នាឱកាសអញ្ជើញចូលរួមពិធីប្រគល់ប្រាក់រង្វាន់ជូនកីឡាការិនី អ៊ុក ស្រីមុំ កាលពីថ្ងៃទី ៥ ខែមករា សម្ដេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំនៃកម្ពុជា បានគូសបញ្ជាក់ថា គោលបំណងនៃការធ្វើដំណើររបស់សម្ដេច ទៅកាន់ប្រទេសមីយ៉ាន់ម៉ា មិនចាកឆ្ងាយអំពីកុងសង់ស៊ីសទាំង ៥ចំណុច ដែលបានឯកភាពគ្នា នៅឯទីក្រុងហ្សាកាតា កាលពី ខែមេសា ឆ្នាំ២០២១ នោះទេ។ សម្ដេចក៏បានសង្កត់ធ្ងន់ថា សម្ដេចមិនបានដាក់លក្ខខណ្ឌជាមុននោះទេ ក្នុងការជជែកពិភាក្សា ក្នុងការបំពេញដំណើរទស្សនកិច្ចនេះ ដោយសម្ដេចបានចោទជាសំនួរថា តើពលរដ្ឋមីយ៉ាន់ម៉ា ចង់ឱ្យប្រទេសធ្លាក់ក្នុងសង្គ្រាមស៊ីវិលពិតប្រាកដ ឬត្រូវដោះស្រាយ?
ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ទៀតថា គោលបំណងដែលសម្ដេចធ្វើដំណើរដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា មិនចង់បានអ្វីនោះទេ ក្រៅពីមានបំណងជួយសម្រួលនូវសភាពការណ៍ទាំងឡាយដែលកំពុងកើតមានក្នុងប្រទេសអាស៊ានមួយនេះ ក្នុងនាមកម្ពុជា ជាប្រធានអាស៊ាន នៅឆ្នាំ២០២២នេះ។ សម្ដេចបានសង្កត់ធ្ងន់ដូច្នេះ សភាពការណ៍នៅមីយ៉ាន់ម៉ា វាមិនសាមញ្ញនោះទេ ដូច្នេះ ក៏ត្រូវប្រើវិធានការមិនសាមញ្ញដែរ ហើយចំណុចសំខាន់របស់កុងសង់ស៊ីស គឺការអត់ធ្មត់ និងបញ្ឈប់អំពើហិង្សា ស្របពេលដែលប្រទេសនេះ កំពុងជួបនូវវិបត្តិនយោបាយយ៉ាងធ្ងន់ធ្ងរ។
យ៉ាងណាក៏ដោយ សម្ដេច ហ៊ុន សែន បានគូសបញ្ជាក់ថា អ្វីៗគឺស្ថិតក្នុងដែនសមត្ថកិច្ចរបស់ប្រទេសមីយ៉ាន់ម៉ា ដោយផ្ទាល់ ខណៈដែលប្រទេសជាតំបន់អាស៊ានគ្រាន់តែជួយសម្រួលប៉ុណ្ណោះ។ ក្នុងន័យនេះ សម្ដេចចង់បង្ហាញថា បណ្ដាប្រទេសទាំងអស់ក្នុងតំបន់អាស៊ាន មានសិទ្ធិនឹងដឹងបាន ហើយសម្ដេចក៏មិនធ្វើឱ្យខុសគោលការណ៍របស់អាស៊ាន និងកុងសង់ស៊ីសទាំង៥ចំណុចនោះដែរ ហើយកម្ពុជា មានបទពិសោធន៍ផ្ទាល់ក្នុងការដោះស្រាយបញ្ហានេះ។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីដោះស្រាយបញ្ហា នយោបាយ អាកាសធាតុ សង្គម វប្បធម៌ និងជំងឺឆ្លង ផ្សេងៗ។ ក្នុងនោះ កម្ពុជា គឺជាប្រធានបន្តវេនពីប្រទេសប្រុយណេ ដើម្បីដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន នៅឆ្នាំ២០២២នេះ៕