លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា សង្កេតឃើញថា ក្រោយកម្ពុជានិងឥណ្ឌាភ្ជាប់ជើងហោះហើរជាមួយគ្នាជាង២ខែកន្លងមកនេះ ចំនួនអ្នកទេសចរឥណ្ឌាចូលមកម្ពុជា មានការកើនឡើងប្រមាណ៤០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ប៉ុន្តែចំនួននេះមិនទាន់ឈានដល់កម្រិតដូចអ្វីដែលប្រតិបត្តិកររកស៊ីក្នុងវិស័យនេះចង់បាននៅឡើយទេ។
យ៉ាងណាមិញ អ្នកជំនាញរូបនេះបានលើកហេតុផលសំខាន់មួយ ដែលអាចធ្វើឱ្យចំនួនភ្ញៀវទេសចរឥណ្ឌាមកកម្សាន្តនៅកម្ពុជានៅមានកម្រិតនោះ គឺដោយសារភ្ញៀវទេសចរឥណ្ឌាមកដល់កម្ពុជា ក្នុងរង្វង់ម៉ោង៣ទៀបភ្លឺ ដែលតម្រូវឱ្យភ្ញៀវបង់តម្លៃបន្ថែម ដើម្បីចូលស្នាក់នៅក្នុងសណ្ឋាគារជាហេតុធ្វើឱ្យសេវាទេសចរមានតម្លៃថ្លៃ។ តែយ៉ាងណាបញ្ហានេះត្រូវបានកែសម្រួល ហើយលោកជំទាវរំពឹងថា ចំនួនភ្ញៀវទេសចរឥណ្ឌាមកកម្ពុជានឹងមានភាពល្អប្រសើរបន្ថែមទៀត។
ដោយឡែកលោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា យល់ឃើញថា មកទល់ពេលនេះ ជើងហោះហើរត្រង់រវាងកម្ពុជា ឥណ្ឌា មានចំនួនជាង២ខែប៉ុណ្ណោះ ខណៈការបើកច្រកនីមួយៗត្រូវការការគាំទ្រពីរដ្ឋាភិបាលនៃប្រទេសទាំងពីរ និងត្រូវការផ្សព្វផ្សាយគោលដៅនានាយ៉ាងតិចចំនួន៨ខែជាមុនដែរ។ តែយ៉ាងណា អ្នកជំនាញរូបនេះ ចាត់ទុកប្រតិបត្តិការហោះហើរត្រង់រវាងកម្ពុជានិងឥណ្ឌាក្នុងឆ្នាំ២០២៤នេះ គឺជាជោគជ័យមួយ និងទាមទារឱ្យមានការអត់ធ្មត់បន្ថែមទៀត។
បើតាមអ្នកជំនាញរូបនេះក្រសួងទេសចរណ៍ត្រូវតែនាំមុខក្នុងការផ្សព្វផ្សាយនៅតាមគោលដៅនានាក្នុងប្រទេសឥណ្ឌា ដោយជំរុញការផ្សព្វផ្សាយឱ្យបានច្រើន និងត្រូវកែប្រែនូវរាល់ចំណុចខ្វះខាតដែលកម្ពុជាមាន។
បើតាមលោក ធួន ស៊ីណាន នៅពេលដែលកម្ពុជា ត្រូវការអ្នកទេសចរ គឺជាពេលវេលាដ៏សំខាន់ដែលត្រូវធ្វើការផ្សព្វផ្សាយទៅកាន់បណ្ដាគោលដៅនានា ខណៈនៅក្នុងរយៈពេលកន្លងមកនេះ វិស័យឯកជនបានចូលរួមចំណែកយ៉ាងខ្លាំងក្នុងការផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក។
សូមបញ្ជាក់ថា កម្ពុជា-ឥណ្ឌា បានសម្ពោធជើងហោះហើរទី១ ជាប្រវត្តិសាស្ត្រលើការតភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសកម្ពុជា និងឥណ្ឌា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីជួយសម្រួលការធ្វើដំណើរ និងកាត់បន្ថយការចំណាយរបស់អតិថិជន។ កម្ពុជារំពឹងថា តាមរយៈជើងហើរត្រង់នេះ វានឹងរួមចំណែកជួយអភិវឌ្ឍន៍វិស័យអាកាសចរណ៍ ទេសចរណ៍ និងជំរុញការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរបន្ថែមទៀត៕
អត្ថបទ៖ បូ ដូឡា