តើការកំណត់ប្រាក់ឈ្នួលអប្បរមានៅកម្ពុជា គេវាយតម្លៃលើកត្តាអ្វីខ្លះ?


ប្រាក់ឈ្នួលគោលអប្បបរមារបស់កម្មករនិយោជិត នៃវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា ត្រូវបានកំណត់ថា អាចខ្ពស់ជាង ឫស្មើ តែមិនអាចទាបជាងកម្រិតប្រាក់ឈ្នួលអប្បបរមាដាច់ខាត ហើយប្រាក់ឈ្នួលអប្បបរមា ក៏មិនមែនជាប្រាក់ឈ្នួលសរុបរបស់កម្មករនិយោជិតដែរ ដ្បិតប្រាក់ឈ្នួលសរុបមានសមាសធាតុរួមផ្សំជាច្រើន។ សមាសធាតុរួមផ្សំនេះហើយ បានធ្វើឱ្យកម្មករនិយោជិតម្នាក់ៗអាចទទួលបានប្រាក់ឈ្នួលសរុបជាមធ្យមចំនួន២៧៥ដុល្លារអាមេរិកក្នុង១ខែ ឫ៣,៣០០ដុល្លារក្នុង១ឆ្នាំ។
តើការកំណត់ប្រាក់ឈ្នួលអប្បរមានៅកម្ពុជា គេវាយតម្លៃលើកត្តាអ្វីខ្លះ?
ដោយ

គួរបញ្ជាក់ថា ប្រាក់ឈ្នួលអប្បរមារបស់កម្មករ និយោជិតនៅឆ្នាំ២០២២ មានចំនួន២០០ដុល្លារអាមេរិកក្នុងមួយខែ។

ការកំណត់ប្រាក់ឈ្នួលអប្បរមាជូនកម្មករ និយោជិតក្នុងវិស័យវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរសម្រាប់ឆ្នាំ២០២៤ មិនទាន់អាចលេចចេញជាតួលេចជាក់លាក់នៅឡើយទេ បើទោះបីភាគីតំណាង់រាជរដ្ឋាភិបាល ភាគីតំណាង់និយោជក និងភាគីតំណាងនិយោជិតបានជួបពិភាក្សាគ្នាកន្លងមកជាច្រើនលើកហើយក្តី។ តែយ៉ាងណាដំណើរការចរចាប្រាក់ឈ្នួលអប្បរមាសម្រាប់ឆ្នាំ២០២៤ ត្រូវបានភាគីរាជរដ្ឋាភិបាលកំណត់ធ្វើយ៉ាងណាឲ្យបានរួចរាលត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ខណៈរាជរដ្ឋាភិបាលដាក់កំហិតឲ្យក្រសួងការងារចរចា និងកំណត់ប្រាក់ឈ្នួលបានរួចរាល់នៅត្រឹមមុនបុណ្យភ្ជុំបិណ្ឌ។ តើការកំណត់ប្រាក់ឈ្នូលអប្បរមា ត្រូវផ្អែកលើការវិនិច្ឆ័យលើកត្តាអ្វី?

បើតាមការអះអាងរបស់សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា ការកំណត់ប្រាក់ឈ្នួលអប្បរមាជូនកម្មករកម្មការិនីក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ គឺផ្អែកលើយន្តការ និងលក្ខណៈវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ចច្បាស់លាស់។ ក្នុងនោះលក្ខណៈវិនិច្ឆ័យបែបសង្គម គឺគេពិនិត្យ និងវាយតម្លៃទៅលើស្ថានភាពគ្រួសា, អត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ។ ចំណែកលក្ខណៈវិនិច្ឆ័យបែបសេដ្ឋកិច្ច គឺគេផ្អែកទៅលើផលិតភាពការងារ, ភាពប្រកួតប្រជែងរបស់ប្រទេស, បម្រែបម្រួលនៃទីផ្សារការងារ និងកម្រិតនៃប្រាក់ចំណេញរបស់វិស័យឯកជន។

សមាគមខាងលើបានសង្កត់ធ្ងន់ថា ប្រាក់ឈ្នួលគោល និងប្រាក់ឈ្នួលអប្បបរមាត្រូវបានបែងចែកផ្សេងពីគ្នា ក្នុងនោះប្រាក់ឈ្នួលអប្បបរមាមិនមែនជាប្រាក់ឈ្នួលសរុបរបស់កម្មករនិយោជិតនោះឡើយ ពោលគឺប្រាក់ឈ្នួលសរុបរបស់កម្មករ និយោជិតត្រូវបានបូកបន្ថែមជាប្រាក់អត្ថប្រយោជន៍ជាច្រើនបន្ថែមទៀត។ ចំណែកប្រាក់ឈ្នួលគោលអាចខ្ពស់ជាង ឬស្មើ តែមិនអាចទាបជាងកម្រិតប្រាក់ឈ្នួលអប្បរមានោះទេ។

បើតាមការវាយតម្លៃរបស់សមាគមខាងលើ បូកទាំងប្រាក់ឧបត្ថម្ភ ប្រាក់ថ្លៃធ្វើដំណើរ ស្នាក់នៅ ហូបចុក ប្រាក់អតីតភាងការងារ ប្រាក់ថែមម៉ោងនិងប្រាក់ឧបត្ថម្ភផ្សេងៗកម្មករនិយោជិតម្នាក់ៗបច្ចុប្បន្ននេះអាចទទួលបានប្រាក់ឈ្នួលសរុបជាមធ្យម២៧៥ដុល្លារអាមេរិកក្នុង១ខែ ឫ ៣,៣០០ដុល្លារក្នុង១ឆ្នាំ។ បន្ថែមពីលើនេះ កម្មករនិយោជិត ក៏ទទួលបាននូវប្រាក់បំណាច់អតីតភាពការងារចំនួន៥% បន្ថែមទៀតនូវរៀងរាល់៦ខែម្តង។ ហើយនៅក្នុងពេលធ្វើការ កម្មករនិយោជិតទាំងអស់ទទួលបាននូវការធានារ៉ាប់រងគ្រោះថ្នាក់ការងារ និងការធានារ៉ាប់រងសុខភាព ហើយនៅពេលដល់អាយុចូលនិវត្តន៍ កម្មករនិយោជិតទាំងអស់ ក៏នឹងទទួលបាននូវប្រាក់សោធនផងដែរ។

សូមបញ្ជាក់ថា ការចរចាលើប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា សម្រាប់ឆ្នាំ២០២៤ មិនទាន់លេចចេញជារូបរាងនៅឡើយទេ ពោលគឺស្ថិតក្នុងជំហរតឹងតែងរៀងៗខ្លួន ក្នុងភាគីសហជីពបន្តទាមទារការដំឡើង១៥ដុល្លារបន្ថែមលើប្រាក់ឈ្នួលចាស់២០០ដុល្លារ ហើយភាគីនិយោជកមិនអាចដំឡើងលើសពី១ដុល្លារពីលើប្រាក់ឈ្នួលចាស់៕

អត្ថបទ ៖ បូ ដូឡា




អត្ថបទបន្ទាប់


ឥណ្ឌានឹងត្រូវភ្ជាប់ទៅប្រទេសមួយចំនួននៅតំបន់មជ្ឈិមបូព៌ាតាមរយៈរថភ្លើង និងច្រកសមុទ្រ

មន្ត្រីក្រសួងការបរទេសឥណ្ឌាបាននិយាយកាលពីថ្ងៃចន្ទថា ឥណ្ឌានឹងត្រូវបានតភ្ជាប់ទៅកាន់ប្រទេសមួយចំនួននៅតំបន់មជ្ឈិមបូព៌ាតាមរយៈគម្រោងផ្លូវដែកមជ្ឈិមប…

អ្នកឧកញ៉ា ម៉ុង ឬទ្ធី ជឿជាក់ថា អ្នកចិញ្ចឹមជ្រូកជាច្រើនអាចប្រឈមនឹងក្ស័យធន បើតម្លៃជ្រូកក្នុងស្រុកបន្តធ្លាក់ចុះ

តម្លៃជ្រូករស់ក្នុងស្រុកធ្លាក់ថ្លៃខ្លាំង នៅតែជាបញ្ហាចាក់ស្រេះមិនទាន់អាចដោះស្រាយបានរហូតមកទល់ពេលនេះ។ តួយ៉ាងតាមការអះអាងរបស់អ្នកឧកញ៉ា ម៉ុង ឬ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ