នាជំនួបពិភាក្សាទ្វេភាគីរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃឡាវ និងជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២៤ នាកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីទាំងពីរ បានសម្តែងការពេញចិត្តចំពោះចំណងមិត្តភាពដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ដែលត្រូវបានដំឡើងកម្រិតទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងនៅឆ្នាំ២០១៩។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពជំរុញការផ្លាស់ប្តូរទស្សនកិច្ចគ្រប់ជាន់ថ្នាក់ និងការប្រាស្រ័យទាក់ទងរវាងថ្នាក់ដឹកនាំក្រសួងស្ថាប័ន និងអាជ្ញាធរមូលដ្ឋាននៃប្រទេសទាំងពីរបន្ថែមទៀត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើផ្នែកនានា។ ថ្នាក់ដឹកនាំទាំងពីរ ក៏បានបង្ហាញពីបំណងរៀបចំកិច្ចប្រជុំលើកទី១៥ នៃគណៈកម្មការចម្រុះកម្ពុជា-ឡាវ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលឆាប់ៗខាងមុខនេះ។
យ៉ាងណាមិញ ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម និងទេសចរណ៍ ភាគីកម្ពុជា-ឡាវ បានពិភាក្សាអំពីមធ្យោបាយបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ដើម្បីសម្រេចបាននូវសក្តានុពលពេញលេញ ជាពិសេសតាមរយៈការរៀបចំឡើងវិញនូវកិច្ចប្រជុំគណៈកម្មាធិការចម្រុះពាណិជ្ជកម្ម និងបានឯកភាពពង្រឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដើម្បីសម្រួលដល់ការនាំចេញផលិតផលដែលមានសក្តានុពល និងជំរុញរំហូរទេសចររវាងប្រទេសទាំងពីរ។
ចំពោះកិច្ចសហប្រតិបត្តិការថាមពល ភាគីទាំងពីរបានសង្កត់ធ្ងន់អំពីសារសំខាន់នៃសន្ដិសុខថាមពល និងហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី ព្រមទាំងរិះរកមធ្យោបាយពង្រីកការផ្គត់ផ្គង់ថាមពលបៃតងរវាងប្រទេសទាំងពីរ និងតំបន់ ដែលអាចចូលរួមចំណែកដល់ការអភិវឌ្ឍបណ្ដាញអគ្គិសនីអាស៊ាន។ ទន្ទឹមនេះនាយករដ្ឋមន្ត្រីទាំងពីរ បានលើកទឹកចិត្តដល់អាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរឱ្យបន្តកិច្ចសហប្រតិបត្តិការ និងចាត់វិធានការឱ្យបានទាន់ពេលក្នុងការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ដើម្បីធានាបាននូវសន្តិភាព និងស្ថិរភាពនៅតាមតំបន់ព្រំដែនកម្ពុជា-ឡាវ។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន បានកត់សម្គាល់ដោយសេចក្តីរីករាយចំពោះការបញ្ចប់ការចរចាលើកិច្ចព្រមព្រៀង ស្ដីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ ដើម្បីអាចឈានទៅចុះហត្ថលេខាក្នុងពេលឆាប់ៗ តាមពេលវេលាសមស្របផងដែរ។
សូមជម្រាបថា បើតាមស្ថិតិពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម នៅក្នុងរយៈពេល៨ខែឆ្នាំ២០២៤នេះ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ឡាវ បានឈានដល់ទំហំប្រមាណជាង ១៤៣លានដុល្លារ កើនឡើង ០,៣៩% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ ក្នុងនោះកម្ពុជានាំចេញទៅឡាវ មានជាង ១២លានដុល្លារ កើនឡើង ២៨៨% ខណៈការនាំចូលមកកម្ពុជាវិញ មានជាង ១៣១លានដុល្លារ កើនឡើងជាង ២%៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ