
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានចាត់ទុកការដឹកជញ្ជូនតាមផ្លូវអាកាស ជាផលិតកម្មយុទ្ធសាស្ត្រមួយដ៏សំខាន់ នៃដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតាមរយៈការជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនទំនិញក្នុងរយៈពេលខ្លី និងសុវត្ថិភាពខ្ពស់ ការជំរុញសកម្មភាពពាណិជ្ជកម្ម និងទេសចរណ៍ ការលើកកម្ពស់ទំនាក់ទំនងសង្គម និងជួយបង្កើនចំណូលថវិកាជាតិ។ បើតាមការបញ្ជាក់របស់សម្តេចធិបតី នៅក្នុងឆ្នាំ២០២៥ កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិចំនួន៣១ ដែលកំពុងហោះហើរចេញ-ចូលកម្ពុជា គិតជាមធ្យមមានជើងហោះហើរទ្វេទិសចំនួន១ពាន់៣រយ២៤ជើងក្នុងមួយសប្តាហ៍មានការកើនឡើងជាង៦០ជើងក្នុងមួយសប្តាហ៍ បើធៀបនឹងចុងឆ្នាំ២០២៤។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានវាយតម្លៃថា ក្រោមកិច្ចសហការ និងការជំរុញបើកចំហជើងមេឃកម្ពុជា ក្នុងការទទួលយកភ្ញៀវជាតិ អន្តរជាតិ និងអ្នកធុរកិច្ចមកកាន់កម្ពុជាកាន់តែសកម្ម និងប្រទាក់ក្រឡាជាមួយចក្ខុវិស័យវែងឆ្ងាយរបស់ជាតិ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបន្តពង្រីក និងលើកកម្ពស់បន្ថែមជើងហោះហើរត្រង់មកកម្ពុជា ដែលជាលទ្ធផលថ្មីសម្រេចបាន គឺជើងហោះហើរ តួកីអ៊ែរឡាញ ដែលនឹងបើកការហោះហើរពីទីក្រុងអ៊ីស្តង់ប៊ូលមកកាន់រាជធានីភ្នំពេញនៅចុងឆ្នាំ២០២៥នេះ និងជើងហោះហើរ អ៊ែរមឺរ៉េត អ៊ែរឡាញ ក៏បានជំរុញនិងពង្រីកការហោះហើរមកកម្ពុជាពីទីក្រុងឌូបៃមកកាន់ខេត្តសៀមរាបនាពាក់កណ្តាលឆ្នាំ២០២៥នេះ។ យ៉ាងណាមិញ ក្នុងឆ្នាំ២០២៥ នេះ កម្ពុជាក៏រំពឹង ទទួលបានក្រុមហ៊ុនអាកាសចរណ៍ថ្មីដូចជា ក្រុមហ៊ុនអាកាសចរណ៍ Indigo Airlines ពីប្រទេសឥណ្ឌា, Etihad Airways ពីប្រទេសអេមីរ៉េតអារ៉ាប់រួម និង Turkish Airlines ពីប្រទេសតួកគី ព្រមទាំងការពង្រីកជើងហោះហើរថ្មីបន្ថែមរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates Airlines ពីប្រទេសអេមីរ៉េតអារ៉ាប់រួម ទៅកាន់ខេត្តសៀមរាបផងដែរ។
គួរជម្រាបថា ក្នុងឆ្នាំ២០២៤ កន្លងទៅ ការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជាសម្រេចបានការដឹកជញ្ជូនអ្នកដំណើរសរុបចំនួន៦,២លាននាក់ កើនឡើងប្រមាណ២២% និងទទួលបានជើងហោះហើរសរុបចំនួនជាង៥ម៉ឺន៨ពាន់ជើង កើនឡើងប្រមាណ១៤% និងការដឹកទំនិញតាមផ្លូវអាកាសមានចំនួន ជាង៧ម៉ឺន៧ពាន់តោនកើនឡើងប្រមាណ៤០% ធៀបនឹងឆ្នាំ២០២៣។ តែយ៉ាងណា ការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសរបស់កម្ពុជានៅឆ្នាំ២០២៤ សម្រេចបានប្រមាណ៥៧% នៃការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសនៅឆ្នាំ២០១៩ មុនពេលមានវិបត្តិជំងឺកូវីដ-១៩ប៉ុណ្ណោះ៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ