
អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស ដែលជាក្រុមហ៊ុនមួយគ្រោងធ្វើប្រតិបត្តិការដឹកអ្នកដំណើរទៅមករវាងកំពង់ផែទេសចរណ៍អន្តរជាតិ កំពត និងកោះត្រល់ បានអះអាងថា ការចរចាបើកច្រកដឹកជញ្ជូនអ្នកដំណើររវាងក្រុមហ៊ុនរបស់លោកជាមួយភាគីវៀតណាម កំពុងវិវត្តទៅមុខ ខណៈបច្ចុប្បន្នភាគីកម្ពុជា បានត្រៀមលក្ខណៈរួចរាល់ហើយ នៅឡើយតែភាគីវៀតណាម ប៉ុណ្ណោះ។ បើតាមការអះអាងរបស់អគ្គនាយកក្រុមហ៊ុន រូបនេះ គណៈកម្មការអន្តរក្រសួងនឹងបើកកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃទី២១ ខែឧសភា ដើម្បីជំរុញពន្លឿនការចរចាបើកច្រកជាមួយភាគីវៀតណាម។ អ្នកឧកញ៉ា សួរ វីរៈ បានបន្តថា ប្រសិនបើកម្ពុជា អាចចរចាបើកច្រកនេះបាន ការធ្វើដំណើរពីកម្ពុជា ទៅកោះត្រល់ ចំណាយពេលត្រឹម៤០នាទីប៉ុណ្ណោះ ខណៈកន្លងមកចំណាយពេលរហូតដល់១ម៉ោង៤០នាទី។
អ្នកឧកញ៉ា សួរ វីរៈ រំពឹងថា ការចរចាបើកផ្លូវធ្វើដំណើរថ្មីរបស់ក្រុមហ៊ុនខ្លួនជាមួយភាគីវៀតណាមនឹងទទួលបានដំណឹងនៅត្រឹមដំណាច់ខែឧសភា នេះ។ អ្នកឧកញ៉ា បានសង្កត់ធ្ងន់ថា ប្រសិនបើការចរចាបើកផ្លូវថ្មីបន្តអូសបន្លាយពេលក្រុមហ៊ុនរបស់លោកនឹងប្រើជម្រើសទីពីរ ពោលគឺប្រើច្រកដឹកជញ្ជូនចាស់ដែលចំណាយពេល១ម៉ោង៤០នាទីជាបណ្តោះអាសន្នរហូតការចរចាបើកច្រកថ្មីបានសម្រេច។
គួរបញ្ជាក់ថា ក្រុមហ៊ុន វីរៈប៊ុនថាំ បានដាក់ឱ្យដំណើរការសាកល្បងកប៉ាល់ដឹកអ្នកដំណើរទៅមករវាងខេត្តកំពត និងកោះត្រល់ ទំនើបដំបូងគេ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ ដោយការធ្វើដំណើរតាមកប៉ាល់ទំនើបនេះ ចំណាយពេលត្រឹមតែប្រមាណ៤០នាទីប៉ុណ្ណោះ។ បើតាមការបញ្ជាក់របស់ថ្នាក់ដឹកនាំក្រុមហ៊ុន វីរៈប៊ុនថាំ កប៉ាល់ដឹកអ្នកដំណើរដ៏ទំនើបដឹកអ្នកដំណើរពីខេត្តកំពត ទៅកោះត្រល់នេះ មានច្រើនប្រភេទខុសៗគ្នា ដោយកប៉ាល់នីមួយៗ មានតម្លៃចាប់ពី៦០ម៉ឺនរហូតដល់ជាង១លានដុល្លារក្នុង១គ្រឿង ជាមួយសមត្ថភាពអាចដឹកអ្នកដំណើរបានចាប់ពី១០០នាក់ ទៅជាង២០០នាក់ ក្នុង១ជើង ខណៈតម្លៃសំបុត្រធ្វើដំណើរមានន្លោះពី២៨ដុល្លារទៅ៣២ដុល្លារសម្រាប់មនុស្សម្នាក់៕
អត្ថបទ៖ ជា ម៉ារ៉ា