វិស័យអាកាសចរណ៍

កម្ពុជា-ជប៉ុននឹងភ្ជាប់ជើងហោះហើរត្រង់ជាថ្មីនៅខែនេះ ដើម្បីជំរុញកំណើនភ្ញៀវទេសចរ


ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជានឹងភ្ជាប់ជើងហោះហើរត្រង់ពីភ្នំពេញ ទៅកាន់ទីក្រុងតូក្យូ ចាប់ពីថ្ងៃទី២៦ ខែតុលា តទៅ ដើម្បីជំរុញកំណើនភ្ញៀវ់ទេសចរ និងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។ អ្នកជំនាញកត់សម្គាល់ឃើញថា ក្រោយកម្ពុជា ដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិ តេជោ កាលពីពេលថ្មីៗ មានក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិមួយចំនួនបានតភ្ជាប់ជើងហោះហើរមកកាន់កម្ពុជា ដែលជាសញ្ញាល្អប្រសើរមួយសម្រាប់វិស័យអាកាសចរណ៍ និងទេសចរណ៍កម្ពុជា។
វិស័យអាកាសចរណ៍
ដោយ

បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia នឹងភ្ជាប់ជើងហោះហើរត្រង់ពីរាជធានីភ្នំពេញ ទៅកាន់ទីក្រុងតូក្យូ ចាប់ពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ តទៅ ដែលជាដំណឹងមួយដ៏រីករាយសម្រាប់កម្ពុជា ជាពិសេសសម្រាប់វិស័យទេសចរណ៍តែម្តង។

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា សង្កេតឃើញថា ចាប់តាំងពីកម្ពុជា បានដំណើរការអាកាសយានដ្ឋានអន្តរជាតិ តេជោ កាលពីថ្ងៃទី៩ខែកញ្ញា រួចមក ការតភ្ជាប់ជើងហោះហើរត្រង់ជាមួយប្រទេសនានា បានកើតមានជាហូរហែរ និងបានធ្វើឱ្យការធ្វើដំណើរមានការកើនឡើងគួរឱ្យកត់សម្គាល់។ បើតាមការអះអាងរបស់អ្នកជំនាញរូបនេះ នៅក្នុងពេលឆាប់ៗខាងមុននេះនឹងមានក្រុមហ៊ុនអាកាសចរណ៍មកប្រទេសនានារួមទាំងជប៉ុនផងនោះនឹងភ្ជាប់ជើងហើយមកកាន់ប្រទេសកម្ពុជា ដែលវានឹងជួយពាំនាំទីផ្សារទេសចរណ៍ថ្មីៗមកកាន់ប្រទេសកម្ពុជាបន្ថែមទៀត។

​ជាមួយគ្នានេះ លោក ជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា ចាត់ទុកការតភ្ជាប់ជើងហោះហើរត្រង់ជាបន្តបន្ទាប់នេះ គឺជាសញ្ញាវិជ្ជមានសម្រាប់សេដ្ឋកិច្ចរបស់កម្ពុជា និងការរីកចម្រើននៃវិស័យអាកាសចរណ៍។ ការតភ្ជាប់នេះ ត្រូវបានអ្នកជំនាញរូបនេះ ជឿជាក់ថា នឹងធ្វើឱ្យរូបិយបណ្ណ័បរទេសហូរចូលមកម្ពុជា តាមរយៈការចំណាយរបស់អ្នកទេសចរមកលេងកម្សាន្ត។ បើតាមអ្នកជំនាញរូបនេះ ការតភ្ជាប់ជើងហោះហើរត្រង់​នឹងជួយធ្វើពិពិធកម្មផលិតផលទេសចរណ៍ដោយជំរុញកំណើនសេដ្ឋកិច្ចនៅតាមគោលដៅទេសចរណ៍ផងដែរ។

ដោយឡែក លោកបណ្ឌិត ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ចាត់ទុកការតភ្ជាប់ជើងហោះហើរត្រង់របស់កម្ពុជា ជាមួយតំបន់ផ្សេងៗ វានឹងក្លាយជាចលករមួយដ៏សំខាន់ក្នុងការជួយជំរុញការអភិវឌ្ឍន័សេដ្ឋកិច្ចឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។ អ្នកជំនាញរូបនេះរំពឹងថា ការតភ្ជាប់ជើងហោះហើរត្រង់រវាងរាជធានីភ្នំពេញ និងទីក្រុងតូក្យូវានឹងជួយស្រូបទាញភ្ញៀវទេសចរជប៉ុនឱ្យមកកម្សាន្តនៅកម្ពុជា ឱ្យមានកំណើនឡើងវិញ ក្រោយមានការធ្លាក់ចុះខ្លាំងនៅមួយរយៈចុងក្រោយ បន្ទាប់ពីមានការបិទជើងហោះហើរត្រង់រវាងប្រទេសទាំងពីរកាលពីអំឡុងវិបត្តិកូវីដ-១៩។

​បើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ នៃអាកាសចរណ៍ស៊ីវិល ក្រោយបើកដំណើរការកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ អាកាសយានដ្ឋានអន្តរជាតិ តេជោ មានអ្នកដំណើរចេញ-ចូលឆ្លងកាត់ជាមធ្យមប្រមាណ១ម៉ឺន៥ពាន់នាក់ក្នុង១ថ្ងៃ និងមានជើងហោះហើរចេញ-ចូលជាមធ្យមប្រមាណ១៣០ជើងក្នុង១ថ្ងៃ។ បច្ចុប្បន្នអាកាសយានដ្ឋានអន្តរជាតិនេះ មានក្រុមហ៊ុនអាកាសចរណ៍ ដែលកំពុងប្រតិបត្តិការហោះហើរចេញ-ចូលចំនួន២៨ក្រុមហ៊ុន ក្នុងនោះមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចំនួន៤ និងក្រុមហ៊ុនអាកាសចរណ៍ក្រៅស្រុកចំនួន២៤៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


តើកម្ពុជា គួរកែប្រែចំណុចខ្វះខាតអ្វីខ្លះ ដើម្បីឈានទៅសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់នៅឆ្នាំនេះ?

ទោះបីបច្ចុប្បន្នស្ថានភាពសេដ្ឋកិច្ចពិភពលោកនៅតែស្ថិតក្នុងភាពមិនប្រាកដប្រជា ហើយសេដ្ឋកិច្ចកម្ពុជា បានរងឥទ្ធិពលពីបញ្ហាជម្លោះព្រំដែនជាមួយថៃ យ៉ាងណាក្…

ក្រុមហ៊ុន វីរៈ ប៊ុនថាំ នឹងជួយប្រមូលទិញស្រូវពីកសិកររាប់ម៉ឺនតោន ដើម្បីនាំចេញទៅក្រៅប្រទេស

ក្រុមហ៊ុនវីរៈប៊ុនថាំ កាលពីពេលថ្មីៗបានបញ្ចេញអង្ករស្រងែក្រអូបចំនួន៥០០តោន ដាក់លក់នៅគ្រប់សាខារបស់ក្រុមហ៊ុន វីរៈប៊ុនថាំ ដើម្បីជួយសម្រួលទីផ្ស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ