អគ្គនាយកដ្ឋានពន្ធដា

ដំណោះស្រាយហានិភ័យចំនួន៤ ត្រូវបានដាក់ចេញក្នុងឯកសារវិភាគហានិភ័យទូទៅសម្រាប់ឆ្នាំ២០២២ របស់អគ្គនាយកដា្ឋនពន្ធដារ


អគ្គនាយកដ្ឋានពន្ធដា បានរៀបចំសិក្ខាសាលាស្តីពីឯកសារវិភាគហានិភ័យទូទៅសម្រាប់ឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។ សិក្ខាសាលានេះ គឺជាសកម្មភាពមួយនៃវិធានការដែលមានចែងក្នុងឯកសារយុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣ របស់រាជរដ្ឋាភិបាល និងផែនការប្រតិបត្តិ ២០១៩-២០២៣ របស់អគ្គនាយកដ្ឋានពន្ធដារ។ មន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានពន្ធដា បញ្ជាក់ថា ឯកសារវិភាគហានិភ័យទូទៅសម្រាប់ឆ្នាំ២០២២នេះ បានដាក់ចេញនូវដំណោះស្រាយហានិភ័យចំនួន៤ផងដែរ។
ដំណោះស្រាយហានិភ័យចំនួន៤ ត្រូវបានដាក់ចេញក្នុងឯកសារវិភាគហានិភ័យទូទៅសម្រាប់ឆ្នាំ២០២២ របស់អគ្គនាយកដា្ឋនពន្ធដារ

នៅក្នុងសិក្ខាសាលាស្តីពីឯកសារវិភាគហានិភ័យទូទៅសម្រាប់ឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានពន្ធដារ លោកបណ្ឌិត ម៉ុង ឡាមី ប្រធានការិយាល័យគោលនយោបាយសារពើពន្ធ នៃនាយកដ្ឋាននីតិកម្មគោលនយោបាយសារពើពន្ធ និងសហប្រតិបត្តិការពន្ធដារអន្តរជាតិ បានបញ្ជាក់ថា ខ្លឹមសារនៃឯកសារវិភាគហានិភ័យទូទៅសម្រាប់ឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានពន្ធដារ រួមមានចំណុចសំខាន់ៗដូចជា៖ គោលបំណងនៃការរៀបចំឯកសារវិភាគហានិភ័យទូទៅ, បរិបទទូទៅនៃស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេស និងបរិបទបច្ចុប្បន្នរបស់អ្នកជាប់ពន្ធ, ហានិភ័យកម្រិតយុទ្ធសាស្ត្រដែលបានកំណត់ផ្អែកតាមលទ្ធផលនៃការស្ទង់មតិហានិភ័យអនុលោមភាព (រួមមាន៖ ការចុះបញ្ជីពន្ធដារ, ការដាក់លិខិតប្រកាសពន្ធ និងការបង់ប្រាក់ពន្ធ, កំហុសនៃការរាយការណ៍, ការចៀសវាងពន្ធ, ការគេចវេះពន្ធតាមរយៈប្រតិបត្តិការរវាងសហគ្រាសនិងសហគ្រាស-B2B, ការគេចវេះពន្ធតាមរយៈប្រតិបត្តិការរវាងសហគ្រាសនិងអ្នកប្រើប្រាស់-B2C, និងវប្បធម៌បង់ពន្ធ), ផលប៉ះពាល់ពីការអូសបន្លាយនៃជំងឺកូវីដ-១៩ មកលើអនុលោមភាពសារពើពន្ធ និងការប្រៀបធៀបកម្រិតស្ថានភាពហានិភ័យជារួមជាមួយឆ្នាំ២០២១។

បណ្ឌិត ម៉ុង ឡាមី បន្ថែមថា ចំណុចគួរឱ្យគត់សម្គាល់គឺ គ្រប់អង្គភាពពន្ធដារយល់ឃើញថាស្ថានភាពហានិភ័យមានភាពធូរស្រាលជាងមុន ហើយការអូសបន្លាយនៃជំងឺកូវីដ-១៩ បានធ្វើឱ្យមានផលប៉ះពាល់ខ្លាំងលើការដាក់លិខិតប្រកាស និងការបង់ប្រាក់ពន្ធលើប្រភេទពន្ធលើប្រាក់ចំណូល និងអាករលើតម្លៃបន្ថែមជាដើម។ លើសពីនេះ ការអូសបន្លាយនៃជំងឺកូវីដ-១៩ ជាឫសគល់នៃការថយចុះសកម្មភាពសេដ្ឋកិច្ច ដែលអាចធ្វើឱ្យធ្លាក់ចុះនៃការប្រមូលចំណូលពន្ធប៉ុន្តែការព្រួយបារម្ភនៃការធ្លាក់ចុះការប្រមូលចំណូលពន្ធនេះ ពុំបានបណ្តាលឱ្យមានការធ្លាក់ចុះនៃការផ្តល់សេវារបស់រដ្ឋបាលសារពើពន្ធនោះទេ ផ្ទុយទៅវិញអគ្គនាយកដ្ឋានពន្ធដារ នៅតែអាចផ្តល់សេវាជូនអ្នកជាប់ពន្ធប្រកបដោយប្រសិទ្ធភាពទៅតាមការងារបែបគន្លងថ្មី។

បើតាម បណ្ឌិត ម៉ុង ឡាមី ឯកសារវិភាគហានិភ័យទូទៅសម្រាប់ឆ្នាំ២០២២ បានដាក់ចេញនូវដំណោះស្រាយហានិភ័យចំនួន៤ផងដែរ រួមមាន ទី១. វិធានការពង្រឹងការកាន់កាប់បញ្ចិកាគណនេយ្យ, ទី២.វិធានការស្តីពីបែបបទរដ្ឋបាលក្នុងការរឹតបន្តឹង និងចាត់វិធានការជាក់ស្តែងលើភាពយឺតយ៉ាវ ឬខកខានក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ, ទី៣. វិធានការស្តីពីការផ្លាស់ប្តូរព័ត៌មានក្នុងគោលបំណងពង្រឹងអនុលោមភាពសារពើពន្ធ និង ទី៤. វិធានការស្តីពីការសិក្សាអំពីលទ្ធភាពរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីតម្រូវការឱ្យអាជីវកម្មទាំងអស់ប្រើប្រាស់ប្រព័ន្ធកត់ត្រាការទូទាត់សាច់ប្រាក់៕




អត្ថបទបន្ទាប់


ទុនបម្រុងអន្តរជាតិរបស់វៀតណាមនឹងហក់ឡើងដល់ ១០០ពាន់លានដុល្លារត្រឡប់មកវិញនៅដំណាច់ឆ្នាំនេះ

ព័ត៌មាន
ក្រុមអ្នកវិភាគសេដ្ឋកិច្ចបង្ហាញនូវក្ដីរំពឹងថា ធនាគារកណ្ដាលរបស់វៀតណាមនឹងនាំមកនូវទុនបម្រុងអន្តរជាតិដល់កម្រិត ១០០ពាន់លានដុល្លារត្រឡប់មកវិញនៅ…

កម្ពុជា និងម៉ាល់ឌីវ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍កាន់តែស៊ីជម្រៅ

ព័ត៌មាន
កម្ពុជា-ម៉ាល់ឌីវ បាននិងកំពុងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍កាន់តែស៊ីជម្រៅ ដោយប្រមុខដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានចុះហ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ