អ្នកជំនាញរំពឹងទទួលបានទេសចរចិន ៣០ ម៉ឺននាក់នៅឆ្នាំនេះ

កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលទេសចរចិន ខណៈអ្នកជំនាញរំពឹងទទួលបានទេសចរចិន ៣០ ម៉ឺននាក់នៅឆ្នាំនេះ


អ្នកជំនាញក្នុងវិស័យទេសចរណ៍អះអាងថា ទោះបីចរន្តភ្ញៀវទេសចរចិន ដែលចូលមកកម្ពុជានៅមិនទាន់មានភាពច្បាស់លាស់ ប៉ុន្តែកម្ពុជារំពឹងថា នឹងអាចទទួលបានទេសចរជនជាតិចិនប្រមាណចន្លោះពី ២០ ទៅ៣០ម៉ឺននាក់ក្នុងឆ្នាំនេះ។
អ្នកជំនាញរំពឹងទទួលបានទេសចរចិន ៣០ ម៉ឺននាក់នៅឆ្នាំនេះ

ការលើកឡើងពីក្ដីសង្ឃឹម​នេះ ធ្វើឡើង​នៅក្រោយពេលដែល​រដ្ឋាភិបាល​ចិន បានប្រកាស​នឹងបើកប្រទេស​សម្រាប់​ការធ្វើដំណើរពីអន្តរជាតិ​ឡើងវិញ​ចាប់ពីថ្ងៃទី ៨ ខែមករានេះតទៅ ខណៈដែល​ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា សម្តេច តេជោ ហ៊ុន សែន ​ក៏បានប្រកាស​ស្វាគមន៍ភ្ញៀវទេសចរចិន​យ៉ាងកក់ក្ដៅ ទោះបីជា​បច្ចុប្បន្ន​ស្ថានភាពឆ្លងកូវីដ១៩​កំពុងបន្ដរីករាលដាលនៅក្នុង​ប្រទេសចិន និងមានប្រទេសខ្លះ​មានការរឹតត្បិតលើអ្នកដំណើរពីប្រទេសចិន​ចូលក្នុង​ទឹកដីរបស់ខ្លួន​យ៉ាងណាក្ដី។​

យោងតាមក្រសួងទេសចរណ៍ នាថ្ងៃទី ០៥ ខែមករា ឆ្នាំ​២០២៣ បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២៣ ក្រោយវិបត្តិជំងឺឆ្គងកូវីដ១៩ បានធូរស្រាល ស្របតាមនិន្នាការថ្មីៗ និងការណ៍ដែលរដ្ឋាភិបាលចិនបានការអនុញ្ញាតឱ្យមានសកម្មភាពទេសចរណ៍ចេញក្រៅប្រទេស និងការបើកទទួលទេសចរអន្តរជាតិឡើងវិញ បានផ្តល់នូវកាលានុវត្តភាពដល់បណ្តាប្រទេសជាគោលដៅទេសចរណ៍នៅលើពិភពលោក រួមទាំងកម្ពុជា ក្នុងការស្វាគមន៍ទទួលទេសចរចិនឡើងវិញ។ សក្ដានុពលយ៉ាងធំ នៃវិនិយោគិន និងទេសចរចិនមកកម្ពុជា នឹងរួមចំណែកដល់ការរីកចម្រើននវិស័យទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។ ជាមួយការត្រឡប់មកវិញនៃទេសចរចិន កម្ពុជារំពឹងថា នឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៧លាននាក់ នៅឆ្នាំ២០២៥ ដូចការគ្រោងទុកក្នុងផែនទីចង្អុលផ្លូវ​ស្តីពីផែនការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ១៩។

ពាក់ព័ន្ធនឹងទេសចរជនជាតិចិននេះដែរ លោក ធួន ស៊ី​ណា​ន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក យល់ឃើញថា ចរន្តភ្ញៀវទេសចរចិន ដែលចូលមកកម្ពុជា ក្នុងឆ្នាំ២០២៣ នៅតែមានភាពមិនទាន់ច្បាស់លាស់ បើទោះជា រដ្ឋាភិបាលចិនប្រកាសបើកទ្វារប្រទេសទទួលអ្នកដំណើរអន្តរជាតិ ចេញ-ចូល ប្រទេសចិនឡើងវិញ នៅថ្ងៃទី០៨ ខែមករានេះតទៅក៏ដោយ។ ទោះជាយ៉ាងណា អ្នកជំនាញរូបនេះ បញ្ជាក់ឱ្យដឹងថា ការត្រឡប់មកវិញ​នៃទេសចរចិន និងតាមរយៈទំនាក់ទំនងនៃការវិនិយោគរវាងប្រទេសទាំងពីរ លោករំពឹងថាកម្ពុជា នឹងអាចទទួលបានទេសចរចិនប្រមាណចន្លោះពី ២០ម៉ឺន ទៅ៣០ម៉ឺននាក់ នៅក្នុងឆ្នាំ២០២៣នេះ។

បើតាមក្រសួងទេសចណ៍ មុនវិបត្តិជំងឺកូវីដ-១៩ នៅឆ្នាំ២០១៩, ទេសចរចិនបានចេញក្រៅប្រទេសមានប្រមាណ ១៥៥លាននាក់ ស្មើនឹង ១០% នៃទេសចរពិភពលោក នាំមកនូវចំណាយទេសចរណ៍ប្រមាណ ២៥៨ពាន់លានដុល្លារ ស្មើនឹង ១ ភាគ​ ៥ នៃចំណាយទេសចរណ៍ពិភពលោក។ ទន្ទឹមនេះ ទេសចរចិនមកកម្ពុជា នៅឆ្នាំ២០១៨ មានជាង ២លាន៣សែននាក់ ស្មើនឹងជិត ៣៦% នៃទេសចរអន្តរជាតិសរុប ៦លាន៦សែននាក់ គិតជាចំណូលស្មើប្រមាណ ១ពាន់៨រយលានដុល្លារ លើចំណូលទេសចរណ៍សរុបប្រមាណ ៥ពាន់លានដុល្លាររបស់កម្ពុជា។ ខណៈដែល ឆ្នាំ២០១៩ កម្ពុជាក៏ទទួលបានវិនិយោគគិនចិនលើវិស័យពាក់ព័ន្ឋ និងទេសចរណ៍ប្រមាណជាង ៥០% នៃទុនវិនិយោគបរទេសសរុបរបស់កម្ពុជាផងដែរ។

ដោយឡែក នៅរយៈពេល១១ខែ ក្នុងឆ្នាំ២០២២នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ១លាន៩សែននាក់ កើនឡើងជាង ១០០០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ក្នុងនោះ ភ្ញៀវទេសចរដែលបានចូលមកកម្សាន្តនៅកម្ពុជាច្រើនជាងគេ គឺភ្ញៀវទេសចរមកពីប្រទេសថៃ ដែលមានចំនួនជាង ៧២ម៉ឺននាក់ បន្ទាប់មកគឺភ្ញៀវទេសចរវៀតណាម មានជាង៤០ម៉ឺននាក់ ខណៈភ្ញៀវទេសចរចិន មានប្រមាណ ៩ម៉ឺននាក់។ នៅឆ្នាំ២០២៣ កម្ពុជារំពឹងអាចទទួលបានភ្ញៀវទេសចរអន្តរជាតិច្រើនជាង ៣លាននាក់ផងដែរ។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍៕




អត្ថបទបន្ទាប់


CSX នៅតែរំពឹងទំហំជួញដូរភាគហ៊ុនឆ្នាំនេះនឹងកើនដល់ ១លានដុល្លារក្នុងមួយថ្ងៃ ទោះស្ថានភាពសេដ្ឋកិច្ចសាកលមិនច្បាស់លាស់ក្ដី

ព័ត៌មាន
ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជា នៅតែបង្ហាញក្ដីសង្ឃឹមខ្ពស់ថា ទីផ្សារជួញដូរភាគហ៊ុននៅកម្ពុជានឹងអាចកើនដល់ទំហំ១លានដុល្លារក្នុង១ថ្ងៃ នៅឆ្នាំ២០២៣…

ប្រតិបត្តិការទូទាត់តាមអេស៊ីលីដាម៉ូបាល នៅឆ្នាំ២០២២ មាន១៣៧លានប្រតិបត្តិការ កើនជាង៧៧%

ព័ត៌មាន
ការធ្វើប្រតិបត្តិការទូទាត់សាច់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជាកំពុងមានការពេញនិយម និងរីកចម្រើនគួរឲ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ