វិស័យពាណិជ្ជកម្ម

ឯកឧត្តម វង្សី វិស្សុត រំពឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និង RCEP នឹងជួយជំរុញសេដ្ឋកិច្ច និងការធ្វើពាណិជ្ជកម្មទ្វេភាគីឱ្យមានសន្ទុះកំណើនបន្ថែមទៀត


ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី កត់សម្គាល់ឃើញថា ចំណងមិត្តភាពកម្ពុជា-ចិន សម្រេចបាននូវទំនាក់ទំនងយ៉ាងស្អិតរមួត និងរីកចម្រើនស្ទើរគ្រប់វិស័យ ក្នុងនោះការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការរីកចម្រើនជាបន្តបន្ទាប់។ ជាក់ស្តែងនៅក្នុងរយៈពេល១១ខែកន្លងមកនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរសម្រេចបានជាង១៣ពាន់លានដុល្លារ មានការកើនឡើងជាង២៥%។
វិស័យពាណិជ្ជកម្ម
ដោយ

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការរំពឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) នឹងបន្តជំរុញពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ចកម្ពុជា-ចិន ឱ្យកាន់តែមានសន្ទុះកំណើនថែមទៀត។

នាពិធីបើក «មហោស្រពមិត្តភាពកម្ពុជា-ចិន ឆ្នាំ២០២៤» នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានចាត់ទុកមហោស្រពមិត្តភាពកម្ពុជា-ចិន ជាចលករដ៏សំខាន់ ដែលនឹងរួមចំណែកជួយលើកកម្ពស់ទំនាក់ទំនងប្រជាជននិងប្រជាជន ពិសេសរវាងយុវជន និងជួយកសាងចំណងមិត្តភាព ទំនុកចិត្ត ការយល់គ្នាទៅវិញទៅមក ក៏ដូចជាស្វែងរកនូវឱកាសវិនិយោគ និងធុរកិច្ចរវាងសហគ្រិនវ័យក្មេងនៃប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន។ ឆ្នាំ២០២៤ ជាខួបលើកទី៦៦ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន និងជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន នៅក្នុងក្របខ័ណ្ឌនៃការកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន ឆ្ពោះទៅរកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ កត់សម្គាល់ឃើញថា នៅក្នុងរយៈពេល៦៦ឆ្នាំ នៃចំណងមិត្តភាពរវាងប្រទេសទាំងពីរ កម្ពុជា-ចិន សម្រេចបាននូវទំនាក់ទំនងយ៉ាងស្អិតរមួត និងរីកចម្រើនគ្រប់វិស័យ ទាំងក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការនៃស្ថាប័ននីតិប្បញ្ញត្តិ, រដ្ឋាភិបាល, វិស័យឯកជន, សង្គមស៊ីវិល និងប្រជាជន។ កិច្ចសហប្រតិបត្តិការ ដែលឈរលើគោលការណ៍ឈ្នះ-ឈ្នះ និងការគោរពគ្នាទៅវិញទៅមកនេះ បានរួមចំណែកសម្រេចបាននូវសមិទ្ធផលជាច្រើនគួរឱ្យគត់សម្គាល់ទាំងក្នុងវិស័យនយោបាយ, ការទូត, សេដ្ឋកិច្ច, ពាណិជ្ជកម្ម, វប្បធម៌, មនុស្សជាតិ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងកិច្ចការសំខាន់ៗផ្សេងទៀត នៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការតំបន់ និងអន្ដរជាតិ។

ពាក់ព័ន្ធវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា ពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានបន្តកើនឡើងឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ។ ជាក់ស្តែងកាលពីឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានប្រមាណ១១,៧ពាន់លានដុល្លាអាម៉េរិក កើនឡើងប្រមាណ៤% បើធៀបនឹងឆ្នាំ២០២២។ នៅក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរសម្រេចបានជាង១៣ពាន់លានដុល្លាអាម៉េរិក មានការកើនឡើងជាង២៥% ដែលធ្វើឱ្យចិន ក្លាយជាដៃគូដោះដូរពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា។ ជាមួយគ្នានេះ ចិននៅតែបន្តឈានមុខគេលើការវិនិយោគនៅកម្ពុជា ក្នុងវិស័យអាទិភាពជាច្រើនដូចជាឧស្សាហកម្ម, កម្មន្តសាល, កសិកម្ម, កសិឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធជាដើម។ ហើយជាទស្សនវិស័យទៅមុខ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការជឿជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) នឹងបន្តជំរុញពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ចកម្ពុជា-ចិន ឱ្យកាន់តែមានសន្ទុះកំណើនថែមទៀត។

ឯកឧត្តម វង្សី វិស្សុត អះអាងថា ប្រទេសចិន បានចូលរួមចំណែកយ៉ាងធំធេងក្នុងដំណើរអភិវឌ្ឍន៍របស់កម្ពុជា និងគាំទ្រក្នុងវិស័យអាទិភាពជាច្រើន ពិសេសលើការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តមានដូចជា ផ្លូវថ្នល់ប្រវែងប្រមាណ៤ពាន់គីឡូម៉ែត្រ ត្រូវបានសាងសង់ និងជួសជុលឡើងវិញ ស្ពានធំៗចំនួន១១កន្លែង ពហុកីឡាដ្ឋានមរតកតេជោ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ខេត្តត្បូងឃ្មុំ អគារមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ជំនួយអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា និងក្នុងក្របខ័ណ្ឌគំនិតផ្តួចផ្តើម​ខ្សែក្រវាត់ និងផ្លូវ (BRI) មានដូចជា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរជាដើម៕




អត្ថបទបន្ទាប់


តម្លៃខុនដូថ្មីនៅជប៉ុន ថ្លៃជាងប្រាក់ឈ្នួលប្រចាំឆ្នាំជាមធ្យម​របស់ពលរដ្ឋដល់ទៅ ១០ដង

តម្លៃលំនៅឋានថ្មីនៅក្នុងប្រទេសជប៉ុន បានកើនឡើងលឿនជាងប្រាក់ឈ្នួល ទៅទៀត កាលពីឆ្នាំ២០២៣ ពោលគឺថ្លៃជាងប្រាក់ឈ្នួលប្រចាំឆ្នាំជាមធ្យមរបស់ពលរដ្ឋក្នុង…

តើកម្ពុជា គួរត្រៀមខ្លួនបែបណាមុនចាកចេញពីប្រទេស ដែលមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩?

កម្ពុជា បានបំពេញគ្រប់លក្ខណៈវិនិច្ឆ័យដំបូងសម្រាប់ការចាកចេញពីក្រុមប្រទេសមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២១ ហើយបានបំពេញម្តងទៀតលើលក្ខណៈវិនិច្ឆ័យ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ