ប្រទេសចិនបានឈរលើតាររាងកំពូលជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា ដោយសម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគីជាង១២ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២៣។ បន្ទាប់មក គឺទីផ្សារអាម៉េរិក ស្ថិតក្នុងចំណាត់ថ្នាក់លេខ២ និងវៀតណាមឈរនៅចំណាត់ទី៣ ដែលមានទំហំពាណិជ្ជច្រើនជាងគេក្នុងចំណោមដៃគូពាណិជ្ជកម្មដទៃ។
យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅក្នុងរយៈពេលពេញមួយឆ្នាំ២០២៣ ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាមួយទីផ្សារអន្តរជាតិ សម្រេចបានទំហំទឹកប្រាក់សរុបជាង ៤៨ពាន់លានដុល្លារ ថយចុះជិត២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ បើតាមរបាយការណ៍ដដែល ប្រទេសចិននៅតែជាប់កំពូលតារាងជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា ដោយមានទំហំពាណិជ្ជកម្មសរុបជាង១២ពាន់លានដុល្លារកើនឡើង៥%។
រីឯអាម៉េរិក ឈរនៅចំណាត់ថ្នាក់ពី២ បន្ទាប់ពីប្រទេសចិន មានទំហំពាណិជ្ជកម្មសរុបជាង៩ពាន់លានដុល្លារ ថយចុះជាង១% បន្ទាប់មក គឺវៀតណាម ស្ថិតក្នុងចំណាត់ថ្នាក់ទី៣ មានទំហំពាណិជ្ជកម្មជាង៦ពាន់លានដុល្លារ កើនឡើងជាង៧%។ ទោះបីទំហំពាណិជ្ជកម្មអន្តរជាតិ និងការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារមួយចំនួនហាក់មានការថយចុះ តែបើក្រឡេកទៅមើលការនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារធំៗមួយចំនួនដូចជាទីផ្សារចិន និងវៀតណាមជាដើមសុទ្ធតែរក្សាបានកំណើនជាវិជ្ជមានគួរឲ្យកត់សម្គាល់។
ជុំវិញស្ថានភាពវិនិយោគ ពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ត្រូវបានក្រុមអ្នកជំនាញក្នុងវិស័យឧស្សាហកម្មកត់សម្គាល់ឃើញថា ហាក់មានស្ថានភាពល្អប្រសើរជាងកាលអំឡុងដើមឆ្នាំ២០២៣ បន្ទាប់ពីពួកគេកត់សង្កេតឃើញទាំងស្ថានភាពវិនិយោគក្នុងវិស័យឧស្សាហកម្ម និងវិស័យផ្សេងៗ ក៏ដូចជាការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ សុទ្ធតែបង្ហាញសញ្ញាណវិជ្ជមាន នៅមួយរយៈចុងក្រោយនេះ។ កត្តាទាំងនេះហើយបានធ្វើឲ្យក្រុមអ្នកជំនាញបង្ហាញសុទិដ្ឋិនិយមថា ទាំងស្ថានភាពវិនិយោគ សេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជានៅឆ្នាំ២០២៤នេះ នឹងល្អប្រសើរជាងឆ្នាំ២០២៣។
សូមបញ្ជាក់ថា ក្នុងរយៈពេលពេញមួយឆ្នាំ២០២៣ កម្ពុជាបាននាំចេញទំនិញសំខាន់ៗទៅកាន់ទីផ្សារអន្តរជាតិ ដែលគិតជាទំហំទឹកប្រាក់មានជាង២២ពាន់លានដុល្លារ កើនឡើងជិត២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ មុខទំនិញសំខាន់ៗដែលកម្ពុជានាំចេញទៅកាន់ទីផ្សារអន្តរជាតិរួមមាន ផលិតផលវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ, ផលិតផលកសិកម្ម គ្រឿងអេឡិចត្រូនិក អគ្គិសនី និងផលិតផលកង់ជាដើម៕