់ឆ្លងកាត់ប្រទេសជាសមាជិកនីមួយៗរហូតដល់ថ្ងៃបើកការប្រកួតជាផ្លូវការ។ បើតាមពន្យល់របស់ថ្នាក់ដឹកនាំរូបនេះ ពិធីសុំភ្លើងអាទិទេព និងរត់ភ្លើងគប់នេះត្រូវបានធ្វើឡើងតាមបែបព្រហ្មញ្ញសាសនាតាំងពីជាងពីរពាន់ឆ្នាំមុនគ្រឹះសករាជមកម្ល៉េះ ដោយកាលនោះប្រទេសក្រិកបុរាណរៀងរាល់ការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកបុរាណនៅលើភ្នំអូឡាំព្យាតែងតែប្រារព្ធពិធីសុំភ្លើងអាទិទេពចេញពីកម្តៅព្រះអាទិត្យ សម្រាប់បើកព្រឹត្តិការណ៍កីឡាមួយនេះ ហើយត្រូវបានគេធ្វើតៗគ្នារហូតមកដល់បច្ចុប្បន្ន។ តាមជំនឿព្រះអគ្គិជ័យកីឡាត្រូវបានគេចាត់ទុកជានិមិត្តរូបកម្លាំងថាមពលនៃជីវិតមនុស្សសត្វ និងជាសុភាវធម៌ដ៏បរិសុទ្ធ ដែលផ្តល់នូវសេចក្តីសុខ សុភមង្គល និងសន្តិភាពដល់មនុស្សជាតិ។
បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ថោង ខុន គិតត្រឹមថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ មានប្រតិភូកីឡាមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ានចំនួន១ម៉ឺន១ពាន់៤៥៣នាក់ហើយ បានចុះឈ្មោះចូលរួមព្រឹត្តិការណ៍ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រមួយនេះ។ តែយ៉ាងណាចំនួននេះអាចនឹងមានការកើនឡើងបន្ថែមទៀត ដ្បិតថាការចុះឈ្មោះមិនទាន់បានបិទបញ្ចប់នោះទេ។ ក្នុងចំណោមប្រទេសសមាជិកអាស៊ាន រួមទាំងទីម័រខាងកើត ប្រតិភូកីឡាមកពីប្រទេសឥណ្ឌូនេស៊ី និងថៃបានចុះឈ្មោះចូលរួមច្រើនជាងគេ ដោយប្រទេសនីមួយៗមានអ្នកចុះឈ្មោះជាង១ពាន់៧រយនាក់។

មកទល់ពេលនេះនៅសល់តែជាង៤០ថ្ងៃទៀតប៉ុណ្ណោះ ការប្រកួតកីឡាស៊ីហ្គេមដែលម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងឈានចូលមកដល់ ពោលគឺព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងចាប់ផ្តើមពីថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣ មុន១ខែនៃការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២៕




អត្ថបទបន្ទាប់


ធនាគារ ADB នឹងរៀបចំសន្និសីទស្ដីពីការអភិវឌ្ឍតំបន់អាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ ដោយផ្តោតលើការលុបបំបាត់ការសាយភាយសាធាតុកាបូន

ព័ត៌មាន
ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ ADB កំពុងត្រៀមរៀបចំសន្និសីទធំមួយ ស្ដីពីការអភិវឌ្ឍតំបនអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ (SEADS 2023) ដោយផ្តោតលើ «កា…

កម្ពុជារំពឹងផលិតអំបិលបានច្រើននៅឆ្នាំនេះ ខណៈនៅជាងពីរខែដើមឆ្នាំផលិតបានជាង ២ម៉ឺនតោន

ព័ត៌មាន
រដូវប្រមូលផលអំបិលបានឈានចូលមកដល់បណ្តើរៗហើយ ដោយគិតមកទល់ពេលនេះការប្រមូលផលអំបិលនៅខេត្តកែប និងកំពតសម្រេចបានជាង២ម៉ឺនតោនហើយ ដែលកំពុងផ្តល់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ