
នេះជាការបើកទំព័រសករាជថ្មីមួយសម្រាប់វិស័យឧស្សាហកម្មភាពយន្តរបស់កម្ពុជាក្នុងការឈានទៅក្លាយជាគោលដៅចម្បងសម្រាប់ការផលិតភាពយន្តលំដាប់អន្តរជាតិ។ តើវិស័យឧស្សាហកម្មភាពយន្តនៅកម្ពុជាមានការរីកចម្រើនកម្រិតណានាពេលបច្ចុប្បន្ននេះ?
លោក David Ulmer នាយកប្រតិបត្តិក្រុមហ៊ុន CBS ដែលទើបចុះព្រមព្រៀងផលិតភាពយន្តជាមួយក្រុមហ៊ុនផលិតកម្ម Th Studio ដែលជាក្រុមហ៊ុនផលិតវីដេអូហូលីវូដ ដ៏ល្បីល្បាញមួយនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិកបានលើកឡើងថា វិស័យភាពយន្តនៅកម្ពុជាហាក់នៅមានកម្រិតនៅឡើយបើធៀបនឹងប្រទេសនៅក្នុងតំបន់ និងលើពិភពលោក ហើយភាពយន្តភាគច្រើនផលិតសម្រាប់ចាក់ផ្សាយនៅទីផ្សារក្នុងស្រុកតែប៉ុណ្ណោះ។ តែយ៉ាងណាតាមរយៈការចាប់ដៃគ្នាជាមួយក្រុមហ៊ុនលំដាប់ពិភពលោកនេះលោករំពឹងថា វានឹងជួយឱ្យកម្ពុជាក្លាយទៅជាទីតាំងដ៏សំខាន់សម្រាប់ឧស្សាហកម្មភាពយន្ត និងទូរទស្សន៍អន្តរជាតិ ដោយមិនត្រឹមតែបង្កើតមាតិកាលំដាប់ថ្នាក់ពិភពលោកប៉ុណ្ណោះទេ ថែមទាំងជួយកសាងប្រព័ន្ធអេកូឡូស៊ី ដែលមានភាពច្នៃប្រឌិត ដើម្បីជួយលើកកម្ពស់តារាក្នុងស្រុក និងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើន។
លើសពីនេះ លោកជឿជាក់ថា ភាពជាដៃគូនេះនឹងចូលរួមបង្កើតការងារបន្ថែមដល់ពលរដ្ឋ ផ្ដល់ការបណ្ដុះបណ្ដាលសម្រាប់អ្នកជំនាញក្នុងស្រុក ព្រមទាំងបង្ហាញពីវប្បធម៌ដ៏រស់រវើក និងទីតាំងដ៏ស្រស់ស្អាតនានារបស់ប្រទេសកម្ពុជាទៅកាន់ពិភពលោក ដែលនឹងជំរុញដល់ការទាក់ទាញភ្ញៀវទេសចរចូលមកកម្ពុជាផងដែរ។
ជាមួយគ្នានេះលោក Ken Rutkowski សហស្ថាបនិកក្រុមហ៊ុន The Studio បានលើកឡើងថា សម្បត្តិបេតិកភណ្ឌដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា និងរចនាសម្ព័ន្ធនៃការផលិតដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស បានជួយឱ្យកម្ពុជាក្លាយជាទីតាំងដ៏ល្អសម្រាប់ការផលិតភាពយន្តសម្រាប់ពិភពលោក។ បើតាមសហស្ថាបនិកក្រុមហ៊ុននេះ កិច្ចសហការគ្នានេះមានសក្តានុពល និងឱកាសជាច្រើនសម្រាប់កម្ពុជាក្នុងការហក់ចូលទីផ្សារពិភពលោក តាមរយៈការផលិតនូវកម្មវិធីទូរទស្សន៍ និងផលិតកម្មភាពយន្តលំដាប់ពិភពលោក ដែលអាចបម្រើដល់ទស្សនិកជនរាប់ពាន់លាននាក់នៅលើពិភពលោក។
គួរជម្រាបថា តាមរយៈកិច្ចសហការនេះក្រុមហ៊ុនទាំង២ នឹងចាប់ផ្តើមថត និងផលិតភាពយន្តឱ្យចេញជារូបរាងចាប់ពីឆ្នាំ២០២៦ តទៅ ដោយសហការគ្នា ដើម្បីផលិតរឿងភាគ និងខ្សែភាពយន្តដែលមានភាពច្នៃប្រឌិត និងបង្ហាញពីភាពវិជ្ជមាននៃសង្គមជាតិ សម្រាប់វេទិកាផ្សព្វផ្សាយអន្តរជាតិសំខាន់ៗ រួមមាន Amazon Prime Video, Netflix, Shahid និង HBO Max។ សូមបញ្ជាក់ថា ក្រុមហ៊ុន The Studio គឺជា ផលិតកម្មដ៏ល្បីល្បាញនៅលើពិភពលោកមានមូលដ្ឋាននៅហូលីវូដ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក ដែលខ្សែភាពយន្តជាច្រើនរបស់ពួកគេទទួលបានពានរង្វាន់នៅក្នុងមហោស្រពភាពយន្តឈានមុខគេដូចជា Sundance និង Cannes ដែលមានអ្នកទស្សនាជាង១ពាន់លាននាក់នៅទូទាំងពិភពលោក៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាព តែន ចិន