
ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជាបានគូសបញ្ជាក់ថា គោលបំណងនៃការរៀបចំសិក្ខាសាលាខាងលើធ្វើឡើងដើម្បីពិនិត្យ និងផ្ដល់យោបល់លើសេចក្តីព្រាងផែនការមេសម្រាប់ការអភិវឌ្ឍវិស័យមូលបត្រឆ្នាំ២០២៥-២០៣៥។ បើតាមថ្នាក់ដឹកនាំរូបនេះ ឯកសារដែលបានរៀបចំ និងមានការចូលរួមពីអ្នកជំនាញការមកពីធនាគារអភិវឌ្ឍន៍អាស៊ី ជាឯកសារដែលបានរៀបចំរួចរាល់តាមក្រមខណ្ឌបច្ចេកទេស និងក្របខណ្ឌដកស្រង់បទពិសោធន៍ផ្ទាល់ពីការអនុវត្ត និងអភិវឌ្ឍន៍ទីផ្សារជាច្រើនឆ្នាំកន្លងទៅនេះ។
តាមរយៈការទទួលមតិយោបល់នានានៅក្នុងសិក្ខាសាលានេះ ឯកឧត្តម ស៊ូ សុជាតិ បានគូសបញ្ជាក់ថា នឹងបន្តទទួលយកបន្ថែមទៀត ដើម្បីផ្ដល់ជាធាតុចូលមុននឹងពិនិត្យអនុម័តផែនការមេសម្រាប់ការអភិវឌ្ឍវិស័យមូលបត្រឆ្នាំ២០២៥-២០៣៥ ពីថ្នាក់ដឹកនាំនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។
ជាមួយគ្នានេះ អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជាជឿជាក់ថា តាមរយៈកិច្ចសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ឯកសារផែនការមេសម្រាប់ការអភិវឌ្ឍវិស័យមូលបត្រ ឆ្នាំ២០២៥-២០៣៥ អាចនឹងរួចរាល់នៅអំឡុងចុងខែមិថុនា ឆ្នាំនេះ ដោយអាស្រ័យលើការពិនិត្យ និងអនុម័តពីថ្នាក់ដឹកនាំ៕
អត្ថបទ៖ បូ ដូឡា,រូបភាព តែន ចិន