ឃ្លាំងសព្វាវុធ

អាម៉េរិកវាយប្រហារតាមអាកាសលើឃ្លាំងអាវុធរបស់អ៊ីរ៉ង់ ខណៈក្រុមហួធីនៅយេម៉ែនបាញ់ទម្លាក់ដ្រូនអាម៉េរិក


យោងតាមការប្រកាសដោយមន្ទីរបញ្ជកោណអាម៉េរិក យន្តហោះចម្បាំង F-15 ចំនួនពីរគ្រឿងរបស់សហរដ្ឋអាម៉េរិក បានវាយប្រហារតាមអាកាសទៅលើកន្លែងឃ្លាំងផ្ទុកអាវុធនៅភាគខាងកើតប្រទេសស៊ីរី ដែលប្រើប្រាស់ដោយកងទ័ពឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) និងក្រុមឧន្ទាមមដទៃទៀត។ ការវាយប្រហារនេះ គឺជាលើកទីពីរហើយក្នុងរយៈពេលពីរសប្តាហ៍ ដើម្បីជាការសងសឹងរបស់ វ៉ាស៊ីនតោន បន្ទាប់ពីខែមុនមូលដ្ឋានទ័ពអាម៉េរិកនៅស៊ីរី និងអ៊ីរ៉ាក់បានរងការវាយប្រហារប្រមាណជាង៤១លើក ដោយក្រុមឧន្ទាមក្នុងប្រទេសនេះដែលមានអ៊ីរ៉ង់គាំទ្រពីក្រោយ។
ឃ្លាំងសព្វាវុធ
ដោយ

យោងតាមលោក ឡយដ៍ អូស្ទីន រដ្ឋមន្ត្រីការពារជាតិអាម៉េរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារនេះគឺជាការការពារខ្លួន ដើម្បីឆ្លើយតបនឹងការវាយប្រហារជាច្រើនលើកលើកងទ័ពកម្លាំងអាម៉េ​រិក ដែលកំពុងមានវត្តមានក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ដោយក្រុមឧទ្ទាមពាក់ព័ន្ធដែលមានឆ្មាំបដិវត្តន៍អ៊ីរ៉ង់នៅពីក្រោយ។ លោកថា ការធ្វើបែបនេះ គឺអាម៉េរិក​គ្មានបំណងពង្រីកជម្លោះនោះទេ តែដើម្បីការពារខ្លួន ផលប្រយោជន៍ និងសម្ព័ន្ធមិត្ត។ លោក អូស្ទីន បានព្រមានថា បើការវាយប្រហារនៅតែបន្តមាន នោះអាម៉េ​រិកបានត្រៀមខ្លួន និងចាត់វិធានបន្ថែមលើសនេះទៀត។

យ៉ាងណាមិញ បើតាមមន្ត្រីយោធាជាន់ខ្ពស់អាម៉េរិក​មួយរូបបាននិយាយកាលពីល្ងាចថ្ងៃពុធថា ទីតាំងដែលអាម៉េ​រិកវាយប្រហារនោះ គឺស្ថិតនៅតំបន់ភ្នំ Maysalun ប្រទេសស៊ីរី ហើយត្រូវបានគេជឿថា មានផ្ទុកអាវុធ ដែលប្រើប្រាស់នៅក្នុងការវាយប្រហារតាមអាកាសជាច្រើនលើក ប្រឆាំងនឹងកងកម្លាំងអាម៉េ​រិក។

ការវាយប្រហារកាលពីថ្ងៃពុធនោះ មិនបានធ្វើឱ្យជនស៊ីវិលណាម្នាក់បាត់បង់ជីវិតឡើយ។ ដោយឡែក តាមមន្ត្រីយោធាមួយផ្សេងទៀតបានឱ្យដឹងថា ការវាយប្រហារកាលពីថ្ងៃពុធ គឺចង់បញ្ជូនសារច្បាស់លាស់មួយទៅកាន់ប្រទេសអ៊ីរ៉ង់ថា តេអេរ៉ង់ត្រូវទទួលខុសត្រូវចំពោះការវាយប្រហារលើកងកម្លាំងសហរដ្ឋអាម៉េ​រិក ហើយវ៉ាស៊ីនតោន ក៏រំពឹងដែរថា រដ្ឋាភិបាលអ៊ីរ៉ង់នឹងចាត់វិធានការ ដើម្បីទប់ស្កាត់កុំឱ្យកម្លាំងឧន្ទាមទាំងនោះវាយប្រហារលើមូលដ្ឋានអាម៉េ​រិកទៀត។

មែនទែនទៅ នេះជាលើកទី២ហើយ ដែលអាមេរិកវាយប្រហារទៅលើទីតាំងនានា ដែលប្រើប្រាស់ដោយក្រុមឧន្ទាមគាំទ្រដោយអ៊ីរ៉ង់ ក្នុងការឆ្លើយតបទៅនឹងការវាយប្រហារស្ទើរតែរាល់ថ្ងៃពីសំណាក់ក្រុមទាំងនោះទៅលើកងកម្លាំងអាម៉េ​រិកនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី។

កាលពីថ្ងៃទី២៦ ខែតុលា យន្តហោះ F-15 របស់អាមេរិក និង F-16 ពីរគ្រឿងបានប្រើប្រាស់គ្រាប់រំសេវ ដែលដឹកនាំដោយភាពជាក់លាក់វាយប្រហារចំគោលដៅទីតាំងចំនួនពីរ ដែលជារបស់កងជីវពលគាំទ្រដោយអ៊ីរ៉ង់នៅភាគខាងកើតប្រទេសស៊ីរី។

ទន្ទឹមគ្នានេះ មានសេចក្តីរាយការរណ៍មកថា យន្តហោះគ្មានមនុស្សបើកយោធាអាម៉េ​រិកមួយគ្រឿង ត្រូវបានបាញ់ទម្លាក់នៅឆ្នេរសមុទ្រនៃប្រទេសយេម៉ែន ដោយកងកម្លាំងហួធី។ នេះបើតាមការបញ្ជាក់ដោយមន្ត្រីការពារជាតិអាម៉េរិ​កម្នាក់បានប្រាប់ CNN។ តាមមន្ត្រីរូបនោះ យន្តហោះគ្មានមនុស្សបើក MQ-9 Reaper កំពុងប្រតិបត្តិការនៅក្នុងដែនអាកាសអន្តរជាតិ និងលើដែនទឹកអន្តរជាតិ និងក្រោយមកត្រូវបានបាញ់ទម្លាក់។ ទីបញ្ជាការកណ្តាលអាម៉េ​រិកកំពុងបើកការស៊ើបអង្កេតឧប្បត្តិហេតុនេះ។ យ៉ាងណា ក្រុមហួធីដែលមានអ៊ីរ៉ង់នៅពីក្រោយបានចេញមុខថា ខ្លួនជាអ្នកបាញ់ទម្លាក់ដ្រូនយោធានោះ។

ស្របពេលជាមួយគ្នានេះ កងទ័ពអាម៉េ​រិកក្បែរប្រទេសយេម៉ែននោះមិនមិនទាន់ប្រកាសឆ្លើយតបបែបណាទេជុំវិញហេតុការនេះ ខណៈកាលពីពេលកន្លងទៅនាវាចម្បាំងរបស់កងទ័ពជើងទឹកអាម៉េ​រិក USS Carney ក៏ទើបស្ទាក់ចាប់បានមីស៊ីល និងយន្តហោះគ្មានមនុស្សបើកជាច្រើន ដែលបានបាញ់ដោយក្រុម Houthi ចេញពីប្រទេសយេម៉ែនឆ្ពោះសំដៅទៅសមុទ្រក្រហម ដែលមានគោលដៅវាយប្រហារអ៊ីស្រាអែល។

យ៉ាងណាមិញ អគ្គលេខាធិកាអង្គការសហប្រជាជាតិ លោក អាន់តូនីញូ ហ្គូតឺរេស បាននិយាយថា ចំនួនជនស៊ីវិល ដែលត្រូវបានសម្លាប់នៅក្នុងតំបន់ Gaza បានបង្ហាញថា មានអ្វីមួយខុសយ៉ាងច្បាស់ នៃប្រតិបត្តិការយោធារបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន។

លោក ថា អង្គការកំពុងចរចារដ៏ក្តៅគគុកជាមួយអ៊ីស្រាអែល អាម៉េ​រិក និងអេហ្ស៊ីប ដើម្បីធ្វើឱ្យប្រាកដថា ជំនួយមនុស្សធម៌បានចូលទៅដល់ហ្គាហ្សាពិតមែន។ យោងតាមមន្ត្រីនៅ ហ្គាហ្សា គិតត្រឹមថ្ងៃពុធ មនុស្សជាង១ម៉ឺន៥នាក់ហើយបានស្លាប់បណ្តាលមកពីការប្រយុទ្ធគ្នា និងការវាយប្រហារដោយអ៊ីស្រាអែល៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អង់គ្លេស និងកោះតៃវ៉ាន់ ជម្នះបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី ទោះមានការព្រមានពីចិន

ព័ត៌មាន
ចក្រភពអង់គ្លេសនិងកោះតៃវ៉ាន់បានចុះហត្ថលេខាលើភាពជាដៃគូពាណិជ្ជកម្មថ្មីមួយ កាលពីថ្ងៃពុធថា ដោយទីក្រុងតៃប៉ិ សង្ឃឹមថា កិច្ចព្រមព្រៀងនេះនឹងជំរុញ…

សមាជិកសភាអាមេរិកចង់ឱ្យលោក បៃដិន ដំឡើងពន្ធគយទៅលើយានយន្តដែលផលិតដោយប្រទេសចិន

ព័ត៌មាន
ក្រុមសមាជិកសភាអាម៉េរិកមួយក្រុមមកពីទាំង២គណបក្សចង់ឱ្យរដ្ឋបាលរបស់លោក ចូ បៃដិន ប្រធានាធិបតីអាម៉េរិក ដំឡើងពន្ធលើយានយន្តដែលផលិតដោយក្រុមហ៊ុន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ