បំណុល​ប្រជាជន

តើ​ហេតុ​អ្វី​ប្រជាជន​ជំពាក់​បំណុល? ខ្ចី​បំណុល​យក​ទៅ​ធ្វើ​អ្វីខ្លះ?


ប្រធាន​បទ​នៃ​បញ្ហា​ពលរដ្ឋ​ខ្មែរ​ជាង​ពីរ​លាន​នាក់​ជំពាក់​បំណុល​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ច្រើន​សន្ធឹក​សន្ធាប់ គឺ​ជា​ប្រធាន​បទ​ក្ដៅ។ ថ្មីៗ​នេះ វិធានការ​មួយ​ចំនួន​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល តួយ៉ាង ការ​ផ្សព្វផ្សាយ​កុំ​ឲ្យ​ពលរដ្ឋ​យល់​ច្រលំ​ថា គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ជា​របស់​រដ្ឋ ការ​កំហិត​អត្រា​ការប្រាក់​អតិបរមា​សម្រាប់​កម្ចី​ពី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ ជា​ដើម។
ក្នុង​រូប​ភាព​ដោយ​លោក Brett Matthews នៅ​លើ​ Wikipedia.com ប្រជាជន​នៅ​ជន​បទ​ចូលរួម​ក្នុង​សកម្មភាព​របស់​ធនាគារ​សន្សំ​ប្រាក់​ក្នុង​សហគមន៍​មួយ​នៅ​កម្ពុជា។
ដោយ

ពលរដ្ឋ​ភាគច្រើន​ខ្ចី​លុយ​ពី​សេវា​ឥណទាន​ឯកជន តែ​និយាយ​ថា ជំពាក់លុយ​រដ្ឋ ធ្វើ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​បញ្ជា​ឲ្យ​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​មួយ​ចំនួន​ផ្លាស់ប្ដូរ​ស្លាក​សញ្ញា​ ឡូហ្គោ របស់​ខ្លួន​ចេញ កុំ​ឲ្យ​ភ័ន្ត​ច្រលំ​ជាមួយ​ឡូហ្គោ​ស្ថាប័ន​រដ្ឋ។ 

បន្ទាប់​មក​ពី​ទៀត ធនាគារ​ជាតិ​បាន​ដាក់​កំហិត​អត្រាការ​ប្រាក់​សម្រាប់​កម្ចី​ពី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ មិន​ឲ្យ​លើស ១៨% ក្នុង​មួយ​ឆ្នាំៗ ដែល​នាំ​ឲ្យ​មាន​ការ​បារម្ភ​អំពី​អនាគត​នៃ​វិស័យ​ក្មេង​ខ្ចី​មួយ​នេះ។ ☕️ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​នឹង​ជួប​វិបត្តិ​ធ្ងន់ធ្ងរ?

និយាយ​ដល់​បំណុល​ប្រជាជន គេ​អាច​ចោទ​សំណួរ​ថា តើ​កត្តា​អ្វី​ខ្លះ​ជំរុញ​ឲ្យ​ប្រជាជន​ជំពាក់​បំណុល? តើ​ខ្ចី​យក​ទៅធ្វើ​អ្វី? ខាង​ក្រោម​នេះ ជា​កិច្ច​សន្ទនា​រវាង​​សារព័ត៌មាន ខេមបូណូមិស និង​លោក ង៉ែត ជូ អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច និងជា​ទីប្រឹក្សា​ជាន់​ខ្ពស់​​នៃ​ក្រុមហ៊ុន Emerging Markets Consulting (EMC)។

ខេមបូណូមិស៖ តើបុព្វហេតុឫសគល់អ្វីខ្លះ ដែលនាំឲ្យប្រជាពលរដ្ឋខ្មែរ ជំពាក់បំណុលធនាគារ ឬមីក្រូហិរញ្ញវត្ថុ ? 

លោក ង៉ែត ជូ៖ មាន​កត្តា​ចំនួន ៤ ដែល​នាំ​ឲ្យ​ប្រជាជន​ខ្ចី​ប្រាក់​ពី​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ៖ ១) គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​កើត​ច្រើន​នៅ​តាម​តំបន់​ជនបទ ដោយ​មួយ​កន្លែងៗ មាន​អ្នក​ផ្ដល់​សេវា​មីក្រូ​ហិរញ្ញ​វត្ថុ​ច្រើន​ផ្ដុំ​គ្នា។ ២) ចំណេះ​ដឹងផ្នែក​ហិរញ្ញ​វត្ថុ​របស់​ប្រជាជន​នៅ​មាន​កម្រិត​ទាប​ពេក។ ពួកគាត់​ខ្ចី​បុល​មិន​យក​មក​បម្រើ​សកម្មភាព​បង្កើត​ប្រាក់​ចំណូល​ទេ ប៉ុន្តែ ខ្ចី​បំណុល​មក​ដើម្បី​ដោះស្រាយ​ចំណាយ​ចាំបាច់ (ដូចជា ម្ហូប​អាហារ និង​មើល​ជំងឺ​ ជាដើម)។ បញ្ហា​នេះ មួយ​ផ្នែក​ក៏​បណ្ដាល​មក​ពី​កង្វះ​នៃ​សេវា​សុខភាព​សាធារណៈ​ដែល​មាន​គុណភាព និង​អាច​ទុកចិត្តបាន។ បើ​យោង​តាម​ការ​អង្កេត ២៧% នៃ​អ្នក​ខ្ចី​បុល គឺ​ខ្ចី​យក​មក​សង​ថ្លៃ​ព្យាបាល​ជំងឺ។ ៣) ការពង្រីក​ឱកាស​អាជីវកម្ម ដោយសារ​លទ្ធភាព​ទិញទំនិញ​របស់​ប្រជាជន​ថ្នាក់​កណ្ដាល​មាន​ការ​កើន​ឡើង។ មាន​ន័យ​ថា ប្រជាជន​ដែល​មាន​ជីវភាពធូរធារ​មធ្យម ​មាន​ចំនួន​កើន​ឡើង ហើយ​នេះ​ជា​ផ្នែក​នៃ​កំណើន​សេដ្ឋកិច្ច​ក្នុង​ប្រទេស។ ៤) ការ​ផ្លាស់ប្ដូរ​របៀប​រស់នៅ​របស់​ប្រជាជន ជាពិសេស ក្មេងៗ​ជំនាន់​ក្រោយ​ចូលចិត្ត​ប្រើ​សេវា​ហិរញ្ញ​វត្ថុ ដូច​ជា ខ្ចី​ប្រាក់​ទិញ​រថយន្ត ទិញ​ផ្ទះ ជា​ដើម។ 

លោក ង៉ែត ជូ ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​ផ្នែក​សេដ្ឋកិច្ច​និង​អភិវឌ្ឍន៍ ក្រុមហ៊ុន​ពិគ្រោះ​យោបល់ Emerging Markets Consulting (EMC)។ 

លោក ង៉ែត ជូ

ខេមបូណូមិស៖ តើលោកមានតួលេខអំពីចំនួនពលរដ្ឋជំពាក់បំណុល ឬទេ? 

លោក ង៉ែត ជូ៖ ផ្អែក​តាម​ទិន្នន័យ​ពី​សមាគម​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា (CMA) ប្រជាជន​ដែល​ខ្ចី​ប្រាក់​ពី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ មាន​ចំនួន ១.៩២១.៩៥៦​នាក់ (យើង​និយាយ​បាន​ថា ជិត​ ២លាន​នាក់)។ តួលេខ​នេះ​ស្មើ​នឹង​ប្រហែល​ ២ភាគ៣​នៃ​ចំនួន​គ្រួសារ​នៅ​កម្ពុជា (បើ​យើង​សន្មត​ថា អ្នក​ខ្ចី​ម្នាក់​តំណាង​ឲ្យ​មួយ​គ្រួសារ)។ ប៉ុន្តែ តួលេខ​អ្នក​ខ្ចី​បុល​​អាច​នឹង​ខ្ពស់​​​ជាង​នេះ ពីព្រោះ​មាន​ប្រតិបត្តិករ​សេវា​ឥណទាន​ចុះ​បញ្ជី និង​មិន​ចុះ​បញ្ជី​ ព្រមទាំង​អ្នក​ចងការ​ប្រាក់​ក្រៅ​ផ្លូវការ​ជា​ច្រើន ដែល​មិន​រាយការណ៍​មកសមាគម​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា។ 

ខេមបូណូមិស៖ តើ​គេ​គួរ​អ្វី​ដូចម្ដេច​ខ្លះ​ដើម្បី​ដោះស្រាយ​បញ្ហា​បំណុល​ប្រជាជន​នេះ? 

លោក ង៉ែត ជូ៖ ខ្ញុំ​គិតថា ខាង​ក្រោម​នេះ​ជា​អនុសាសន៍​មួយ​ចំនួន​សម្រាប់​ជា​ដំណោះស្រាយ៖ 

១. ធ្វើការ​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ ជា​ពិសេស តំណាង​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​ដោយ​ពិភាក្សា​សិក្សា​ស្វែង​យល់​ឲ្យ​បាន​ស៊ី​ជម្រៅ​ពី​ផល​លំបាក​ដែល​​ប្រតិបត្តិករ​ជួប​ប្រទះ​និង​រិះរក​ដំណោះស្រាយ​សមស្រប​ដែល​អាច​ធានា​បាន​នូវ​និរន្តរភាព​របស់​ប្រតិបត្តិករ​និង​ផល​ប្រយោជន៍​អតិថិជន​ជា​ធំ។

២. កាត់​បន្ថយ​កាតព្វកិច្ច​បង់ពន្ធ​របស់​ប្រតិបត្តិករ​ដើម្បី​បន្ធូរ​បន្ទុក​នៃ​ចំណាយ​ថ្លៃ​ដើម។ ពន្ធ​ទាំង​នោះ រួមមាន ពន្ធ​កាត់​ទុក​លើ​ការ​ប្រាក់​សម្រាប់​ម្ចាស់​កម្ចី​ពី​បរទេស​ចំនួន​១៤%​នៃ​ការ​ប្រាក់​ដែល​ត្រូវ​បង់​ដល់​ម្ចាស់​កម្ចី ពន្ធ​លើ​ចំណូល​ពី​ការ​ប្រាក់​នៃ​បញ្ញើ​ក្នុង​ស្រុក ៤% ទៅ ៦% និង​ពន្ធ​លើ​ប្រាក់​ចំណេញ។ល។

៣. លើក​ទឹកចិត្តដល់​ប្រតិបត្តិករ​ដែល​ធ្វើ​ប្រតិបត្តិការ​ផ្តល់​ប្រាក់​កម្ចី​នៅ​តាម​ទី​ជនបទ​ដាច់​ស្រយាល​តាមរយៈ​គោល​នយោបាយ​លើកលែង​ពន្ធ​ទូទៅ​ក្នុង​រយៈពេល​២​ឆ្នាំ​ទៅ ៣​ឆ្នាំ​ដំបូង។

៤. រដ្ឋាភិបាល​មាន​កាតព្វកិច្ច​កាត់​បន្ថយ​ថ្លៃ​ដើម​ហិរញ្ញវត្ថុ​របស់​ប្រតិបត្តិករ​តាមរយៈ​ការ​សម្រប​សម្រួលឲ្យ​ទទួល​បាន​ប្រាក់​កម្ចី​ក្នុង​អត្រា​ការប្រាក់​ទាប​ពី​ចន្លោះត្រឹម ៣% ទៅ៤% ក្នុង១​​ឆ្នាំ។ ប្រភព​ហិរញ្ញវត្ថុ​ដែល​មាន​ការ​ប្រាក់​ទាប​នេះ​ត្រូវ​ផ្តោត​អាទិភាព​ដើម្បី​ផ្តល់​ជា​ប្រាក់​កម្ចី​ដល់​កសិករ​និង​សហគ្រាស​ខ្នាត​តូច​តាម​ទី​ជនបទ​ដើម្បី​ទទួល​បាន​ប្រាក់​កម្ចី​ដែល​មាន​ការ​ប្រាក់​ទាប អាច​ប្រកួត​ប្រជែង​ក្នុង​វិស័យ​ជំនួញ​ជាមួយ​កសិករ​និង​សហគ្រាស​នៃ​ប្រទេស​ជិត​ខាង។

៥. បង្កើត​មូលនិធិ​ដើម្បី​កសាង​សមត្ថភាព​អាជីព​ផ្នែក​មីក្រូ​ហិរញ្ញ​វត្ថុ​និង​ចំណេះដឹង​ផ្នែក​ហិរញ្ញ​វត្ថុ​ដល់​ប្រជាជន​ទូទៅ៕

រូបភាព​ខាង​លើ​ថត​ដោយ​ Brett Matthews | CC BY-SA 3.0




អត្ថបទបន្ទាប់


តើ​កម្ពុជា​មិន​អាច​​ដាំ​ស្លឹក​គ្រៃបាន​​មែន​ទេ ទើប​​នាំចូល​ស្លឹក​គ្រៃ ៥០​តោន​ក្នុង​១​ថ្ងៃ?

ព័ត៌មាន
ដោយសារ​តែ​តម្រូវការ​គល់​ស្លឹក​គ្រៃ​ច្រើន បាន​ជា​ប្រទេស​កម្ពុជា​នាំចូល​ស្លឹកគ្រៃ​ពី​ប្រទេស​ជិត​ខាង​ក្នុង​មួយ​ថ្ងៃៗ​ប្រមាណ ​៥០​តោន​យ៉ាង​ដូ…

អគារ​ភ្លោះ Gold Tower ៤២​ជាន់ បំបែក​ឯតទគ្គ​កម្ម​សាងសង់​យូរ​ជាង​គេ​បំផុត​នៅ​កម្ពុជា

ព័ត៌មាន
គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៥ ដល់​ឆ្នាំ​២០១៦ កម្ពុជា​មាន​សំណង់​អគារ​ខ្ពស់ៗ​ដែល​មាន​កម្ពស់​ចាប់​ពី​៥​ជាន់ ដល់ ៥៥​ជាន់ សរុប​ចំនួន ៦៨៥…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ