
ទន្ទឹមនឹងនេះ សម្តេចធិបតីបានអះអាងថា កម្ពុជាក៏បានត្រៀមលក្ខណៈក្នុងការជួយគាំទ្រដល់កម្មករ និងឧស្សាហកម្ម ដែលរងផលប៉ះពាល់ដោយសារសង្គ្រាមពាណិជ្ជកម្មផងដែរ។
ថ្លែងសុន្ទរកថាគន្លឹះក្នុងវទិកានីកេ ស្តីពីអនាគតរបស់អាស៊ីលើកទី៣០ ក្រោមប្រធានបទ«បញ្ហាប្រឈមរបស់អាស៊ីនៅក្នុងពិភពលោកដ៏ច្របូកច្របល់»នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានអះអាងថា សេដ្ឋកិច្ចអាស៊ីកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន ដែលបង្កឡើងវិបត្តិសង្គ្រាម និងការប្រកួតប្រជែងរវាងប្រទេសមហាះអំណាចធំៗ។ ជាក់ស្តែងការប្រកួតប្រជែងរបស់ប្រទេសមហាអំណាចបានបង្កជាភាពស្មុគស្មាញសម្រាប់ទំនាក់ទំនងអន្តរជាតិរាប់ចាប់តាំងបីបញ្ហានយោបាយ ការធ្វើពាណិជ្ជកម្ម ខ្សែច្រវាក់ផ្គត់ផ្គង រហូតដល់វិស័យបច្ចេកវិទ្យា។ តែយ៉ាងណាសម្តេចធិបតីបានអះអាងថា បើធៀបនឹងតំបន់ផ្សេង អាស៊ីមានសន្តិភាព ស្ថិរភាព និងវិបុលភាពជាងគេ ហើយអាស៊ី ក៏មិនគួរបណ្តោយឱ្យមានជម្លោះធំៗនៅក្នុងតំបន់នោះដែរ។
បើតាមការអះអាងរបស់សម្តេចធិបតី ស្ថិតក្នុងស្ថានភាពបច្ចុប្បន្នកម្ពុជាកំពុងធ្វើសកម្មភាពមួយចំនួនធ្វើយ៉ាងណារក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដែលផ្តោតលើផលប្រយោជន៍របស់ប្រជាជន។ សម្រាប់សម្តេចធិបតី សង្គ្រាមពាណិជ្ជកម្មមិនបានប៉ះពាល់ដល់គ្រប់វិស័យរបស់កម្ពុជានោះទេហើយកម្ពុជាកំពុងព្យាយាមកែសម្រួលខ្សែច្រវាក់ផ្គត់ផ្គង់ និងគោលដៅទីផ្សារឡើងវិញ ស្របពេលរដ្ឋាភិបាល ក៏បានត្រៀមលក្ខណៈដើម្បីជួយគាំទ្រដល់កម្មករ និងឧស្សាហកម្ម ដែលរងផលប៉ះពាល់ក្នុងអន្តរកាលនេះ។ សម្តេចធិបតីបានសង្កត់ធ្ងន់ថា នៅក្នុងវិបត្តិក៏បាននាំមកនូវឱកាសសម្រាប់កម្ពុជាក្នុងការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពឧស្សាហកម្ម និងជំរុញការធ្វើពិពិធកម្មផលិតកម្ម និងទីផ្សារផងដែរ។
ជាមួយគ្នានេះ សម្តេចធិបតី បានជំរុញដល់ថ្នាក់ដឹកនាំឧស្សាហកម្មកម្ពុជា ត្រូវខិតខំបង្កើនធាតុចូល ផលិតកម្មដែលមានប្រភពនៅកម្ពុជា មានភាពច្នៃប្រឌិតលើការផលិត និងខិតខំប្រែក្លាយខ្លួនឱ្យទៅជាអ្នកផលិត និងឧស្សាហករកម្មន្តសាល។ ដោយឡែក សម្រាប់សហគមន៍ធុរកិច្ចកម្ពុជា ត្រូវតែចូលរួមនៅក្នុងផលិតកម្ម ដើម្បីធានាបាននូវការកែសម្រួលគុណភាពនៃប្រព័ន្ធឧស្សាហកម្ម ការតភ្ជាប់ឧស្សាហកម្មជាមួយខ្សែច្រវាក់តម្លៃសកល និងការធានាភាពធន់ នៃឧស្សាហកម្ម និងកម្លាំងពលកម្មរបស់កម្ពុជា។
ទន្ទឹមនេះ សម្តេចធិបតី ក៏បានសង្កត់ធ្ងន់លើការពង្រឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីដែលមានស្រាប់ ក៏ដូចជាការស្វែងរកកិច្ចព្រមព្រៀងថ្មីៗបន្ថែមទៀត។ បើតាមសម្តេចធិបតី នៅពេលដែលរងសម្ពាធ បណ្ដាប្រទេសនានានឹងត្រូវពង្រឹងសាមគ្គីភាពឱ្យកាន់តែខ្លាំង ដើម្បីទប់ទល់នឹងផលប៉ះពាល់នៃការដាក់ពន្ធគយ ស្របពេលដែលកម្ពុជាកំពុងបង្ហាញខ្លួនយ៉ាងសកម្ម ក្នុងនាមជាគោលដៅវិនិយោគដ៏ទាក់ទាញ និងមានស្ថិរភាពសម្រាប់វិនិយោគិន តាមរយៈការប្រើប្រាស់អត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗ, កិច្ចព្រមព្រៀងភាពជា RCEP និងទំនាក់ទំនងជាយុទ្ធសាស្ត្រជាមួយនឹងទីផ្សារសំខាន់ៗរបស់ពិភពលោក៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ