ប្រតិបត្តិការទូទាត់តាមអេស៊ីលីដាម៉ូបាល នៅឆ្នាំ២០២២

ប្រតិបត្តិការទូទាត់តាមអេស៊ីលីដាម៉ូបាល នៅឆ្នាំ២០២២ មាន១៣៧លានប្រតិបត្តិការ កើនជាង៧៧%


ការធ្វើប្រតិបត្តិការទូទាត់សាច់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជាកំពុងមានការពេញនិយម និងរីកចម្រើនគួរឲ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយ និងរំពឹងនឹងកើនឡើងកាន់តែខ្លាំងបន្ថែមទៀតនាពេលអនាគត។ ជាក់ស្តែងធនាគារអេស៊ីលីដា នៅឆ្នាំ២០២២ ទទួលបានការធ្វើប្រតិបត្តិការលើអេស៊ីលីដាម៉ូបាលប្រមាណ១៣៧លានប្រតិបត្តិការ មានការកើនឡើងយ៉ាងគំហុក បើធៀបនឹងឆ្នាំ២០២១ ដែលមានត្រឹមតែ៧៧លានប្រតិបត្តិការ។
ប្រតិបត្តិការទូទាត់តាមអេស៊ីលីដាម៉ូបាល នៅឆ្នាំ២០២២

ការកើនឡើងនេះ បានជំរុញឲ្យថ្នាក់ដឹកនាំធនាគារនេះរំពឹងថា ការធ្វើប្រតិបត្តិការលើ​អេស៊ីលីដាម៉ូបាល នឹងមានការកើនឡើងទ្វេដងនៅឆ្នាំ២០២៣ បើធៀបនឹងឆ្នាំ២០២២ ខណៈបច្ចុប្បន្នមានអតិថិជនជាង២លាននាក់កំពុងប្រើប្រាស់ អេស៊ីលីដាម៉ូបាល។

លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ ធនាគារ អេស៊ីលីដាបានបង្ហាញពីភាពរីកចម្រើនរបស់អេស៊ីលីដាម៉ូបាល ក្នុងការរួមចំណែកជួយអភិវឌ្ឍន៍ប្រព័ន្ធទូទាត់សាច់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក ដែលកំពុងមាន​ការពេញនិយម និងរីកចម្រើនខ្លាំងនៅកម្ពុជា​នាប៉ុន្មានឆ្នាំចុងក្រោយ។ ជាក់ស្តែង បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់រូបនេះ នៅឆ្នាំ២០២២​ កន្លងទៅ ធនាគារ អេស៊ីលីដា ទទួលបានការធ្វើប្រតិបត្តិការទូទាត់លើទំនិញ និងសេវាកម្មផ្សេងៗតាម អេស៊ីលីដាម៉ូបាល មានចំនួន១៣៧លានប្រតិបត្តិការ ក្នុងទំហំទឹកប្រាក់ជិត​១៦០លានដុល្លារ បើធៀបនឹងឆ្នាំ២០២១ ដែលមានត្រឹមតែ៧៧លានប្រតិបត្តិការ ជាមួយទំហំទឹកប្រាក់​ប្រមាណ ៨៨លានដុល្លារប៉ុណ្ណោះ ពោលគឺ ទំហំទឹកប្រាក់ប្រតិបត្តិការនេះ មានការកើនឡើង ជាង ៨០% ឯណោះ។

តាមរយៈកំណើនទំហំប្រតិបត្តិការនៅក្នុងឆ្នាំ២០២២ គួបផ្សំនឹងការកើនឡើងអតិថិជនសកម្មពីមួយឆ្នាំទៅមួយឆ្នាំបានជំរុញឲ្យលោកស្រី សុខ សោភា ហ៊ានវាយតម្លៃថា ការធ្វើប្រតិបត្តិការទូទាត់តាមអេស៊ីលីដានឹងមានការកើនឡើងទ្វេដងនៅឆ្នាំ២០២៣ បើធៀបនឹងឆ្នាំ២០២២។ ជាមួយគ្នានេះ អេស៊ីលីដា ប្តេជ្ញានឹងបន្តអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងនូវសេវាឌីជីថល ជាពិសេសមុខងាររបស់ អេស៊ីលីដា ម៉ូបាល ដើម្បីកែលម្អបទពិសោធអ្នកប្រើប្រាស់ចុងក្រោយជាមួយនឹងសុវត្ថិភាព និងភាពងាយស្រួលខ្ពស់។ បច្ចុប្បន្នអេស៊ីលីដាមូប៉ាលមានអតិថិជនកំពុងប្រើប្រា​ស់ជាង២លាន៧១ម៉ឺននាក់។

បើតាមការគូសបញ្ជាក់របស់លោកស្រី ម៉ារ អមរា អនុប្រធាននាយក​ប្រតិបត្តិធនាគារ អេស៊ីលីដា នៅឆ្នាំ២០២២ អេស៊ីលីដា សម្រេចបានផ្លែផ្កា​វិជ្ជមានគួរឲ្យកត់សម្គាល់ ដោយមានអតិថិជនចំនួន៤១ម៉ឺននាក់​ កំពុងប្រើប្រាស់សេវាឥណទាន ដែលមានទំហំទឹកប្រាក់ជាង៦ពាន់២រយលាន​ដុល្លារ​អាមេរិកកើនឡើង១៩% បើធៀបនឹងឆ្នាំ២០២១ ដែលមានសមតុល្យ​ជាង៥ពាន់២រយលានដុល្លារ។ គិតត្រឹមដំណាច់ឆ្នាំ២០២២ ធនាគារ អេស៊ីលីដា កំពុងបម្រើសេវាប្រាក់បញ្ញើជូនអតិថិជនចំនួន ៣លាន៥០ម៉ឺនគណនី ដោយមានទំហំទឹកប្រាក់ជាង៦ពាន់២រយលានដុល្លារ កើនឡើង១២% បើធៀបនឹងដំណាច់ឆ្នាំ២០២១ ដែលមានសមតុល្យជាង៥ពាន់៥រយលានដុល្លារ។ ជាមួយគ្នានេះ ធនាគារ អេស៊ីលីដា នៅតែមានការជឿជាក់លើកំណើន​ជាវិជ្ជមានចំពោះសមតុល្យឥណទាន និងប្រាក់បញ្ញើ-សន្សំនៅឆ្នាំ២០២៣ ដោយរំពឹងបន្តកើនឡើងច្រើនជាង១០% បើប្រៀបធៀបនឹងលទ្ធផលឆ្នាំ២០២២៕




អត្ថបទបន្ទាប់


កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលទេសចរចិន ខណៈអ្នកជំនាញរំពឹងទទួលបានទេសចរចិន ៣០ ម៉ឺននាក់នៅឆ្នាំនេះ

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យទេសចរណ៍អះអាងថា ទោះបីចរន្តភ្ញៀវទេសចរចិន ដែលចូលមកកម្ពុជានៅមិនទាន់មានភាពច្បាស់លាស់ ប៉ុន្តែកម្ពុជារំពឹងថា នឹងអាចទទួលប…

ក្រុមហ៊ុនកុំព្យូទ័រ Dell នឹងលែងប្រើឈីបផលិតនៅចិនត្រឹមឆ្នាំ២០២៤ ក្រោយរងសម្ពាធពីសង្គ្រាមបច្ចេកវិទ្យាអាមេរិក-ចិន

ព័ត៌មាន
សង្គ្រាមបច្ចេកវិទ្យារវាងអាមេរិក និងចិនកំពុង បង្ខំឲ្យក្រុមហ៊ុនផលិតកុំព្យូទ័រយក្សអាមេរិក Dell គ្រោងនឹងបញ្ឈប់ការប្រើប្រាស់ឈីប ដែលផលិតនៅប្រទេស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ