ភោជនីយដ្ឋាន

អ្នក​ជំនាញ​ទេសចរណ៍៖ វិស័យ​ភោជនីយ​ដ្ឋាន​នៅ​តែ​មាន​សក្ដានុពល​ទីផ្សារ តែ​ទាមទារ​ឲ្យ​មាន​ស្ដង់ដារ


នៅមួយ​រយៈ​ចុង​ក្រោយ​នេះ ទោះ​បី​​ភោជនីយដ្ឋាន​តូច​ធំ​ត្រូវ​បាន​បង្កើត​ឡើង​​ជា​​ច្រើន​​បន្ត​កន្ទុយ​គ្នា​ក៏​ដោយ ប៉ុន្ដែ អ្នក​ជំនាញ​ក្នុង​វិស័យ​ទេសចរណ៍ បាន​អះអាង​ថា វិស័យ​នេះ​នៅតែ​មាន​សក្ដានុពល​ទីផ្សារ ដែល​អ្នក​រកស៊ី​ក្នុង​ស្រុក​ទាំង​អស់​គួរ​គិតគូរ​វិនិយោគ​បន្ថែម ប៉ុន្ដែ ត្រូវ​គិតគូរ​ឲ្យ​បាន​ជាក់លាក់​លើ​ស្ដង់ដារ​គុណភាព។
ភោជនីយ​ដ្ឋាន G7 Sin Ma Claypot Live Frog ដែល​ជា​យីហោ​មាន​ប្រភព​ដើម​ពី​សាំងហ្គាពួរ ដែល​ទើប​បើក​នៅ​រាជ​ធានី​ភ្នំពេញ។
ដោយ

ទោះ​បី​ជា​ចំនួន​ភោជនីយដ្ឋាន​ដែល​បាន​ចុះ​បញ្ជី​ត្រឹមត្រូវ​នៅ​កម្ពុជា មាន​រាប់​ពាន់​ភោជនីយដ្ឋាន​និង​មាន​ភោជនីយដ្ឋាន​មិន​បាន​ចុះ​បញ្ជី​រាប់​ពាន់​ផ្សេង​ទៀត ត្រូវ​បាន​បង្កើត​ឡើង​ជា​បន្ត​បន្ទាប់​ក៏​ដោយ​ក្ដី ប៉ុន្ដែ បើ​តាម​អ្នក​ជំនាញ​ក្នុង​វិស័យ​ទេសចរណ៍ បាន​អះអាង​ថា វិស័យ​មួយ​នេះ​នៅ​តែ​មាន​សក្ដានុពល។ មាន​សក្ដានុពល ព្រោះ​ថា កំណើន​ទេសចរ​នៅតែ​មាន​ការ​កើន​ឡើង​ជា​រៀងរាល់​ឆ្នាំ។ យ៉ាង​ណា​ក៏​ដោយ ភោជនីយដ្ឋាន​ទាំង​នោះ ចាំបាច់​ត្រូវ​មាន​ស្ដង់ដារ​គុណភាព អនាម័យ និង​សេវាកម្ម​ល្អ ទើប​អាច​ប្រកួត​ប្រជែង​ទីផ្សារ​បាន។

បើ​តាម​របាយការណ៍​ក្រសួង​ទេសចរណ៍ បាន​ឲ្យ​ដឹង​ថា គិត​មក​ទល់​ដើម​ឆ្នាំ​២០១៨​នេះ ក្រសួង​ទេសចរណ៍​បាន​ផ្ដល់​អាជ្ញាប័ណ្ណ​ប្រកប​អាជីវកម្ម​ដល់​ភោជនីយ​ដ្ឋាន​ជាង ២​ពាន់​ភោជនីយ​ដ្ឋាន​ហើយ នៅ​ទូទាំង​ប្រទេស ហើយ​ភោជនីយដ្ឋាន​ទាំង​នោះ មិន​ត្រឹមតែ​បម្រើ​សេវាកម្ម​ជូន​ដល់​ប្រជាជន​ក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ តែ​ក៏​បាន​បម្រើ​ដល់​ទេសចរ​បរទេស ប្រមាណ ៥​លាន​នាក់​ដែល​បាន​ធ្វើ​ដំណើរ​មក​កាន់​កម្ពុជា​ក្នុង​មួយ​ឆ្នាំៗ​ផង​ដែរ។

លោកស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទេសចរណ៍​កម្ពុជា បាន​លើក​ឡើង​ថា វិស័យ​ភោជនីយ​ដ្ឋាន​ត្រូវ​បាន​មើល​ឃើញ​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​​មួយ សម្រាប់​គាំទ្រ​ដល់​កំណើន​​សេដ្ឋកិច្ច តាម​រយៈ​ការ​បង់​ពន្ធ​ជូន​រដ្ឋ និង​ផ្ដល់​ការងារ​ជា​ច្រើន​សម្រាប់​ពលរដ្ឋ​ខ្មែរ។ មិន​តែ​ប៉ុណ្ណោះ វិស័យ​នេះ​ក៏​ជា​ផ្នែក​​មួយ​​ជំរុញ​ដល់​ការ​លូតលាស់​នៃ​វិស័យ​ទេសចរណ៍​ផង​ដែរ ហើយ​​បច្ចុប្បន្ន វា​ក៏​នៅតែ​មាន​សក្ដានុពល​ខ្ពស់ ពិសេស នៅ​តាម​តំបន់​ដែល​ជា​ទិសដៅ​ទេសចរណ៍​សំខាន់ៗ ខណៈ​ដែល​កំណើន​ភ្ញៀវ​ទេសចរ ដែល​បាន​ចូល​មក​កម្ពុជា បាន​និង​កំពុង​មាន​កាន់តែ​ច្រើន​ឡើង​ជា​លំដាប់។ 

លោកស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទេសចរណ៍​កម្ពុជា។

លោកស្រី​បន្ថែម​ថា បច្ចុប្បន្ន ភោជនីយដ្ឋាន​ស្ដង់ដារ​ដែល​ជា​ប្រភេទ​ភោជនីយដ្ឋាន​បែប ហាឡាល់ សម្រាប់​អ្នក​កាន់​សាសនា​អ៊ីស្លាម គឺ​នៅ​មាន​សក្ដានុពល​ទីផ្សារ​ធំ​ណាស់ ខណៈ​ដែល​អ្នក​បើក​ភោជនីយដ្ឋាន​នេះ​នៅ​មាន​តិចតួច​នៅឡើយ។ 

ប្រធាន​សមាគមទេសចរណ៍​រូប​នេះ បាន​គូស​បញ្ជាក់​ថា បច្ចុប្បន្ន កំណើន​នៃ​ភ្ញៀវ​ទេសចរ​ដែល​មក​ពី​ប្រទេស​ប៉ែក​អារ៉ាប់ កំពុង​មាន​និន្នាការ​ចូល​មក​ទស្សនា​កម្ពុជា​កាន់​តែ​ច្រើន ដូច្នេះ ភោជនីយ​ដ្ឋាន​ប្រភេទ​នេះ ចាំបាច់​បំផុត​សម្រាប់​បម្រើ​ដល់​ពួកគេ ខណៈ​ដែល​ទេសចរ​មក​ពី​អារ៉ាប់ ច្រើន​ចំណាយ​លុយ​ច្រើន​សម្រាប់​ការ​ធ្វើ​ដំណើរ​កម្សាន្ដ និង​មក​ជា​លក្ខណៈ​គ្រួសារ។ ក្នុង​នាម​ជា​ប្រតិបត្តិករ​ទេសចរណ៍ លោកស្រី​សង្ឃឹម​ថា នឹង​មាន​អ្នក​វិនិយោគ​លើ​ភោជនីយដ្ឋាន​ហាឡាល់​នេះ កាន់​តែ​ច្រើន ដើម្បី​ជា​ភាព​ទាក់ទាញ​មួយ​ដល់​ភ្ញៀវ​ទេសចរ​មក​ពី​បណ្ដា​ប្រទេស​អ្នក​មាន​ទាំង​នោះ។

លោកស្រី ឆាយ ស៊ីវលីន បាន​គូស​បញ្ជាក់​ទៀត​ថា ដ្បិត​ថា​ បច្ចុប្បន្ន ចំនួន​ភោជនីយដ្ឋាន​មាន​ច្រើន​ក៏​ពិត​មែន ប៉ុន្ដែ ភោជនីយដ្ឋាន​ដែល​មាន​គុណភាព​និង​សេវាកម្ម​បែប​ស្ដង់ដារ នៅ​មិន​ទាន់​មាន​ច្រើន​នៅ​ឡើយ​ទេ តួយ៉ាង នៅ​រាជ​ធានី​ភ្នំពេញ មាន​ប្រមាណ​តែ ៥០ ទៅ ៦០% ប៉ុណ្ណោះ ខណៈ​ដែល​ភោជនីយដ្ឋាន​ស្ដង់ដារ នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន នៅ​មាន​តិច​តួច​នៅ​ឡើយ និង​ខេត្ត​ខ្លះ​ទៀត​មិន​ទាន់​មាន​តែ​ម្ដង។

លោក តាំង ខុន នាយក​គ្រប់គ្រង​ទូទៅ​ភោជនីយ​ដ្ឋាន G7 Sin Ma Claypot Live Frog។

លោក តាំង ខុន នាយក​គ្រប់គ្រង​ទូទៅ​ភោជនីយ​ដ្ឋាន G7 Sin Ma Claypot Live Frog ដែល​ជា​យីហោ​មាន​ប្រភព​ដើម​ពី​សាំងហ្គាពួរ បាន​លើក​ឡើង​ដែរ​ថា ប្រជាពលរដ្ឋ​ខ្មែរ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ មាន​ការ​យល់​ដឹង និង​ឲ្យ​តម្លៃ​លើ​ការ​ទទួល​ទាន​ចំណី​អាហារ​ដែល​មាន​គុណភាព​កាន់​តែ​ខ្លាំង​ឡើងៗ ពិសេស ភោជនីយ​ដ្ឋាន​ស្ដង់ដារ​តែ​ម្ដង។ ដូច្នេះ​ហើយ ទើប​ធ្វើ​ឲ្យ​យីហោ​ភោជនីយ​ដ្ឋាន​​ល្បីៗ ទាំង​ក្នុង​ស្រុក និង​មក​ពី​ក្រៅ​ស្រុក បាន​បើក​ឡើង​បន្ត​កន្ទុយ​គ្នា​ជា​បន្ត​បន្ទាប់។ លោក​បន្ថែម​ថា អំណាច​នៃ​ការ​ចាយ​វាយ​លើ​ម្ហូប​អាហារ​ដែល​មាន​គុណភាព​ខ្ពស់ បាន​ស​បញ្ជាក់​ឲ្យ​ឃើញ​ពី​ការ​លូត​លាស់​នៃ​សេដ្ឋកិច្ច​ក្នុង​ប្រទេស ក៏ដូចជា កំណើន​ជីវភាព​របស់​ប្រជាជន​ផង​ដែរ។

បើ​តាម​ការ​អះអាង​ពី​នាយក​គ្រប់គ្រង​ទូទៅ​ដដែល​នេះ បាន​គូស​បញ្ជាក់​ដែរ​ថា ភោជនីយដ្ឋាន G7 របស់​លោក​ក៏​គ្រោង​នឹង​ពង្រីក​សាខា​បន្ថែម​ទៀត​នៅ​រាជ​ធានី​ភ្នំពេញ និង​បន្ត​ពង្រីក​ទៅ​ខេត្ត​ដែល​ជា​ទិសដៅ​ទេសចរណ៍​ផ្សេង​ទៀត ដូចជា ខេត្ត​ព្រះសីហនុ និង​សៀមរាប ជាដើម ខណៈ​ដែល​បច្ចុប្បន្ន ភោជនីយដ្ឋាន​នេះ​ទើបតែ​មាន ២​សាខា​ប៉ុណ្ណោះ។ 

យោង​តាម​របាយការណ៍​ក្រសួង​ទេសចរណ៍ ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​សរុប ជាង ៥​លាន​៦​សែន​នាក់ បាន​ចូល​មក​ទស្សនា​កម្ពុជា​ក្នុង​ឆ្នាំ​២០១៧ ពោល​គឺ​បាន​កើន​ឡើង​ជាង ១១​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៦ ក្នុង​នោះ ភ្ញៀវ​ទេសចរ​បរទេស​ដែល​នាំ​មុខ​គឺ ជា​ជន​ជាតិ​ចិន មាន​ជាង ១​លាន​នាក់ ខណៈ​ដែល​ត្រឹម​ឆ្នាំ​២០២០ កម្ពុជា​រំពឹង​ថា នឹង​ទាញ​យក​ទេសចរ​បរទេស​ឲ្យ​បាន ៧​លាន​នាក់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សណ្ឋាគារ​ InterContinental សម្រេច​ប្តូរ​ឈ្មោះ​ថ្មី​ហើយ ក្រោយ​ពី​បាន​ដំណើរការ​២០​ឆ្នាំ​នៅ​កម្ពុជា!

ព័ត៌មាន
ចាប់​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ​ត​ទៅ សណ្ឋាគារ InterContinental ឬ​គេនិយម​ហៅ​ថា អ៊ីធើខន នឹង​ត្រូវ​ប្តូរ​ឈ្មោះ​ទៅ​ជា The Great Duke …

មុនទិញទំនិញ ផ្នត់គំនិត​អ្នកមាន គេមិនគិតពីតម្លៃទេ តែគេគិតពីគុណភាព

ព័ត៌មាន
«លំដាប់អ្នកមានមែនទែន គេលែងគិតពីតម្លៃប៉ុន្មានហើយ ប៉ុន្តែ គេគិតពីផលិតផលល្អ និង មានគុណភាព ដែលមិនប៉ះពាល់ដល់សុខភាព»។ នេះជាការលើកឡើងរបស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ