ធានារ៉ាប់រងកូវីដ-១៩

ក្រុមហ៊ុន Forte ទទួលបានបុព្វលាភ ៦លានដុល្លារ ពីសេវាធានារ៉ាប់រងកូវីដ-១៩ លើអ្នកដំណើរបរទេសចូលមកកម្ពុជា


ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុនសម្ព័ន្ធធានារ៉ាប់រង Forte ដែលជាក្រុមហ៊ុនធានារ៉ាប់រងវ័យចំណាស់ដ៏ធំមួយនៅកម្ពុជាបានអះអាងថា បន្ទាប់ពីក្រុមហ៊ុនបានដាក់ឲ្យប្រើប្រាស់ រយៈពេល១ឆ្នាំ នូវកញ្ចប់សេវាធានារ៉ាប់រងកូវីដ-១៩ សម្រាប់ជនបរទេសធ្វើដំណើរចូលប្រទេសកម្ពុជា ក្រុមហ៊ុនធានារ៉ាប់រង Forte បានទទួលបុព្វលាភធានារ៉ាប់រងពីសេវាធានារ៉ាប់រងកូវីដ-១៩នេះ ប្រមាណជាង៦លានដុល្លារអាមេរិក និងមានការទូទាត់ប្រាក់សំណងជូនអតិថិជនច្រើនគួរសមដែរ។
ក្រុមហ៊ុន​ធានា​រ៉ាប់រង Forte ស្ថិត​ក្នុង​ចំណោម​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ធំៗ​ជាង​គេ​នៅកម្ពុជា។

ជាមួយ​គ្នា​នេះ អ្នកជំនាញ​នៅ​ក្នុង​វិស័យ​ធានា​រ៉ាប់រង​នៅ​កម្ពុជា​រូប​នេះ បាន​អះអាង​ទៀត​ថា នៅ​ក្នុងអំឡុងពេល​នៃ​វិបត្តិ​កូ​វី​ដ​-១៩ មានការ​រាតត្បាត​ខ្លាំង​នេះ ទីផ្សារ​ធានា​រ៉ាប់រង​នៅ​តែ​រក្សា​បាន​កំណើន​ល្អ ពិសេស​សេវា​ធានា​រ៉ាប់រង​អាយុជីវិត​តែ​ម្ដង​។

លោក យក់ ចំរើន​ឫទ្ធិ ប្រធាន​អគ្គនាយក​នៃ​ក្រុមហ៊ុន​សម្ព័ន្ធ​ធានា​រ៉ាប់រង Forte បាន​លើក​ឡើង​ថា ក្រោយ​ពី​ក្រុមហ៊ុន​បាន​បើក​ឲ្យ​មាន​សេវា​ធានា​រ៉ាប់រង​កូ​វី​ដ​-១៩ សម្រាប់​អ្នកដំណើរ​បរទេស​ចូល​មក​កម្ពុជា​រួច​មក ឃើញ​ថា បុព្វលាភ​ធានា​រ៉ាប់រង​ដែល​ទទួល​បាន​ពី​កញ្ចប់​សេវាកម្ម​នេះ​មាន​ប្រមាណ ៦ លាន​ដុល្លារ​។ សេវា​ធានា​រ៉ាប់រង​កូ​វី​ដ​-១៩​សម្រាប់​អ្នកដំណើរ​បរទេស​ចូល​មក​កម្ពុជា​នេះ មាន​តម្លៃ​កញ្ចប់​៥​ម៉ឺន​ដុល្លារ ដែល​ជួយ​លើ​ការ​ចេញថ្លៃ​ព្យាបាល​នៅ​មន្ទីរពេទ្យ​សម្រាប់​ជនបរទេស​ណា​ដែល​មាន​ឆ្លង​កូ​វី​ដ​-១៩​នៅ​កម្ពុជា​។

ក្រៅ​តែ​ពី​មាន​សេវា​ធានា​រ៉ាប់រង​កូ​វី​ដ​-១៩​សម្រាប់​អ្នកដំណើរ​បរទេស​ចូល​កម្ពុជា​ហើយ​នោះ ក្រុមហ៊ុន Forte ក៏​កំពុង​ត្រៀម​ដាក់​ចេញ​លក់​នូវ​កញ្ចប់​សេវា​ធានា​រ៉ាប់រង​កូ​វី​ដ​-១៩​សម្រាប់​ជនជាតិ​ខ្មែរ​ផង​ដែរ ដោយរ​ពឹង​ថា​នឹង​អាច​ដាក់​លក់​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។

បើ​តាម​លោក យក់ ចំរើន​ឫទ្ធិ បើ​ទោះបីជា កញ្ចប់​សេវា​ធានា​រ៉ាប់រង​ថ្មី​នេះ មិន​ទាន់​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ក៏​ដោយ​ចុះ ប៉ុន្ដែ កន្លង​មក អតិថិជន​ដែល​មាន​ទិញ​កញ្ចប់​ធានា​រ៉ាប់រង​អាយុជីវិត​ខ្នាត​តូច ក៏​ទទួល​បានការ​សង​សំណង​ផង​ដែរ ប្រសិនបើ​ពួក​គេ​មាន​ឆ្លង​កូ​វី​ដ​-១៩ និង​ត្រូវ​សម្រាក​ព្យាបាល​សុខភាព​នៅ​មន្ទីរពេទ្យ​។

ប្រធាន​អគ្គនាយក​ក្រុមហ៊ុន​សម្ព័ន្ធ Forte បាន​គូសបញ្ជាក់​ថា គិត​ត្រឹម​ខែកក្កដា ឆ្នាំ ២០២១ នេះ ចំនួន​អ្នកទិញ​កញ្ចប់​ធានា​រ៉ាប់រង​អាយុជីវិត​ខ្នាត​តូច ប្រមាណ ១០០ នាក់ បាន​ទទួល​សំណង​នៅ​ពេល​សម្រាក​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩​នៅ​តាម​មន្ទីរពេទ្យ ហើយ​ក្នុង​ចំណោម អ្នក​ទទួល​បាន​សំណង​ទាំងនោះ មិន​មាន​នរណា​ម្នាក់​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​កូ​វី​ដ​-១៩​នោះ​ឡើយ​។

របាយការណ៍​ពី​សមាគម​ធានា​រ៉ាប់រង​កម្ពុជា បាន​ឲ្យ​ដឹង​ថា វិស័យ​ធានា​រ៉ាប់រង​នៅ​កម្ពុជា​តែ​បន្ដ​ជំនះ​ឈ្មុសឈ្មុល​បាន​លទ្ធផល​ទីផ្សារ​ល្អ​ក្នុងអំឡុងពេល​នៃ​វិបត្តិ​កូ​វី​ដ​-១៩ ដោយនៅ​ត្រីមាស​ទី​១​នៅ​ឆ្នាំ​២០២១​នេះ ទីផ្សារ​ធានា​រ៉ាប់រង​នៅ​កម្ពុជា​សម្រេច​បាន​កំណើន​ដាល់​ទៅ ជាង​២០% ធៀប​នឹង​ត្រីមាស​ទី​១​ឆ្នាំ​២០២១ ។ កំណើន​នេះ ត្រូវ​បាន​រុញច្រាន​ពីក្រោយ​ជា​ចម្បង ដោយ​កំណើន​នៅ​ក្នុង​វិស័យ​ទីផ្សារ​ធានា​រ៉ាប់រង​ទូទៅ និង​ទីផ្សារ​ធានា​រ៉ាប់រង​អាយុជីវិត បើ​ទោះបីជា ទីផ្សារ​ធានា​រ៉ាប់រង​ខ្នាត​តូច មានការ​ថមថយ​ចុះ​ខ្លាំង​ក៏​ដោយ​។ នេះ​បើ​តាម​របាយការណ៍​ពី​សមាគម​ធានា​រ៉ាប់រង​កម្ពុជា​៕

អត្ថបទ៖ សុខ សិទ្ធិការ្យ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការសាងសង់គម្រោងផ្លូវក្រវាត់ក្រុងខ្សែទី៣ សម្រេចបានទៅដល់ ៥៥% និង គ្រោងបញ្ចប់នៅឆ្នាំក្រោយ

ព័ត៌មាន
ផ្លូវក្រវាត់ក្រុងទី៣ ដែលតភ្ជាប់ពីផ្លូវជាតិសំខាន់ៗជាច្រើនរបស់កម្ពុជាឆ្លងកាត់ភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្ដាលនោះ បច្ចុប្បន្នសម្រេចបានកា…

ដឹប៊ូតានិច ផាលេស ម៉ូត​ផ្ទះ​ដូច​រាជវាំង គ្រាន់តែ​​ឮ​ឈ្មោះ​ក៏គួរ​ឱ្យ​ចង់​រស់នៅ​ដែរ!

ព័ត៌មាន
ភ្នំពេញ ៖ គម្រោងថ្មី ដឹប៊ូតានិច ផាលេស ក្រោមការអភិវឌ្ឍន៍របស់ក្រុមហ៊ុនអ័រគីដេ ឌីវែលឡុបម៉ិននឹងធ្វើការបើកលក់ក្នុងពេលឆាប់ៗខាងមុខនេះ មានទី…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ