ក្នុងនោះ អ្នកជំនាញក្នុងវិស័យទេសចរណ៍អះអាងថា តាមរយៈអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍រវាងកម្ពុជា-ម៉ាល់ឌីវនេះ ដោយអនុញ្ញាតឲ្យពលរដ្ឋនៃប្រទេសទាំងពីរអាចធ្វើដំណើរចេញចូល ដោយមិនចាំបាច់មានទិដ្ឋាករនោះ គឺជាចំណុចល្អក្នុងការចាប់ផ្តើមទំនាក់ទំនងទ្វេភាគី ទាំងទំនាក់ទំនងការទូតនយោបាយ ពាណិជ្ជកម្ម និងទេសចរណ៍ឱ្យកាន់តែល្អប្រសើរ។
ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា បានបញ្ជាក់ឱ្យដឹងថា អនុស្សរណៈចំនួន៦ ដែលកម្ពុជា និងម៉ាល់ឌីវបានចុះហត្ថលេខានោះ ផ្ដោតលើកិច្ចសហប្រតិបត្តិការមួយចំនួន រួមមាន ទី១.ជំរុញកិច្ចសហប្រតិបត្តិការផ្នែកទេសចរណបេតិកភណ្ឌវប្បធម៌ ទេសចរណ៍ទីក្រុង និងជនបទ ទេសចរណ៍ធម្មជាតិ អេកូទេសចរណ៍ ទេសចរណ៍សហគមន៍ ទេសចរណ៍សាសនា ជាដើម។ ទី២.ការផ្លាស់ប្ដូរដំណើរទស្សនកិច្ចផ្លូវការរបស់មន្ត្រីជំនាញ និងផ្នែកឯកជន។ ទី៣.ផលិតឯកសារផ្សព្វផ្សាយទាក់ទាញទេសចរណ៍រួមគ្នា។ ទី៤.គាំទ្រ និងចូលរួមសិក្ខាសាលា កិច្ចប្រជុំ សន្និបាត និង កិច្ចការពាណិជ្ជកម្ម/ពិព័រណ៍ទេសចរណ៍។ ទី៥.ការលើកទឹកចិត្តឲ្យមានសកម្មភាពសេដ្ឋកិច្ច វិនិយោគ ការតភ្ជាប់ការហោះហើរ និងទី៦.កិច្ចសហប្រតិបត្តិការផ្សេងៗទៀត។
ឯកឧត្ដម ថោង ខុន បញ្ជាក់បន្ថែមថា លទ្ធផលនៃទស្សនកិច្ចផ្លូវការក្នុងវិស័យផ្សេងៗទៀត នឹងចូលរួមជំរុញការអនុវត្តអនុស្សរណៈខាងលើ ឲ្យកាន់តែល្អប្រសើរផងដែរ។ ជាពិសេសការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋ នៃប្រទេសទាំងពីរ ដែលកាន់លិខិតឆ្លងដែនការទូតផ្លូវការ និងធម្មតា ចំនួន៣០ថ្ងៃ នឹងចូលរួមសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋនៃប្រទេសទាំងពីរកាន់តែប្រសើរនៅថ្ងៃអនាគត។ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ដែរថា គំនិតផ្ដួចផ្ដើមប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ឲ្យសិក្សាលទ្ធភាពបង្កើតឲ្យមានក្របខណ្ឌ «ទិដ្ឋាការទោល គោលដៅពីរ» រវាងកម្ពុជា និង ម៉ាល់ឌីវ ពិតជាកាលានុវត្តភាពធំធេងសម្រាប់ជំរុញទេសចរពីប្រទេសទី៣ ដែលមកសម្រាកកម្សាន្តនៅសមុទ្រម៉ាល់ឌីវ អាចមកទស្សនាប្រាសាទអង្គវត្ត និងតំបន់ទេសចរណ៍បេតិកភណ្ឌ ឬគោលដៅទេសចរណ៍ដទៃទៀតនៅកម្ពុជាផងដែរ។
បន្ថែមពីនេះ កម្ពុជា និងកោះម៉ាល់ឌីវ ក៏មានផែនការជំរុញឲ្យមានការតភ្ជាប់ជើងហោះហើររវាងប្រទេសទាំងពីរថែមទៀត។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក យល់ឃើញថា តាមរយៈការចុះអនុស្សរណៈ ការលើកលែងទិដ្ឋាការ និងការបង្កើតឲ្យមានក្របខណ្ឌ «ទិដ្ឋាការទោល គោលដៅពីរ» រវាងកម្ពុជា និង ម៉ាល់ឌីវនេះ គឺជាចំណុចល្អក្នុងការចាប់ផ្តើមទំនាក់ទំនងរវាងប្រទេសទាំងពីរ ទាំងទំនាក់ទំនងការទូតនយោបាយ ពាណិជ្ជកម្ម និងទេសចរណ៍ ឱ្យកាន់តែល្អប្រសើរ។ ដោយឡែកចំពោះ ការជំរុញឲ្យមានជើងហោះហើរត្រង់ កម្ពុជា-ម៉ាល់ឌីវវិញ លោក ធួន ស៊ីណាន ហាក់នៅមិនទាន់អាចវាយតម្លៃបាននោះទេ ដោយលោក បញ្ជាក់ថាដោយសារកន្លងមកប្រទេសម៉ាល់ឌីវ គឺជាប្រទេសដែលទទួលភ្ញៀវទេសចរចូល ប៉ុន្តែអំណាចនៃការទាញភ្ញៀវទេសចរចេញ ហាក់នៅមានកម្រិតនៅឡើយ ហើយប្រជាជនម៉ាល់ឌីវក៏មានតិចផងដែរ ដូចនេះ។
សូមជម្រាបថា មុនវិបត្តិកូវីដ១៩ នៅឆ្នាំ២០១៩ កម្ពុជាបានទទួលទេសចរអន្តរជាតិចំនួន ៦លាន៦សែន លាននាក់ ហើយឆ្នាំ២០២២ កន្លងទៅនេះ កម្ពុជាបានទទួលទេសចរអន្តរជាតិចំនួន ២លាន២សែននាក់ កើន ១០២០% ធៀបនឹងឆ្នាំ២០២១។ រីឯ ប្រទេសម៉ាល់ឌីវវិញ កាលពីឆ្នាំ២០១៩ ទទួលបានទេសចរអន្តរជាតិចំនួន ១លាន៧សែននាក់ ហើយនៅឆ្នាំ២០២២ ទទួលបាន១លាន៦សែននាក់។ នេះបើយោងតាមក្រសួងទេសចរណ៍៕