កម្ពុជា ដាក់ឱ្យដំណើរការកម្មវិធីទូទាត់បាគងទេសចរ

កម្ពុជាដាក់ឱ្យដំណើរការកម្មវិធីទូទាត់បាគងទេសចរជាមួយក្រុមហ៊ុនទូទាត់អន្តរជាតិដ៏ធំមួយ ដើម្បីជំរុញការទូទាត់តាមប្រព័ន្ធអនឡាញ


ធនាគារជាតិនៃកម្ពុជាបានដាក់ដំណើរការកម្មវិធីទូទាត់បាគងទេសចរ ជាមួយក្រុមហ៊ុនបណ្តាញប័ណ្ណទូទាត់អន្តរជាតិ វីសា ដើម្បីរួមចំណែកពង្រីកវិសាលភាពនៃការប្រើប្រាស់ប្រព័ន្ធទូទាត់ជាឌីជីថលនៅក្នុងប្រទេសកម្ពុជា ជាពិសេសសម្រាប់ភ្ញៀវទេសចរអន្តរជាតិ។ តាមរយៈកម្មវិធីទូទាត់បាគងទេសចរនេះ ភ្ញៀវទេសចរអន្តរជាតិ នឹងទទួលបានបទពិសោធន៍ដ៏អស្ចារ្យពីប្រតិបត្តិការទូទាត់តាមបែបឌីជីថល បន្ទាប់ពីទាញយកកម្មវិធី ទូទាត់បាគងទេសចរ ហើយចុះឈ្មោះប្រើប្រាស់ក្នុងទូរសព្ទដៃ បន្ទាប់មកភ្ជាប់ជាមួយបណ្ណទូទាត់វីសា ដែលមានស្រាប់ពីប្រទេសដើមរបស់ខ្លួន។
ជាមួយក្រុមហ៊ុនបណ្តាញប័ណ្ណទូទាត់អន្តរជាតិ វីសា
ដោយ

នាពិធីដាក់ដំណើរការកម្មវិធីទូទាត់បាគងទេសចរនេះ លោកជំទាវ ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជាបានលើកឡើងពីសារសំខាន់នៃការអភិវឌ្ឍទៅមុខឥតឈប់ឈរនៅក្នុងទិដ្ឋភាព នៃការវិវត្តរបស់សង្គមបច្ចុប្បន្ន។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា ប្តេជ្ញាក្នុងការធ្វើទំនើបកម្ម ប្រព័ន្ធទូទាត់ ដោយផ្តោតសំខាន់លើការធ្វើអន្តរប្រតិបត្តិការ និងសុវត្ថិភាព ដើម្បីបំពេញតម្រូវការរបស់ ប្រជាពលរដ្ឋ ធុរជន និងភ្ញៀវទេសចរ ដែលមកកម្សាន្តនៅក្នុងប្រទេសកម្ពុជា។ តាមរយៈការធ្វើ សមាហរណកម្មជាមួយនឹងប័ណ្ណទូទាត់វីសា អ្នកប្រើប្រាស់អាចភ្ជាប់បណ្ណទូទាត់វីសាដែលមានស្រាប់ របស់ខ្លួន ដើម្បីធ្វើប្រតិបត្តិការផ្ទេរប្រាក់ និងទូទាត់ដោយមិនប្រើសាច់ប្រាក់បានកាន់តែងាយស្រួល តាមរយៈការស្កេន ខេអេចយ្យូអរ កូដ ហើយមុខងារនេះ នឹងចូលរួមចំណែកបង្កើនប្រសិទ្ធភាពប្រតិបត្តិការ កាត់បន្ថយតម្រូវការសាច់ប្រាក់ ជារួមពង្រឹងបទពិសោធន៍ក្នុងការមកកម្សាន្តនៅក្នុងប្រទេសកម្ពុជា។

បើតាមលោកជំទាវ ជា សិរី ការដាក់ឱ្យដំណើរការកម្មវិធីទូទាត់បាគងទេសចរជាមួយប័ណ្ណទូទាត់អន្តរជាតិ វីសានេះ ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅលើកកម្ពស់សេដ្ឋកិច្ចឌីជីថល និងបរិយាបន្នសង្គម។ ការណ៍នេះសរបញ្ជាក់អំពីជំហររបស់ប្រទេសកម្ពុជា ក្នុងនាមជាជាតិសាសន៍ដែលមានការគិតឆ្ពោះទៅមុខ ស្របពេលដែលផ្តល់ឱ្យភ្ញៀវទេសចរអន្តរជាតិ នូវសុវត្ថិភាពនិងប្រសិទ្ធភាពក្នុងការមកកម្សាន្តនៅក្នុងប្រទេសកម្ពុជា។

បើតាមធនាគារជាតិនៃកម្ពុជា ការភ្ជាប់កម្មវិធីទូទាត់បាគងទេសចរ ជាមួយមុខងារ VISA card connection នឹងផ្តល់ជាមធ្យោបាយដាក់ប្រាក់មួយបន្ថែមទៀត សម្រាប់ភ្ញៀវទេសចរអន្តរជាតិ អាចបញ្ចូលទឹកប្រាក់ ដើម្បីទូទាត់ថ្លៃទំនិញ និងសេវាកម្មតាមបែបឌីជីថលបានកាន់តែងាយស្រួល មានសុវត្ថិភាព និងប្រកបដោយនវានុវត្តន៍។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ ភ្ញៀវទេសចរអន្តរជាតិ អាចធ្វើប្រតិបត្តិការទូទាត់តាមរយៈការស្កេន ខេអេចយ្យូអរកូដ ជាមួយអាជីវករប្រមាណ៤,៥លានកន្លែង ក្នុងអំឡុងពេលធ្វើដំណើរកម្សាន្តនៅក្នុងប្រទេសកម្ពុជា៕

អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ




អត្ថបទបន្ទាប់


តើវិស័យសុខាភិបាលពិភពលោកអាចជួបបញ្ហាប្រឈមអ្វីខ្លះ ក្រោយលោក ដូណាល់ ត្រាំ ប្រកាសដកសហរដ្ឋអាម៉េរិកចេញពីអង្គការសុខភាពពិភពលោក?

សហរដ្ឋអាម៉េរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតីទី៤៧ ទើបឡើងកាន់អំណាច លោក ដូណាល់ ត្រាំ បានប្រកាសដកខ្លួនចេញពីអង្គការសុខភាពពិភពលោក (WHO) …

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ភ្នំពេញ ថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៤ - ថ្មីៗនេះ ក្រុមហ៊ុន Emirates បានប្រកាសពីការផ្តល់ជូនកាដូពិសេសថ្មីសម្រាប់អ្នកធ្វើដំណើរដែលមានគម្រោងទៅទ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ