យ៉ាងណាមិញ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយជាមួយនឹងអេមីរ៉ាតអារ៉ាប់រួម ដែលកម្ពុជាគ្រោងនឹងធ្វើការចរចានេះ គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី សំដៅពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ជាពិសេសវិនិយោគ និងពាណិជ្ជកម្ម ឌីជីថលូបនីយកម្ម និងវិស័យសំខាន់ៗផ្សេងៗ ឲ្យកាន់តែល្អប្រសើរថែមទៀត។ នេះបើយោងតាមក្រសួងពាណិជ្ជកម្មកម្ពុជា។
ក្នុងកិច្ចប្រជុំអន្តរក្រសួង ដើម្បីត្រៀមលក្ខណៈចូលរួមនៅក្នុងពិធីសម្ភោធ និងការចាប់ផ្តើមចរចាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (Comprehensive Economic Partnership Agreement - CEPA) រវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម នាថ្ងៃទី ៥ខែតុលា លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ អំពីទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិនិយោគ រវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ក៏ដូចជាអត្ថប្រយោជន៍ និងកាលានុវត្តន៍ភាពសម្រាប់វិស័យសំខាន់ៗទាំងនេះ នៃកិច្ចព្រមព្រៀង CEPA រវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម។ លោកជំទាវ តឹករ៉េត កំរង បន្ថែមថា កិច្ចព្រមព្រៀង CEPA រវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី សំដៅពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ជាពិសេសវិនិយោគ និងពាណិជ្ជកម្ម ឌីជីថលូបនីយកម្ម និងវិស័យសំខាន់ៗផ្សេងទៀត ឲ្យកាន់តែល្អប្រសើរថែមទៀត។
បើតាម ឯកឧត្តម ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា រដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសទាំងពីរ នឹងជួបប្រជុំបើកការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម នៅសប្ដាហ៍ទី៤ នៃខែតុលា ឆ្នាំ២០២២ នេះ ហើយចំពោះរយៈពេលចរចានេះដែរ គឺមិនទាន់អាចប៉ាន់ប្រមាណបាននៅឡើយទេ។ ឯកឧត្តម បន្ថែមថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (CEPA) វាមានភាពគ្រប់ជ្រុងជ្រោយជាងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដោយគ្របដណ្ដប់វិស័យមួយចំនួន ដូចជា វិនិយោគ, សេវាកម្ម, កិច្ចសម្រួលពាណិជ្ជកម្ម, កិច្ចសហប្រតិបត្តិការផ្នែកគយ, ការប្រកួតប្រជែង និងកម្មសិទ្ធិបញ្ញាជាដើម។
ឯកឧត្តម ស៊ាង ថៃ បានបញ្ជាក់បន្ថែមថា ការចរចាបង្កើតកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាត់អារ៉ាប់រួមនាពេលខាងមុខ កម្ពុជាសង្ឃឹមថា នឹងបានទីផ្សារទូលំទូលាយជាងក្រោមក្របខណ្ឌ WTO។ លើសពីនេះ ទំនិញសក្ដានុពលរបស់កម្ពុជានឹងអាចនាំចេញទៅកាន់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម និងជាពិសេសទៅទីផ្សារតំបន់ MINA បានប្រសើរជាង ព្រមទាំងទាក់ទាញវិនិយោគិនពីតំបន់នោះទៀតផងដែរ៕