
ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានគូសបញ្ជាក់ប្រាប់ខេមបូណូមីសថា នៅក្នុងត្រីមាសទី១ឆ្នាំ២០២៤ កម្ពុជាផលិតអំបិលបានជាង៥ម៉ឺនតោន មានការកើនឡើងខ្ពស់គួរសមបើធៀបនឹងការផលិតក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានប្រមាណជាង២ម៉ឺនតោន។ ទិន្នផលអំបិលមានការកើនឡើងខ្ពស់នេះត្រូវបានមន្ត្រីជាន់ខ្ពស់រូបនេះអះអាងថា ដោយសារឆ្នាំនេះមានភាពអំណោយផលខ្លាំងពីអាកាសធាតុ។ ក្នុងចំណោមទិន្នផលទាំងនេះ ក្នុងនោះខេត្តកំពត ផលិអំបិលបានចំនួនជាង៤ម៉ឺន៦ពាន់តោន និងបានលក់ចេញជាង១ម៉ឺន៣ពាន់តោន ខណៈខេត្តកែប ផលិតបានជាង៦ពាន់៥រយតោន និងបានលក់ចេញជាង១ពាន់តោន។

យ៉ាងណាមិញ បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ហេង សុខគង់ បច្ចុប្បន្នរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កំពុងជំរុញឱ្យមានការរៀបចំចងក្រងសហគមន៍អំបិលនៅក្នុងខេត្តទាំងពីរឱ្យលេចចេញរូបរាង ដើម្បីពង្រឹង និងលើកកម្ពស់គុណភាពអំបិលរបស់កម្ពុជាឱ្យស្របតាមស្តង់ដាប្រើប្រាស់របស់ប្រជាពលរដ្ឋ ក៏ដូចជាស្របតាមការបញ្ជាទិញរបស់ទីផ្សារអន្តរជាតិ។
សូមបញ្ជាក់ថា អំបិលកម្ពុជា ត្រូវបានចុះក្នុងបញ្ជីជាផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រ (GI) កាលពីឆ្នាំ២០២៣ កន្លងទៅ។ បើតាមទិន្នន័យពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងខេត្តកំពត មានផ្ទៃដីស្រែអំបិលចំនួន២,៦៤០ហិកតា និងខេត្តកែប មានផ្ទៃដីស្រែអំបិលចំនួន៣៥១ហិកតា។ នៅក្នុងឆ្នាំ២០២៣ កន្លងទៅ កម្ពុជាផលិតអំបិលបានចំនួនជាង៧ម៉ឺន៩ពាន់តោន និងនៅសល់បន្ទាប់ពីការប្រើប្រាស់រួចចំនួនជាង១ម៉ឺន៧ពាន់តោន៕
អត្ថបទ៖ បូ ដូឡា