លោកជំទាវ ឆាយ សីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានគូសបញ្ជាក់ថា ការចុះកិច្ចព្រមព្រៀងរវាងសមាគមទេសចរណ៍កម្ពុជា ជាមួយសមាគមទេសចរណ៍ឥណ្ឌា កាលពីពេលថ្មីៗ ធ្វើឡើងក្នុងគោលបំណងដើម្បីរួមគ្នាជួយផ្សព្វផ្សាយអំពីសក្កានុពលនៃវិស័យទេសចរណ៍នៃប្រទេសទាំងពីរ ជាពិសេសជួយទាក់ទាញភ្ញៀវទេសចររវាងគ្នាទៅវិញទៅមក។
លើសពីនេះ ដើម្បីជួយគាំទ្រដល់គម្រោងបើកជើងហោះហើរត្រង់រវាងកម្ពុជា-ឥណ្ឌា ក្នុងពេលឆាប់ៗខាងមុខឱ្យកាន់តែទទួលបានជោគជ័យបន្ថែមទៀត។ ក្រៅពីជួយផ្សព្វផ្សាយ និងជំរុញកំណើនភ្ញៀវទេសចររវាងគ្នានិងគ្នា កិច្ចសហប្រតិបត្តិការនេះ ក៏នឹងមានការផ្លាស់ប្តូរអ្នកជំនាញទេសចរណ៍នៃប្រទេសទាំងពីរ ដើម្បីទៅសិក្សាអំពីតម្រូវការ និងសក្តានុពលនៃផលិតផលទេសចរណ៍នៃប្រទេសទាំងពីរផងដែរ។
បើតាមអ្នកជំនាញរូបនេះ ទោះបីជាកន្លងមកកម្ពុជា-ឥណ្ឌា នៅមិនទាន់មានជើងហោះហើរត្រង់ជាមួយគ្នាក៏ពិតមែន ប៉ុន្តែកម្ពុជា នៅតែទទួលបានរំហូរភ្ញៀវទេសចរឥណ្ឌាជាហូរហែតាមរយៈការហោះហើរពីប្រទេសជិតខាង ហើយការហូរចូលរបស់ទេសចរឥណ្ឌានេះ ក៏បានចូលរួមចំណែកយ៉ាងច្រើនផងដែរក្នុងការជួយជំរុញវិស័យទេសចរណ៍កម្ពុជា។
លោកជំទាវមានក្តីរំពឹងខ្ពស់ និងជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ ភ្ញៀវទេសចរឥណ្ឌានឹងចូលមកកម្ពុជា កាន់តែច្រើនបន្ថែមទៀត ដ្បិតថា ឥណ្ឌាជាប្រទេសមួយដែលមានប្រជាជនច្រើនជាងគេនៅលើពិភពលោករហូតដល់ជាង១ពាន់៤រយលាននាក់ឯណោះ។
ម្យ៉ាងទៀត ឥណ្ឌាក៏ជាទេសចរសក្តានុពលមួយរបស់កម្ពុជាផងដែរ ដោយពួកគេមានការចាប់អារម្មណ៍ខ្លាំងក្នុងការមកលេងកម្ពុជា ពីព្រោះកម្ពុជាមានប្រាសាទបុរាណ ដែលមានប្រវត្តិជាប្រាសាទរបស់សាសនាហិណ្ឌូដ៏ធំជាងគេមួយបន្ទាប់ពីប្រាសាទនៅក្នុងប្រទេសឥណ្ឌា។
យ៉ាងណាក៏ដោយចុះ ដើម្បីទាក់ទាញភ្ញៀវទេសចរឥណ្ឌាឱ្យមកកម្ពុជាកាន់តែច្រើន និងឆាប់រហ័សនោះ លោកជំទាវ ឆាយ ស៊ីវលីន លើកទឹកចកិត្តដល់ប្រតិបត្តិករទេសចរណ៍ទាំងអស់ត្រូវរៀបចំផលិតផលទេសចរណ៍របស់ខ្លួនធ្វើយ៉ាងណាឱ្យត្រូវតាមវប្បធម៌របស់ទេសចរឥណ្ឌា ពោលគឺត្រូវមានទាំងការរៀបចំបែបសាសនា ធុរកិច្ច ក្រុមគ្រួសារ និងមង្គលការជាដើម ជាពិសេសត្រូវរៀបចំនូវការលក់វត្ថុអនុស្សាវរីយ៍ផ្សេងៗ ដោយសារទេសចរឥណ្ឌាភាគច្រើនចូលចិត្តចាយវាយលើការទិញសម្ភារទាំងអស់នោះពេលត្រឡប់ទៅប្រទេសខ្លួនវិញ៕