សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានចាត់ទុកការរៀបចំពិធីអបអរសាទរខួប២០ឆ្នាំ នៃការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោករបស់កម្ពុជា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលបានឆ្លុះបញ្ចាំងពីចក្ខុវិស័យ និងការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ថ្នាក់ដឹកនាំកម្ពុជានាពេលកន្លងមក និងជាការរំលេចនូវសមិទ្ធផលនានា ដែលកើតចេញពីរបត់ប្រវត្តិសាស្ត្រដ៏សំខាន់របស់កម្ពុជា ដែលបានខិតខំប្រឹងប្រែងធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលមានអង្គការពាណិជ្ជកម្មពិភពលោកជាស្នូល។
សម្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត ទន្ទឹមនឹងការដាក់គោលដៅពង្រីកទីផ្សារនៃការធ្វើពាណិជ្ជកម្មឱ្យកាន់តែធំ កម្ពុជាក៏ត្រូរពង្រឹងខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនឱ្យស្របតាមស្តង់ដារអន្តរជាតិផងដែរ។ លើសពីនេះ ស្របពេលដែលទីផ្សារពិភពលោកកាន់តែមានភាពប្រកួតប្រជែងខ្លាំងនាពេលបច្ចុប្បន្ន សម្តេចធិបតី ជំរុញឱ្យវិស័យរដ្ឋ និងឯកជនត្រូវពង្រឹង និងអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនឱ្យតាមការរីកចម្រើនរបស់ពិភពលោក តាមរយៈប្រើប្រាស់បច្ចេកវិទ្យា និងស្តង់ដាផ្សេង ដើម្បីបំពេញតម្រូវការទីផ្សារ។
ជាមួយគ្នានេះ ដើម្បីជំរុញឱ្យវិស័យពាណិជ្ជកម្មកម្ពុជាកាន់តែមានភាពរីកចម្រើន និងមានភាពប្រកួតប្រជែងនោះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលការណ៍ស្វែងរកច្រកទីផ្សារនាំចេញថ្មីៗ ដោយជំរុញការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីបន្ថែមទៀត ដើម្បីពង្រីកទីផ្សារឱ្យមានលក្ខណៈកាត់តែទូលំទូលាយ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវយន្តការនានាក្នុងការជំរុញការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ក៏ដូចជាកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលគាំទ្រ និងសម្រួលដល់ការជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មផងដែរ។
សម្តេចធីបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដែរថា បច្ចុប្បន្នកម្ពុជាកំពុងរៀបចំយុទ្ធសាស្ត្រនានា ដើម្បីត្រៀមចាកចេញពីប្រទេសមានការអភិវឌ្ឍតិចតួច ដែលមានគោលដៅកាត់បន្ថយ ឬលុបបំបាត់ផលប៉ះពាល់អវិជ្ជមាន ដែលកើតចេញពីការបាត់បង់ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងវិធានការជំនួយអន្តរជាតិនានា ក៏ដូចជាការធានាបាននូវចីរភាពនៃការអភិវឌ្ឍ ក្រោយការចាកចេញនៅឆ្នាំ២០២៩ ខាងមុខ។
សូមបញ្ជាក់ថា កម្ពុជាបានចូលជាសមាជិកជាផ្លូវការរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤ ដោយបានក្លាយជាសមាជិកទី១៤៨ ហើយបច្ចុប្បន្ននេះ អង្គការ WTO មានសមាជិកចំនួន១៦៦ប្រទេស រួមទាំងប្រទេសទីម័រឡេស្តេរ និងកូម៉ូរ៉ូស ដែលទើបបានចូលជាសមាជិកពេញសិទ្ធិនៅក្នុងឆ្នាំ២០២៤ នេះផងដែរ៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ