តៃវ៉ាន់-ចិន

កោះតៃវ៉ាន់បាញ់ទម្លាក់យន្តហោះដ្រូនរបស់ប្រទេសចិនជាលើកដំបូងនៅឆ្នេរសមុទ្រចិន


យោធាតៃវ៉ាន់បានសម្រេចបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកស៊ីវិលមិនស្គាល់អត្តសញ្ញាណមួយទៀត ដែលគេសង្ស័យថាជារបស់ប្រទេសចិន បានហោះចូលដែនអាកាសរបស់តៃវ៉ាន់នៅជិតកោះមួយនៅឆ្នេរសមុទ្រចិនកាល។ ការបាញ់ទម្លាក់ដ្រូននេះ គឺធ្វើឡើងបន្ទាប់ពីអាជ្ញាធរតៃវ៉ាន់បានប្តេជ្ញាចាត់វិធានការតឹងតែង ដើម្បីដោះស្រាយការកើនឡើងកាន់តែខ្លាំងនៃភាពចម្រូងចម្រាស់រវាងចិន និងតៃវ៉ាន់នាពេលចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងាររ៉យទ័រ។
កោះតៃវ៉ាន់បាញ់ទម្លាក់យន្តហោះដ្រូនរបស់ប្រទេសចិនជាលើកដំបូង

រដ្ឋាភិបាល​ក្រុងប៉េកាំង ​​បានធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់តាំងពីដើមខែសីហាមកម្ល៉េះ ​​ដើម្បីឆ្លើយតប​នឹង​​ដំណើរទស្សនកិច្ចរបស់​ប្រធានសភាសហរដ្ឋ​អាមេរិក​​លោក​ស្រី​ Nancy Pelosi ទៅកាន់ទីក្រុងតៃប៉ិ។

អាជ្ញាធរតៃវ៉ាន់បាននិយាយថា ខ្លួននឹងមិនបង្កភាពតានតឹង ឬបង្កើនភាពតានតឹងនោះទេ ប៉ុន្តែ​ថ្មីៗនេះខ្លួន​​បាន​ខឹងសម្បារយ៉ាង​ខ្លាំង ​ចំពោះទង្វើ​ជា​ដដែលៗ​នៃការ​បង្ហោះ​យន្តហោះគ្មានមនុស្ស​​បើក​របស់ចិន​ឆ្វែល​ក្រឡឹង​ជុំវិញ​កោះ ដែលគ្រប់គ្រងដោយតៃវ៉ាន់​​នៅជិតឆ្នេរសមុទ្រ​របស់ប្រទេសចិន។​

យោធាតៃវ៉ាន់​ប្រចាំនៅកោះ​ Kinmen ជាក្រុម​ប្រជុំកោះមួយ​ដែលគ្រប់គ្រងដោយតៃវ៉ាន់​នៅ​ទល់មុខទីក្រុង Xiamen និង Quanzhou របស់ប្រទេសចិននោះ​ បាននិយាយក្នុង​សេចក្តីថ្លែងការណ៍ថា យន្ត​ហោះ​ដ្រូនរបស់​ចិន​នេះ​ត្រូវ​បានបង្ហោះ​ចូលទៅក្នុងលំហអាកាសស្ថិត​នៅ​លើ​លើកោះ Lion Islet​ កាល​ពី​រសៀល​ថ្ងៃទី ០១​ខែកញ្ញា​នេះ​។​

កងទ័ពនៅលើកោះនេះបានព្យាយាមបាញ់ព្រមាន ឲ្យ​ដ្រូននោះ​​ហោះទៅឲ្យ​ឆ្ងាយ​ពី​ទី​នោះ ​ប៉ុន្តែគ្មានប្រសិទ្ធភាព​នោះ​ទេ ​ដូច្នេះ​ហើយ​នៅ​ទី​បំផុត​កង​ទ័ព​តៃវ៉ាន់​ក៏​បាញ់​ទម្លាក់ចូលវាទៅ​ក្នុង​សមុទ្រ​តែ​ម្ដង​ទៅ​។​ ការបាញ់ទម្លាក់ដ្រូនគ្មានអត្តសញ្ញាណមួយនេះ បាន​កើត​ឡើង​ក្រោយ​ពី​តៃវ៉ាន់​កាលពីថ្ងៃទី ៣០ខែសីហា ​បាន​បាញ់​ព្រមានទៅ​​លើ​យន្តហោះដ្រូន​របស់យោធាចិន បន្ទាប់​ពី​ប្រធានាធិបតីតៃវ៉ាន់​លោក​ស្រី​ Tsai Ing-wen បាន​បញ្ជា​ឱ្យ​​យោធា​តៃវ៉ាន់​ចាត់​វិធានការ​ប្រឆាំង​នឹង​អ្វី​ដែល​លោកស្រី​បាន​​ហៅថា​ការ​បង្កហេតុ​របស់​ចិន​។ ប៉ុន្ដែ ការបាញ់ដ្រូន​កាលពីថ្ងៃ ទី៣០ ខែសីហានោះ មិនបានធ្លាក់នោះទេ ដោយវាបានហោះត្រឡប់ទៅកាន់ទឹកដីចិនវិញ។

លោក Chiu Chui-cheng អនុប្រធានក្រុមប្រឹក្សាកិច្ចការចិនដីគោកនៅ​តៃវ៉ាន់​​បានប្រាប់​អ្នកយកព័ត៌មាន​នៅទីក្រុងតៃប៉ិថា​ ​តៃវ៉ាន់មានសិទ្ធិអំណាចផ្លូវច្បាប់ក្នុងការចាត់​​វិធានការ​ការពារ​ចាំបាច់​ព្រោះ​​យន្តហោះរបស់ចិនមិនត្រូវបានអនុញ្ញា​តឱ្យហោះ​ចូលទៅក្នុងលំហអាកាសរបស់​ដែន​កោះ​ Kinmen នោះ​ឡើយ​ ហើយ​វិធាន​ការ​ដែល​តៃវ៉ាន់អាច​ប្រើ​​បាន​គឺ​​ការ​បង្ខំ​យន្ត​ហោះ​ចាក​ចេញ​ពី​​លំហ​អាកាស​របស់ខ្លួន ឬ​ក៏ត្រូវបង្ខំឲ្យ​ចុះ​​ចតភ្លាមៗតែ​ម្ដង​។​​

ថ្លែងទៅកាន់កងកម្លាំងប្រដាប់អាវុធកា​ល​ពី​ថ្ងៃទី ១ខែកញ្ញា លោកស្រី Tsai មេកនាំតៃវ៉ាន់ បាននិយាយថា ​ប្រទេសចិន​កំពុងប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ​និងយុទ្ធសាស្ត្រ​«តំបន់ប្រផេះ»​ផ្សេងៗ​ទៀត​​​ដើម្បីព្យាយាម​បំភិតបំភ័យតៃវ៉ាន់ ហើយ​ថា​តៃវ៉ាន់នឹងមិនបង្កជម្លោះនោះ​ទេ ប៉ុន្តែមិនមែនមានន័យថាតៃវ៉ាន់​នឹងមិនចាត់វិធានការតបតវិញ​នោះ​ឡើយ​៕

អត្ថបទើ សុខ ជា




អត្ថបទបន្ទាប់


លុយយ៉េនរបស់ជប៉ុនធ្លាក់ថ្លៃខ្លាំងមិនធ្លាប់មានក្នុងរយៈពេលជាង២០ឆ្នាំមកនេះ

ព័ត៌មាន
ជាលើកដំបូងចាប់តាំងពីខែសីហាឆ្នាំ១៩៩៨ រូបិយប័ណ្ឌយ៉េនរបស់ជប៉ុនកាលពីថ្ងៃទី ០១ កញ្ញា បានធ្លាក់ថ្លៃខ្លាំងបំផុតដល់កម្រិតអត្រា១៤០យ៉េនធៀបនឹងមួ…

ប៉ូឡូញទាមទារសំណងពីអាល្លឺម៉ង់ ១,៣ ទ្រីលានដុល្លារ ដែលបង្កបានការខូតខាតក្នុងសម័យសង្គ្រាមលោកលើកទី ២

ព័ត៌មាន
មេដឹកនាំជាតិនិយមដែលកំពុងកាន់អំណាចរបស់ប្រទេសប៉ូឡូញបានជីកកកាយ សើរើរឿងរាវនៃការបំផ្លិតបំផ្លាញប្រទេសខ្លួនកាលពីសម័យសង្គ្រាមលើកលោកទី២ ដោយស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ