វិស័យហេដ្ឋារចនាសម្ព័ន្ធ

សម្តេចតេជោ ហ៊ុន សែន បង្ហើបអំពីផែនការពង្រីកការវិស័យហេដ្ឋារចនាសម្ព័ន្ធសំខាន់បន្ថែមអ្វីខ្លះ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច?


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច តេជោ ហ៊ុន សែន នៅថ្ងៃទី ២២ ខែធ្នូនេះ បានអះអាងថា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ គឺជាការបែងចែងផ្លែផ្កានៃកំណើនសេដ្ឋកិច្ចជាតិប្រកបដោយសមធម៌។ ទន្ទឹមគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើង អំពីផែនការក្នុងការពង្រឹង និងពង្រីកវិស័យហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗបន្ថែមទៀត ដែលកំពុងសិក្សា ក៏ដូចជាគម្រោងបើកការដ្ឋានសាងសាង់មួយចំនួននាពេលខាងមុខ រួមទាំងគម្រោងផ្លូវដែកល្បឿនលឿនលើកដំបូងរបស់កម្ពុជា ពីរាជធានីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ និងពីខេត្តព្រះសីហនុទៅកាន់ព្រំដែនប្រទេសថៃជាដើម។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា

ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវលេខ ១៤៦បេ និងផ្លូវលេខ ១៤៨ ក្នុងខេត្តព្រះសីហនុ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ការកសាងអ្វីដែលជាសម្បត្តិរួមដូចជា ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ និងហេដ្ឋរចនាសម្ព័ន្ធរូបវន្តផ្សេងៗ គឺជាការបែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ចជាតិ ទៅកាន់ប្រជាពលរដ្ឋគ្រប់រូបប្រកបដោយសមធម៌។ សម្តេចតេជោ បានបន្ថែមទៀតថា សមិទ្ធផលផ្លូវទាំង២ខ្សែ ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាឱកាសនេះ គឺជាការតភ្ជាប់ផ្ទៃក្នុងតំបន់ឱ្យកាន់តែរឹងមាំ ដើម្បីជំរុញកំណើនការអភិវឌ្ឍសេដ្ឋកិច្ចជាតិ សំដៅលើកកម្ពស់គុណភាពរស់នៅរបស់ប្រជាជន និងកាត់បន្ថយការចំណាយ លើវិស័យដឹកជញ្ជូនផងដែរ ពោលគឺចំណេញទាំងថវិកា និងពេលវេលា។

បន្ថែមពីនេះ សម្តេចបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល នៅតែបន្តផ្តល់គោលនយោបាយអាទិភាព លើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដោយវិភាជថវិកាជាតិឱ្យបានច្រើនចំពោះការងារមួយនេះ។ ជាក់ស្ដែង គ្រាន់តែគម្រោងកសាងវិស័យហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តព្រះសីហនុ រាជរដ្ឋាភិបាលបានទម្លាក់ថវិកាជាតិសរុបប្រមាណ ៤០០លានដុល្លារ។

ទន្ទឹមនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ឱ្យដឹងដែរថា បច្ចុប្បន្នកម្ពុជាកំពុងសិក្សាលើគម្រោងសាងសង់ផ្លូវដែកល្បឿនលឿន ពីរាជធានីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ និងពីខេត្តព្រះសីហនុទៅកាន់ព្រំដែនប្រទេសថៃ។ ដោយសម្ដេច អះអាងថា ប្រសិនជាសម្រេចចិត្តនឹងធ្វើសាងសង់ផ្លូវដែកល្បឿនលឿននេះ គឺចំណាយពេលវេលាវាមិនយូរនោះទេ ដោយសារតែកម្ពុជាមានផ្លូវដែកចាស់រួចស្រេច ខណៈផ្លូវដែកចាស់នេះ មិនអាចនឹងបម្រើឲ្យការអភិវឌ្ឍវិស័យសេដ្ឋកិច្ចបាននោះទេ។ បើតាមសម្តេចតេជោ កាលពីថ្ងៃទី ៩ ខែវិច្ឆិកាកន្លងទៅនេះ នាយករដ្ឋមន្ត្រីចិន ក៏បានលើកឡើងជុំវិញគម្រោងសាងសង់ផ្លូវដែកល្បឿនលឿននេះ ក្នុងការចរចានាពេលខាងមុខផងដែរ។

ជាមួយគ្នានោះ សម្តេចតេជោ ក៏បានបញ្ជាក់ឱ្យដឹងដែរថា គម្រោងផ្លូវថ្មីៗដែល រាជរដ្ឋាភិបាលកម្ពុជានឹងបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្តាប់ មានដូចជាផ្លូវលេខ៤១ ភ្ជាប់ពីខេត្តកំពង់ស្ពឺទៅខេត្តកំពត នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី២៦ ខែធ្នូ , ផ្លូវលេខ៣៣ និងលេខ៣១ នៅខេត្តកំពត នឹងបើកការដ្ឋានសាងសង់ទី៣០ ខែធ្នូ, ស្ពានឆ្លងទន្លេនៅខេត្តក្រចេះ ជាមួយនឹងការតភ្ពាប់ផ្លូវទៅខេត្តកំពង់ធំ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ និងគម្រោងបើកការដ្ឋានសាងសង់ផ្លូវលេខ៧ នៅស្រុកស្គន់ ខេត្តកំពង់ចាម នាពេលខាងមុខនេះផងដែរ។ ក្រៅពីនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ពីការសិក្សាគម្រោងសាងសង់ស្ពាន និងផ្លូវមួយចំនួនបន្ថែមទៀត ដូចជាគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ត្រង់ចំណុចផ្សារចាស់-ជ្រោយចង្វា និង ជ្រោយចង្វារអរិយក្សត្រ) ស្ពាននៅតំបន់ល្វាឯម ជាប់ជាមួយផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងគម្រោងតភ្ជាប់ស្ពាន និងផ្លូវពីខេត្តកំពង់ឆ្នាំង ភ្ជាប់ទៅខេត្តកំពង់ធំ និងគម្រោងតភ្ជាប់ផ្លូវពីខេត្តបាត់ដំបង ទៅខេត្តសៀមរាបផងដែរ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន Smart Axiata បន្តគាំទ្រការអប់រំបច្ចេកវិទ្យាដល់កុមារនៅក្នុងកម្មវិធី Kid-Kathon

ព័ត៌មាន
កម្មវិធី Kid-Kathon សម្រាប់ជំនាន់ទី ៣ បានប្រព្រឹត្តិទៅយ៉ាងរលូន ក្រោមការរៀបចំឡើងពីសំណាក់ Tech for Kids Academy ដោយមាន ការឧបត្ថម្ភផ្តា…

កាន់តែងាយស្រួល ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ផ្តល់សេវាទូទាត់ភាគទានទៅកាន់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ព័ត៌មាន
ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក បានសហការណ៍ជាមួយ បេឡាជាតិសន្តិសុខសង្គម ក្នុងការផ្តល់ជូនសេវាកម្មទូទាត់ភាគទាន សម្រាប់អតិថិជនដែលជាម្ចាស់ក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ