ក្រុមអ្នកជំនាញទេសចរណ៍អះអាងថា ដើម្បីអាចសម្រេចទៅបានតាមការរំពឹងទុកនេះ ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវមានផែនការច្បាស់លាស់ក្នុងការទាក់ទាញភ្ញៀវទេសចរ និងត្រូវពង្រឹងគុណភាពសេវាកម្ម និងតម្លៃផលិតផលទេសចរណ៍ឱ្យបានល្អប្រសើរ ជាពិសេសត្រូវផ្តល់នូវសុខសុវត្ថិភាព និងផាសុខភាពដល់ភ្ញៀវទេសចរផងដែរ។
ឯកឧត្តម តុប សុភ័ក្រ អ្នកនាំពាក្យក្រសួងទេសចរណ៍ បានចាត់ទុកស្ថានភាពវិស័យទេសចរណ៍កម្ពុជាបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលនៃការងើបឡើងវិញ ដ្បិតថា បញ្ហាវិបត្តិសេដ្ឋកិច្ច និងបញ្ហាសង្រ្គាម ដែលនៅបន្តកើតមាននាពេលនេះ បានជះឥទ្ធិពលដល់វិស័យទេសចរណ៍ពិភពលោកនិងកម្ពុជាផងដែរ។ បើតាមឯកឧត្តម នៅពេញមួយឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណជាង៥លាននាក់កើនឡើងជិត១៥០% បើធៀបនឹងឆ្នាំ២០២២ និងថយចុះប្រមាណជិត២០% បើធៀបនឹងមុនមានវិវបត្តិកូវីដ-១៩។ ទោះជាយ៉ាងណា អ្នកនាំពាក្យរូបនេះរំពឹងថា ចន្តរភ្ញៀវទេសចអន្តរដែលកម្ពុជាទទួលបាននៅក្នុងឆ្នាំ២០២៤នេះ នឹងអាចសម្រេចបានដូចទៅនឹងមុនពេលមានវិបត្តិកូវីដ១៩។
ជុំវិញបញ្ហានេះ លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា បានគូសបញ្ជាក់ថា ស្ថានភាពភ្ញៀវទេសចរអន្តរជាតិ ដែលចូលមកកម្ពុជានៅក្នុងឆ្នាំ២០២៣ គឺពិតជាមានចំនួនច្រើនជាងឆ្នាំ២០២២ ពិតមែន បើទោះបីភ្ញៀវមួយចំនួនមិនបានចំណាយពេលវេលាច្រើននៅក្នុងកម្ពុជាក្តី។ តែយ៉ាងណា សម្រាប់ប្រតិបត្តិករក្នុងវិស័យទេសចរណ៍មួយចំនួននៅតែមិនទាន់ពេញចិត្តចំពោះស្ថានភាពទេសចរណ៍កម្ពុជាបច្ចុប្បន្ននេះនោះទេ។លោក ហូ វណ្ឌី គូសបញ្ជាក់ថា សម្រាប់ក្តីរំពឹងទទួលបានទេសចរអន្តរជាតិដូចមុនមានវិបត្តិកូវីដ-១៩ នោះ គឺអាចសម្រេចទៅបានលុះត្រាតែ ក្រសួងស្ថានប័នពាក់ព័ន្ធ និងវិស័យឯកជនត្រូវសហការគ្នាក្នុងការរៀបចំផែនការឱ្យបានច្បាស់លាស់ក្នុងការទាក់ទាញភ្ញៀវទេសចរបន្ថែម។ ហើយការពង្រឹងនូវសន្តិសុខសុវត្ថិភាព និងផាសុខភាពជូនដល់ភ្ញៀវទេសចរក៏ជាកត្តាសំខាន់ផងដែរ។ មួយវិញទៀត ដើម្បីធ្វើឱ្យវិស័យទេសចរណ៍កម្ពុជាអាចងើបឡើងវិញបានឆាប់រហ័សនោះ ប្រជាពលរដ្ឋគួរចៀសវាងនូវការផ្សព្វផ្សាយនូវរូបភាពអវិជ្ជមានផ្សេងៗនៅលើបណ្តាញសង្គម។ ហើយតាមរយៈការបង្កើតនូវអាកាសយាន្តដ្ឋានអន្តរជាតិ និងតំបន់ទេសចរណ៍ថ្មីៗជាដើមនោះ អ្នកជំនាញរូបនេះជឿជាក់ថា ក៏ជាឱកាសសម្រាប់ទាក់ទាញភ្ញៀវទេសចរផងដែរ។
ជាមួយគ្នានេះលោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីបាស៊ីហ្វិកកម្ពុជា យល់ឃើញថា ជុំវិញស្ថានភាពវិស័យទេសចរណ៍កម្ពុជា នៅឆ្នាំ២០២៤នេះ នៅតែមិនទាន់អាចវាយតម្លៃបានថា នឹងអាចត្រឡប់ដូចមុនពេលកូវីដ-១៩ វិញឬយ៉ាងណានោះទេ ដ្បិតថា ស្ថានភាពពិភពលោកបច្ចុប្បន្ននៅតែប្រឈមមុខនឹងបញ្ហាជាច្រើនទាក់ទងនឹងបញ្ហាភូមិសាស្រ្តនយោបាយអន្តរជាតិ បញ្ហាសេដ្ឋកិច្ចសកល និងបញ្ហាគ្រោះធម្មជាតិមួយចំនួនទៀតជាដើម។
សូមជម្រាបថា កាលមុនពេលមានវិបត្តិកូវីដ១៩ ពោលគឺនៅពេញមួយឆ្នាំ២០១៩ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួនប្រមាណ៦លាន៦សែននាក់៕