Advertisement
ទេសចរណ៍

តើ​កម្ពុជា​ខ្វះ​ខាត​អ្វី​ខ្លះ ទើប​បណ្តោយ​ឲ្យ​បរទេស​​កើប​លុយ​ពី​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា?


ជា​រៀង​រាល់​ឆ្នាំ មាន​ភ្ញៀវ​ទេសចរ​បរទេស​ធ្វើ​ដំណើរ​កម្សាន្ត​មក​កាន់​​កម្ពុជា​កើន​ឡើង​ជា​បន្ត​បន្ទាប់។ គ្រាន់តែ​រយៈពេល​៩​ខែ​ក្នុង​ឆ្នាំ​២០១៧​នេះ កម្ពុជា​ទទួល​បាន​ភ្ញៀវ​បរទេស​ជាង ៣​លាន​៥​សែន​នាក់។ នេះ​បើ​តាម​របាយការណ៍​របស់​ក្រសួង​ទេសចរណ៍។
ទេសចរណ៍​ដើរ​កម្សាន្ត​នៅ​មុខប្រាង្គ​ប្រាសាទ​អង្គរវត្ត នៅ​ខេត្ត​សៀមរាប ព្រះរាជាណាចក្រ​កម្ពុជា។
ដោយ
Advertisement

បើ​ទោះ​ជា​កម្ពុជា​បាន​អូសទាញ​ភ្ញៀវ​បរទេស​ឲ្យ​មក​កម្សាន្ត​នៅ​ប្រទេស​របស់​ខ្លួន​រាប់​លាន​នាក់​បែប​នេះ​ក្តី ប៉ុន្តែ គេ​កត់​សម្គាល់​ឃើញ​ថា លុយ​របស់​ភ្ញៀវ​បរទេស​ដែល​មក​កម្ពុជា​រាប់​ពាន់​លាន​ដុល្លារ ត្រូវ​បាន​អ្នក​វិនិយោគ​បរទេស​ទាំង​នោះ កើប​យក​ទៅ​ប្រទេស​របស់​ខ្លួន​វិញ។

បច្ចុប្បន្ននេះ មាន​ជន​បរទេស​ជាច្រើន ជា​ពិសេស ជន​ជាតិ​ចិន បាន​សម្រុក​មក​រកស៊ី​នៅ​កម្ពុជា នៅ​ក្នុង​វិស័យ​សណ្ឋាគារ ផ្ទះ​សំណាក់ ភោជនីយដ្ឋាន កាស៊ីណូ និង​សេវាកម្ម​ជា​ច្រើន​ទៀត ដើម្បី​ត្រង​យក​លុយ​ពី​ភ្ញៀវ​ទេសចរ​អន្តរជាតិ​នៅ​កម្ពុជា។

លោក បូ សុខខឿង អាជីវករ​លក់​គ្រឿង​ទេស លក់​សំបុត្រ​ឡាន​ក្រុង និង​សំបុត្រ​កាណូត​នៅ​ឆ្នេរ​អូរត្រេះ ខេត្ត​ព្រះសីហនុ បាន​ប្រាប់ ខេមបូណូមីស ថា បច្ចុប្បន្ន ចំនួន​ភ្ញៀវ​ទេសចរ​មាន​ការ​កើន​ឡើង​ខ្លាំង ជា​ពិសេស ជន​ជាតិ​ចិន។

លោក​អះអាង​ថា៖ «កាល​​ពីរ​​បី​ឆ្នាំ​មុន ខ្មែរ​យើង​ភាគច្រើន​មាន​តែ​រត់​ទុកទុក តែ​ឥឡូវ ពួកគាត់​ខ្លះ​មាន​ឡាន មាន​ម៉ូតូ​ដាក់​សម្រាប់​ជួល ពួកគាត់​ចេះ​មាន​គំនិត​ច្នៃ​ប្រឌិត ដើម្បី​រក​លុយ​ពី​ភ្ញៀវ»។ 

បើ​តាម​អាជីវករ​រូប​នេះ ថ្វី​ត្បិត​តែ​ពលរដ្ឋ​ខ្មែរ អាច​រក​ចំណូល​ពី​ភ្ញៀវ​បរទេស​បាន​ខ្លះ​មែន តែ​ភាគ​ច្រើន ជា​របរ​តូចតាច​ប៉ុណ្ណោះ ខណៈ​សណ្ឋាគារ ផ្ទះ​សំណាក់ និង​ហាង​ធំ​ភាគ​ច្រើន ត្រូវ​បាន​គ្រប់គ្រង​ដោយ​ជន​ជាតិ​បរទេស ជា​ពិសេស ជន​ជាតិ​ចិន។ លោក​អះអាង​ថា លោកចង់​ពង្រីក​អាជីវកម្ម​ឲ្យ​ធំ​ដូច​បរទេស​ដែរ ប៉ុន្តែ កត្តា​កង្វះ​ដើម​ទុន គឺ​ជា​ឧបសគ្គ​ចម្បង​សម្រាប់​លោក។

Advertisement

ទាក់ទង​នឹង​កំណើន​ជន​ជាតិ​ចិន​កាន់​តែ​ច្រើន​នៅ​ខេត្ត​ព្រះសីហនុ គឺ​ស្របពេល​ដែល​​រដ្ឋបាល​ក្រុង​ឈិនទូ នៃ​ខេត្ត​ស៊ីឈាន់​របស់​ចិន គ្រោង​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​ទីក្រុង​សម្ព័ន្ធភាព (Sister City) ជាមួយ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ នា​ពេល​ខាង​មុខ​នេះ។

បញ្ហា​នេះ បណ្ឌិត​សេដ្ឋកិច្ច លោក គឹម សុភា បាន​អត្ថាធិប្បាយ​ថា កម្ពុជា​នៅ​ខ្វះ​ការ​ត្រៀម​ខ្លួន​ជា​មុន​ចំពោះ​គម្រោង​នីមួយៗ ដែល​ធ្វើ​បរទេស​យក​ប្រៀប​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ 

លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «មិនមែន​តែ​ខេត្ត​ព្រះសីហនុ​នោះ​ទេ ភ្នំពេញ​យើង​ហ្នឹង ក៏​គេ​មាន​គម្រោង​បង្កើត China Town ដែរ ប៉ុន្តែ តើ​រដ្ឋាភិបាល​បាន​ត្រៀម​ធនធាន​មនុស្ស​គ្រប់​គ្រាន់​ឬ​នៅ? បើ​ភោជនីយ​ដ្ឋាន គឺ​មាន​តែ​អ្នក​រត់​តុ​ទេ ដែល​ជា​ជនជាតិ​ខ្មែរ ក្រៅ​ពី​ហ្នឹង រាប់​ចាប់តាំង​ពី​ចុងភៅ​ឡើង​ទៅ គឺ​សុទ្ធ​តែ​ជន​ជាតិ​ចិន និង​កូរ៉េ»។

លោក​បណ្ឌិត គឹម សុភា យល់​ថា គម្រោង​នេះ​គឺ​ជា​ចំណុច​ល្អ គ្រាន់​តែ​ពលរដ្ឋ​ខ្មែរ​មិន​ទាន់​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ស្រូប​ទាញ​ចំណូល​ពី​ភ្ញៀវ​ជន​ជាតិ​ចិន​ប៉ុណ្ណោះ។

លោកបញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «ឧទាហរណ៍​ថា ចិន​ប្រកាស​ប្រាប់​ពលរដ្ឋ​គេ​ថា បើ​ចង់​ភ្លក្ស​អាហារ ឬ​ទស្សនា​វប្បធម៌​ចិន​នៅ​ខេត្ត​របស់​ខ្លួន គឺ​អាច​ទៅ​ខេត្ត​ព្រះសីហនុ ប្រទេស​កម្ពុជា​ក៏​មាន​ដែរ  មិន​ចាំបាច់​ហោះ​មក​ទឹកដី​ចិន​នោះ​ទេ។ ដូច្នេះ ខ្មែរ​កាត់​ចិន និង​ជន​ជាតិ​ចិន​នៅ​កម្ពុជា នឹង​មក​ខេត្ត​ព្រះសីហនុ។ តើ​ខ្មែរ​ចេះ​ធ្វើ​ម្ហូប​ចិន​ទេ ចេះ​ភាសា​ចិន​ទេ ចេះ​បង្កើត​សណ្ឋាគារ​បែប​ចិន​ទេ? នេះ​ជា​បញ្ហា​ដែល​យើង​ខ្វះ​ការ​ត្រៀម​ខ្លួន ទើប​យើង​មិន​អាច​យក​លុយ​ពី​ភ្ញៀវ​ចិន។ មិន​មែន​តែ​ចិន​ទេ ជន​ជាតិ​ផ្សេង​ក៏​ដូច​គ្នា​ដែរ»។

ក្រៅពី​ចំណេះ​ជំនាញ កម្ពុជា​នៅ​ខ្វះ​ការ​កែច្នៃ​តំបន់​ទេសចរណ៍ ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​បរទេស​មក​កម្ពុជា​រយៈពេល​ខ្លី ដែល​ជា​ហេតុ​ធ្វើ​​ឲ្យ​កម្ពុជា​ទទួល​បាន​ចំណូល​តិច​តួច។ នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់​បណ្ឌិត គឹម សុភា ដោយ​បន្ត​ថា៖ «នៅ​សិង្ហបុរី ជា​ប្រទេស​ដែល​គ្មាន​អ្វី​ទាំង​អស់ ប៉ុន្តែ គេ​ចេះ​កែច្នៃ​បង្កើត​ជា​រមណីយដ្ឋាន ហើយ​គ្រាន់តែ​មនុស្ស​ចូល​មើល ស្ទើរ​គ្រប់​កន្លែង​សុទ្ធតែ​លក់​សំបុត្រ។ ក្រៅ​ពី​ហ្នឹង គេ​ជំរុញ​ឲ្យ​អ្នក​ចូល​ទៅ​ប្រើ​សេវា​របស់​គេ​តែ​ម្តង ដូចជា សេវាកម្ម​រថភ្លើង​ជាដើម។ ប៉ុន្តែ កម្ពុជា​មាន​រមណីយដ្ឋាន​ច្រើន​ណាស់ តែ​យើង​ខ្វះ​ការ​កែច្នៃ​ក្នុង​បង្កើត​ជា​សេវា​កម្ម​ទេសចរណ៍»។

បើ​តាម​បណ្ឌិត​សេដ្ឋកិច្ច​រូប​នេះ រដ្ឋាភិបាល​អាច​ជួយ​ពលរដ្ឋ​ក្នុង​វិស័យ​នេះ តាមរយៈ​ការ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស ឲ្យ​ស្រប​នឹង​កំណើន​អ្នក​ទេសចរ​បរទេស​មក​កម្ពុជា ដើម្បី​ឲ្យ​ចំណូល​របស់​ភ្ញៀវ​បរទេស ធ្លាក់​លើ​ទឹក​ដី​ខ្មែរ ជា​ជាង​ឲ្យបរទេស​កើប​លុយ​យក​ទៅ​ស្រុក​គេ​វិញ។ បន្ថែម​ពី​នេះ ការ​បង្កើន​ចំនួន​រមណីយដ្ឋាន​និង​សេវាកម្ម ក៏​ត្រូវ​ធ្វើ​ឲ្យ​ទាន់​កំណើន​ភ្ញៀវ​ទេសចរ​បរទេស​ផងដែរ។

ដូច​គ្នា​ដែរ លោក ង៉ែត ជូ អ្នក​វិភាគ​សេដ្ឋកិច្ច បាន​ថ្លែង​ថា ចំណុច​ខ្វះខាត​របស់​ពលរដ្ឋ​ខ្មែរ​ក្នុង​ការ​ស្រូប​យក​ចំណូល​ពី​អ្នក​ទេសចរ​បរទេស គឺ​ពលរដ្ឋ​ខ្វះ​ទុន និង​ពុំ​សូវ​មាន​ជំនាញ​ភាព​ជា​សហគ្រិន។

លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «ពេល​រៀន​ចប់ ចិន​តែង​មាន​គំនិត​ចង់​ធ្វើ​ជំនួញ តែ​ខ្មែរ​យើង ពេល​រៀន​ចប់ មាន​គំនិត​ចង់​តែ​ធ្វើ​ជា​មន្រ្តី។ ចំណុច​នេះ​ទើប​ធ្វើឲ្យ​​ខ្មែរ​មាន​គំនិត​ជា​សហគ្រិន​ទាប ដែល​ធ្វើ​ឲ្យ​ពួកគេ​ខ្វះ​ភាព​តស៊ូ ដែល​ជា​ឧបសគ្គ​ក្នុង​ការ​ប្រកួត​ប្រជែង​ជាមួយ​បរទេស។ ម្យ៉ាង​ទៀត គេ​មាន​ទុន​ស្រាប់​ផង ឬ​រដ្ឋ​គេ​បង្ក​ភាព​ងាយ​ស្រួល​ដោយ​ឲ្យ​លុយ​ខ្ចី ឬ​ជួយ​សម្រួល​ផ្សេងៗ»។

Advertisement

ចំពោះ​គម្រោង​ចុះ MoU រវាង​ខេត្ត​ចិន និង​ខេត្ត​ព្រះសីហនុ របស់​កម្ពុជា ត្រូវ​បាន​អ្នក​វិភាគ​សេដ្ឋកិច្ច​រូប​នេះ អត្ថាធិប្បាយ​ថា គឺ​ជា​ការ​ល្អ ព្រោះ រដ្ឋាភិបាល​និង​ពលរដ្ឋ​ខ្មែរ​ពុំ​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​វិនិយោគ ប៉ុន្តែ កត្តា​ខាត​ឬ​ចំណេញ​ចំពោះ​ពលរដ្ឋ​ខ្មែរ គឺ​អាស្រ័យ​លើ MoU ពីព្រោះ បើ​សិន​រដ្ឋាភិបាល​ចរចា​រក​ប្រយោជន៍​បាន​ច្រើន​ជូន​ពលរដ្ឋ នោះ​ជា​ផល​ចំណេញ ផ្ទុយ​ទៅ​វិញ បើ​រដ្ឋាភិបាល​ចរចា​មិន​រក​ផល​ប្រយោជន៍​ជូន​ពលរដ្ឋ នោះ​ជា​ការ​ខាតបង់។ 

លោក ង៉ែត ជូ បាន​ផ្តល់​យោបល់​ថា រដ្ឋាភិបាល​គួរតែ​លក់​សំបុត្រ​ចូល​ទស្សនា​នៅ​កំពង់សោម ដូច​តំបន់​អង្គរ​ដែរ ដើម្បី​បង្កើន​ចំណូល​ចូល​រដ្ឋ​បន្ថែម បន្ទាប់​ពី​យក​ពន្ធ។ លោក​បន្ថែម​ថា រដ្ឋាភិបាល ​គួរ​ហាម​ឃាត់​អ្នក​នាំ​ភ្ញៀវ ឬ​អ្នក​បក​ប្រែ​ជន​ជាតិ​បរទេស កុំ​ឲ្យ​មក​ដណ្តើម​ការងារ​ពលរដ្ឋ​ខ្មែរ និង​ជួយ​សម្រួល​ឯកសារ ឬ​លិខិត​ស្នាម ដល់​សហគ្រិន​ខ្មែរ រួមទាំង​ជួយ​ផ្តល់​កម្ចី​ដោយ​មាន​ការ​ប្រាក់​ទាប ដើម្បី​បង្កើត​ភាព​ងាយ​ស្រួល​ដល់​អាជីវកម្ម​ពួកគេ ឲ្យ​មាន​ភាព​លូតលាស់​ជាមួយ​បរទេស​ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍ បាន​ស្នើ​ឲ្យ​ភាគី​ចិន​ជួយ​រៀបចំ​ផែនការមេ (Master Plan) ក្នុង​ការ​អភិវឌ្ឍ​នៅ​តំបន់​ទេសចរណ៍​តាម​ខេត្ត​មួយ​ចំនួន​និង​ជួយ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​កម្ពុជា​លើ​វិស័យ​ទេសចរណ៍ ខណៈ​វិស័យ​នេះ​ត្រូវការ​​ធនធាន​មនុស្ស​ក្នុង​មួយ​ឆ្នាំ​ប្រមាណ ៥​ម៉ឺន​នាក់ ដើម្បី​ឲ្យ​ឆ្លើយតប​ទៅ​នឹង​កំណើន​អ្នក​ទេសចរ​ជាតិ​និង​អន្តរជាតិ។ ការ​ថ្លែង​នេះ ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង​របស់​ឯកឧត្តម​រដ្ឋមន្រ្តី ជាមួយ​គណៈប្រតិភូ​ចិន​មក​ពី​ខេត្ត​សាងទុង នៅ​ថ្ងៃ​ទី១៥ ខែ​វិច្ឆិកា៕

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឧកញ៉ា សៀ ឫទ្ធី៖ វិស័យ​៣ ដែល​ធ្វើ​ឲ្យ​ខេត្ត​ព្រះសីហនុ​មាន​សក្ដានុពល​ខ្លាំង​បំផុត​នៅ​អនាគត

ព័ត៌មាន
ខេត្ត​​ព្រះសីហនុ ធ្លាប់​តែ​ជា​ខេត្ត​ទិសដៅ​ទេសចរណ៍​និង​មាន​ការ​ប្រែប្រួល​កំណើន​ទេសចរ​ទៅ​តាម​រដូវកាល ប៉ុន្ដែ បច្ចុប្បន្ន​នេះ ខេត្ត​ជាប់...

តើការ​ទិញ​ផ្ទះ​បង់​រំលស់​ផ្ទាល់​ជាមួយ​ម្ចាស់​គម្រោង ឬ​បង់​រំលស់​តាម​ធនាគារ ខុស​គ្នា​ដូចម្ដេច?

ព័ត៌មាន
សព្វថ្ងៃ​នេះ គម្រោង​អភិវឌ្ឍ​លំនៅ​ដ្ឋាន​រីក​ដុះ​ដាល​ដូច​ផ្សិត មិន​ត្រឹមតែ​នៅកណ្ដាល​ក្រុង​ភ្នំពេញ​នោះទេ ឥឡូវ គឺ​រាលដាល​ទៅ​ដល់​តំបន់​ជា...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ